ថៃ-សិង្ហបុរី

ថៃ និងសិង្ហបុរីចាប់ផ្ដើមដំណើរគម្រោងស្ថាបនាព្រលានយន្ដហោះឡើងវិញ បន្ទាប់ពីកូវីដ១៩ស្ងប់ស្ងាត់


គម្រោងស្ថាបនាសាងសង់អាកាសយានដ្ឋានកំពុងដំណើរការឡើងវិញនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលតម្រូវការសម្រាប់ជើងហោះហើរអ្នកដំណើរ និងដឹកជញ្ជូនទំនិញក៏បានងើបឡើងវិញខ្លាំងគួរឲ្យគត់សម្គាល់ដូចគ្នាដែរនៅមួយរយៈចុងក្រោយនេះ ពោលគឺក្រោយពីជំងឺរាតត្បាតកូវីដ១៩ហាក់មានភាពធូរស្បើយជាងមុន។
ថៃ និងសិង្ហបុរីចាប់ផ្ដើមដំណើរគម្រោងស្ថាបនាព្រលានយន្ដហោះឡើងវិញ
ដោយ

ក្នុងនោះដែរ ប្រទេសថៃ កំពុងពន្លឿន​​គម្រោងពង្រីកព្រលានយន្ដហោះរបស់ខ្លួន​ចំនួន៣ ខណៈដែល​ការសាងសង់ស្ថាននីយអ្នកដំណើរ​ថ្មីរបស់​ព្រលានយន្ដហោះនៅសិង្ហបុរី​ក៏បាន​ដំណើរការឡើងវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។

ប្រទេស​ថៃបាននឹង​កំពុង​ពន្លឿន​ផែនការ​ពង្រីក​នៅ​អាកាសយានដ្ឋាន​ក្នុង​តំបន់​បាងកក​ចំនួន​បីរបស់ខ្លួន ​គឺអាកាសយានដ្ឋាន​សុវណ្ណភូមិ (Suvarnabhumi) ដុនមឿង (Don Mueang) និង​យូ តាប៉ាវ (U-Tapao)​។ អ្នកនាំពាក្យម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រដ្ឋាភិបាលថៃ​កំពុងសម្លឹងមើលការកើនឡើងនៃអ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ ដែលរំពឹងទុក​នៅក្នុងរដូវកាល​ដ៏មមាញឹកនាពេលខាងមុខនេះ។

គម្រោងធំជាច្រើនកំពុងដំណើរការនៅ​អាកាសយានដ្ឋានសុវណ្ណភូមិ ដែលជាច្រកទ្វារអន្តរជាតិ​ដ៏សំខាន់របស់ប្រទេសថៃ។ ហើយផ្លូវរត់យន្ដហោះ ទីបីក្នុងអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់នៅឆ្នាំនេះ ហើយរាជរដ្ឋាភិបាលថៃគ្រោងនឹងស្នើសុំការដេ​ញថ្លៃនៅឆ្នាំក្រោយ សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ​ថ្មីមួយទៀត ដែលការបន្ថែម​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​ឱ្យ​អាកាសយានដ្ឋាន​នេះ​​ អាច​ទទួល​អ្នក​ដំណើរ​ដល់ទៅ ១២០លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក​ ភីផាត់ រចឆាគីត ប្រាកាន បាន​បង្ហាញក្ដីរំពឹងខ្ពស់ថា វត្តមានចូលរួម​កិច្ចប្រជុំ​កំពូល Apec នៅទីក្រុងបាងកករបស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអាចជួយ​ឲ្យ​ប្រទេសថៃ នឹងទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ដល់ទៅ​១២លាននាក់ នៅឆ្នាំ គឺនឹងកើនលើស​គោលដៅកំណត់ ១០លាននាក់​របស់​រាជរដ្ឋាភិបាល​ទៅទៀត។

ដោយឡែក នៅប្រទេសសិង្ហបុរីឯណោះវិញ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានប្រកាសកាលពីខែសីហាកន្លងទៅថា ប្រតិបត្តិការនឹង​ចាប់ផ្តើមឡើងវិញ​ចំពោះគម្រោង​ស្ថានីយអ្នកដំណើរទី៥ថ្មីនៃអាកាសយានដ្ឋានឆាងហ្គី (Changi)។ គម្រោងនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដោយវានឹងជួយជំរុញសមត្ថភាពអាកាសយានដ្ឋាន Changi ឲ្យទទួលអ្នកដំណើរដល់ ១៤០ លាននាក់ក្នុងមួយឆ្នាំ កើនឡើង៦៥% បើធៀបមុននឹងការឆ្លងកូវីដ១៩។

ទាំងនេះគឺជាផ្នែកមួយនៃការជំរុញការពង្រីកព្រលានយន្តយ៉ាងទូលំទូលាយជុំវិញតំបន់ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត និងការជំរុញឧស្សាហកម្មទេសចរណ៍ និងតាមរយៈការជំរុញសេដ្ឋកិច្ចពីគម្រោងសាងសង់ផងដែរ។

គួរជម្រាបដែរថា បើយោងតាមក្រុមហ៊ុន Fitch Solutions ប្រទេសសេដ្ឋកិច្ចអាស៊ីធំៗចំនួនប្រាំបីកំពុងវិនិយោគទឹកប្រាក់ចំនួន ១៦៤ ពាន់លានដុល្លារ ក្នុងគម្រោងព្រលានយន្តហោះ​ ហើយហ្វីលីពីន និង​វៀតណាម កំពុង​មាន​ប្រៀប​​ជាង​ចិន​ដីគោក​ ដោយប្រទេសទាំងពីរនេះ មាន​ការ​ចំណាយ​ចំនួនជាង ៤៤ ពាន់​លាន​ដុល្លារ ខណៈដែលចិនដីគោក​មានការចំណាយតែជាង ២៣ ពាន់​លាន​ដុល្លារដុល្លារប៉ុណ្ណោះ លើការអភិវឌ្ឍព្រលានយន្ដហោះនេះ៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានជិត៨លាននាក់នៅត្រឹមឆ្នាំ២០២៨

កម្ពុជារំពឹងថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ជាមួយនឹងការរំពឹងអាចស្រូបទាញភ្ញៀវទ…

ក្រុមអ្នកចិញ្ចឹមសត្វ៖ ទីផ្សារជ្រូករស់ក្នុងស្រុកនឹងប្រសើរឡើង បើកម្ពុជាពិតជាអាចនាំចេញសត្វនិងផលិតផលសត្វទៅទីផ្សារចិន

អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មកម្ពុជាបានប្រាប់ដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដាក់ពាក្យស្នើសុំមកអគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ