
បាតុករប្រមាណ១ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅផ្លូវមួយកន្លែងក្បែរ វិមានជ័យជំនះថៃ ក្នុងគោលបំណងដើរតវ៉ា សំដៅទៅវិមានរដ្ឋាភិបាលជាកន្លែងលោកប្រាយុទ្ធធ្វើការ។ ប៉ុន្តែ ក្បួនរបស់បាតុករត្រូវបានស្ទាក់ និងរារាំងដោយ ទូកុងតេនឺរធំៗ ជាមួយនឹងរនាំងដែក ដែលក្រុមប៉ូលីសបង្ក្រាបបាតុករថៃបានដាក់ស្ទាក់ចាំរួចជាច្រើន។
ប៉ូលិសបានបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហួរទឹកភ្នែកលើបាតុករដើម្បីបំបែកពួកគេពីការប្រមូលផ្តុំ ប៉ុន្តែជាការឆ្លើយតប បាតុករបានគប់ដបសាំង ដុំថ្ម បាញ់ជំពាម និងដុតរថយន្តប៉ូលិសថៃអស់មួយគ្រឿងផងដែរ។ បើតាមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ថៃឈ្មោះ អេរ៉ាវ៉ាន់ បានឲ្យដឹងថា យ៉ាងហោចណាស់មាន បាតុករពីរនាក់ និងប៉ូលិសបង្ក្រាបបាតុករ៣នាក់ រងរបួសនិងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។
គួរជម្រាបថា មិនមានអ្វីខុសប្លែកពីបាតុកកម្មនៅប៉ុន្មានសប្តាហ៍មុននោះទេ កម្មវត្ថុរបស់ក្រុមបាតុករថៃ គឺទាមទារឲ្យរដ្ឋាភិបាលកែប្រែវិធីសាស្ត្រក្នុងការចាត់ចែង វិធានការទប់ស្កាត់កូវីដ១៩។ បាតុករថៃ ចង់ឲ្យរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចារ ទិញថ្នាំបង្ការគុណភាពខ្ពស់ ដូចជា Pfizer ឬ Moderna ដែលពួកគេយល់ថា ល្អជាងវ៉ាក់សាំង Sinovac។
ទន្ទឹមនឹងនេះ ក្រុមបាតុករថៃបានសម្ដែងការមិនពេញចិត្ត និងធ្វើការប្រឆាំងបន្ថែមទៀត ជុំវិញសំណុំរឿង ដែលរដ្ឋាភិបាលថៃប្រើប្រាស់ច្បាប់ ស្ដីពីការ «ជេរប្រមាថព្រះមហាក្សត្រ» ដើម្បីគាបសង្កត់ និងបំបិទសំឡេងរបស់ពួកគេ។

សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់ក្រុមបាតុករថៃដូច្នេះ ធ្វើឡើងស្របពេល ដែលចំនួនបាតុករដែលត្រូវបានគេចោទប្រកាន់ និងផ្តន្ទាទោសដាក់ពិន័យ និងដាក់ពន្ធនាគារ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ បានកើនឡើងដល់ជាង ១០០នាក់ហើយ ចាប់តាំងពីចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល និងរបបរាជានិយមនៅប្រទេសថៃ បានកក្រើកឡើងកាលពីឆ្នាំមុន។ នេះបើតាមតួលេខដែលបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រចាំនៅប្រទេសថៃ។

គួររំឭកថា ចលនាបាតុកម្មនៅប្រទេសថៃផ្តើមកក្រើកឡើងដំបូងកាលពីដើមឆ្នាំ ២០២០ ប៉ុន្តែគ្រានោះ បាតុករមិនទាន់ប្រឆាំងនឹងចំណាត់ការទប់ស្កាត់កូវីដ១៩របស់រដ្ឋាភិបាលថៃនោះទេ ដោយហេតុថាកាលពីឆ្នាំមុន ថៃមិនទាន់ផុងខ្លួនក្នុងវិបត្តិកូវីដដូចបច្ចុប្បន្នឡើយ។ កាលនោះ បាតុករបានគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ គ្រាន់តែទាមទារឲ្យលោកប្រយុទ្ធចុះចេញពីតំណែង បូករួមការប្រឆាំងនឹងច្បាប់ស្ដីពីការ«ជេរប្រមាថព្រះមហាក្សត្រ» ប៉ុណ្ណោះ៕