គម្រោងរៀបចំកញ្ចប់ថវិកា ដើម្បីពង្រីកអាកាសយានដ្ឋាននេះ ត្រូវឆ្លងគណៈរដ្ឋមន្ត្រីដើម្បីអនុម័តឆាប់ៗនេះ ហើយទឹកប្រាក់ជាង ១.២០០ លានដុល្លារនេះ នឹងត្រូវប្រើប្រាស់លើការពង្រីកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលគម្រោងនេះធ្លាប់បានពន្យាពេលជាយូរឆ្នាំមកហើយ។
ក្រុមហ៊ុនអាកាសចរណ៍ថៃ រំពឹងថា អាកាសយានដ្ឋានសុវណ្ណភូមិ ដែលបានពង្រីករួច នឹងមានសមត្ថភាពកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះងើបដ៏មហិមានៃវិស័យទេសចរណ៍ក្នុងប្រទេសមួយនេះ ខណៈដែលនៅឆ្នាំ ២០១៨នេះ គេរំពឹងថា អាកាសយានដ្ឋានដ៏ធំមួយនេះ នឹងទទួលអ្នកដំណើរឆ្លងកាត់ ៦៥លាននាក់ និង៦៨លាននាក់នៅឆ្នាំ ២០១៩ខាងមុខ។
តាមរយៈអាកាសយានដ្ឋានធំៗទាំងបីរបស់ថៃ គឺ សុវណ្ណភូមិ, ដនមឿង និង U-Tapao នឹងមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ២០០លាននាក់ ក្នុងមួយឆ្នាំ នៅពេលដែលគម្រោងពង្រីកសមត្ថភាពអាកាសយាននីមួយៗ ត្រូវបានបញ្ចប់រួចរាល់។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីវិស័យដឹកជញ្ជូនរបស់ថៃ។
បើមិនមានអ្វីប្រែប្រួលទេនោះ គេរំពឹងថា ការពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ របស់ថៃ នឹងត្រូវចាប់ផ្ដើមឡើងនៅឆ្នាំក្រោយនេះ និងបញ្ចប់នៅឆ្នាំ ២០២១។
ព្រលានយន្ដហោះ សុវណ្ណភូមិ ត្រូវបានបើកដំណើរការតាំងពីឆ្នាំ ២០០៦ ដែលមានផ្ទៃដី ៣២លានម៉ែត្រការ៉េ និងត្រូវបានគេចាត់ចំណាត់ថ្នាក់ថា ជាព្រលានយន្ដហោះធំជាងគេ និងមមាញឹកជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
សូមជម្រាបថា កន្លងទៅ៥ខែឆ្នាំនេះ ចំណូលក្នុងវិស័យទេសចរណ៍របស់ថៃ មានសរុបប្រមាណ ១,២ទ្រីលានបាត ឬស្មើនឹងប្រមាណជាង ៣៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៦% ក្នុងនោះមានជាង ២៤ពាន់លានដុល្លារអាមេរិកបានមកពី ភ្ញៀវទេសចរបរទេស និងជាង ១០ពាន់លានដុល្លារផ្សេងទៀត បានមកពីទេសចរក្នុងស្រុក។
សម្រាប់ឆ្នាំ ២០១៨នេះ ថៃសង្ឃឹមថា នឹងមានកំណើនភ្ញៀវទេសចរកើនឡើង ១០% ស្មើនឹងចំនួនភ្ញៀវទេសចរកើនឡើងដល់ចន្លោះពី ៣៧ ទៅ៣៨ លាននាក់។ ដោយឡែក នៅក្នុងខែ ឧសភា កន្លងទៅនេះ កំណើនទេសចរចូលមកកម្សាន្ដក្នុងប្រទេសថៃ មានការថយចុះជាងមុន ពោលគឺនៅរក្សាកំណើនត្រឹមតែ៦% ប៉ុណ្ណោះ ធៀបនឹងខែមុនមានកំណើន ១០% ដោយសារតែខែនេះជារដូវ Ramadan របស់ជនជាតិឥស្លាម ខណៈដែលរដូវ World Cup ក៏ជាផ្នែកមួយធ្វើឲ្យទេសចរថយចុះដែរ។ នេះបើតាមការអះអាងមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ៕