តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation បានឲ្យដឹងថា តួរលេខនៃការលក់រថយន្តប្រើប្រេងឥន្ធនៈរបស់ក្រុមហ៊ុនធំៗដែលមានទីផ្សារល្អនៅក្នុងប្រទេសថៃសុទ្ធតែ បង្ហាញពីការធ្លាក់ចុះនៅឆមាសទីមួយនៃឆ្នាំ២០២៣ នេះ ប៉ុន្តែ សម្រាប់ស្ថិតិនៃការលក់របស់ក្រុមហ៊ុននាំចូលរថយន្តអគ្គីសនី គឺមានការកើនឡើងខ្លាំងតែម្តង ។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុន តូយូតា បានឈរនៅលើកំពូលតារាងដោយពីខែមករា ដល់ខែមិថុនា អាចលក់បានរថយន្តសរុបប្រមាណជិត ១៣ម៉ឺន៧ពាន់គ្រឿង ប៉ុន្តែបើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២២គឺ ធ្លាក់ចុះជិត៤ភាគរយ ។
ដោយឡែក ក្រុមហ៊ុន អ៊ីស៊ុយហ្ស៊ុយ ដែលកំពុងតែកាន់កាប់ចំណាត់ថ្នាក់លេខ២នៃចំណែកទីផ្សាររថយន្តនៅថៃគឺលក់បានត្រឹមតែជាង ៨៦.០០០គ្រឿងទេ គឺធ្លាក់ចុះរហូតដល់ទៅជិត ២២ភាគរយ ។
ក្រៅពីនេះ សហព័ន្ធឧស្សាហកម្មថៃបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តភីកអាប់ទម្ងន់មួយតោនទាំងអស់ រាប់តាំងពីតូយ៉ូតា អ៊ីស៊ុហ្ស៊ុយ នីសាន់ និងមីស៊ុយប៊ីស៊ី គឺសុទ្ធតែធ្លាក់ចុះ ។
ស្ថានភាពនៃទីផ្សារដែលរៀបរាប់អម្បាញមិញ នេះគឺសុទ្ធសឹងតែជាស្ថានភាពនៃទីផ្សាររថយន្ត ប្រើប្រាសប្រេងឥន្ធនៈ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលលក់រថយន្តអគ្គីសនីវិញ គឺមានការកើនឡើង ។
ក្រុមហ៊ុន Great Wall Motor ដែលជាក្រុមហ៊ុននាំចូលរថយន្តអគ្គីសនី បានអះអាងថា នៅឆមាសទី១នៃឆ្នាំ២០២៣ ខ្លួនអាចមានសមត្ថភាពលក់រថយន្តសរុបចំនួន ៦.២២២ គ្រឿង កើនឡើងដល់ទៅ ១៩ ភាគរយ ។
លោក ណារ៉ុង ស្រ៊ីតាឡាយុន (Narong Sritalayon) នាយកគ្រប់គ្រងក្រុមហ៊ុន Great Wall Motor Thailand បាននិយាយថា ការកើនឡើងនៃការលក់នេះឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើរថយន្ត អគ្គីសនី របស់ចិន។
ដោយឃើញសក្តានុពេលបែបនេះ លោក ណារ៉ុង បានបន្ថែមថា ក្រុមហ៊ុន Great Wall Motor គ្រោងនឹងបង្ហាញរថយន្តអគ្គីសនី ចំនួន ៩ ម៉ូដែលបន្ថែមទៀតក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Rever Automotive Ltd ដែលជាក្រុមហ៊ុននាំចូលរថយន្តអគ្គីសនី BYD ពីប្រទេសចិន បាននិយាយថា BYD មានរថយន្តអគ្គីសនី ដែលបានចុះបញ្ជីច្រើនជាងគេនៅក្នុងប្រទេសថៃនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
លោកបានអះអាងថា នៅពេលនេះរថយន្តអគ្គីសនី BYD កំពុងនាំមុខទីផ្សារ ដោយអាចលក់បានរហូតដល់ទៅជាង ១១ ០០០ គ្រឿង ហើយនៅក្នុងឆ្នាំ២០២៤ ខាងមុខ នៅពេលដែល រោងចក្រតម្លើងរថយន្តរបស់ខ្លួនកសាងរួចនៅខេត្ត រ៉ាយ៉ង ក្រុមហ៊ុនអាចនឹងផ្គត់ផ្គង់ រថយន្តអគ្គីសនីសរុបចំនួន ១៥០ ០០០ គ្រឿង នៅក្នុងមួយឆ្នាំ ៕
ដោយៈ សរ សុជាតិ