បើតាមប្រភពពីក្រសួងហិរញ្ញវត្ថុថៃបានអះអាងនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ថា អ្នកធ្វើដំណើរកម្សាន្ដដែលមានសិទ្ធិទទួលបានកញ្ចប់ប្រាក់ជំរុញទេសចរណ៍ក្នុងស្រុកនេះ ចំនួន ៣.០០០បាត ឬស្មើនឹងប្រមាណ ជាង ៩៥ ដុល្លារអាមេរិកនេះ គឺតាមការកាត់កងជាមួយនឹងម្ចាស់អាជីវកម្ម ដែលពួកគេបានជាវផលិតផល ឬសេវាកម្ម ប៉ុន្ដែការទូទាត់នេះ អាចធ្វើឡើងតែជាមួយសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូរសហការជាមួយរដ្ឋតែប៉ុណ្ណោះ។ មានន័យថា បើពួកគាត់ចំណាយ អស់ ២០០ ដុល្លារសម្រាប់ការធ្វើដំណើរកម្សាន្ដ ពួកគាត់នឹងត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនតែ ១០៥ ដុល្លារប៉ុណ្ណោះជាង ៩៥ ដុល្លារទៀត គឺរដ្ឋជាអ្នកចេញថ្លៃជំនួស។
គម្រោងនេះ នឹងតម្រូវឲ្យសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវមកចុះឈ្មោះ ជាមួយនឹងភ្នាក់ងាររបស់រដ្ឋ ខណៈដែលពលរដ្ឋដែលជាអ្នកធ្វើដំណើរកម្សាន្ដ គឺមិនចាំបាច់ចុះឈ្មោះទេ ពោលគឺ ពួកគេអាចទទួលបានការផ្ដល់ជូនប្រាក់ឧបត្ថម្ភ ជាង ៩៥ ដុល្លារអាមេរិកនោះ ដោយស្វ័យប្រវត្តិ នៅពេលពួកគេទូទាត់ការចំណាយជាមួយប្រតិបត្តិករទេសចរណ៍ដែលបានសហការជាមួយរដ្ឋ។
ទោះយ៉ាងណា ពលរដ្ឋដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរកម្សាន្ដនេះ ចាំបាច់ត្រូវតែចំណាយលើការស្នាក់នៅសណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធ ដែលនៅខេត្តផ្សេង ពីខេត្តដែលពួកគេកំពុងរស់នៅ។
ការដាក់ចេញនូវគម្រោងជំរុញទេសចរណ៍ក្នុងស្រុកនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋចេញធ្វើដំណើរកម្សាន្ដ និងចំណាយទៅក្នុងលំហូរសេដ្ឋកិច្ច។
ក្រសួងហិរញ្ញវត្ថុថៃ កំពុងពិចារណាកំណត់ពីចំនួនពលរដ្ឋដែលនឹងទទួលបានប្រាក់ឧបត្ថម្ភនេះ ទោះយ៉ាងណាគេចង់បានក្នុងចំនួនកាន់តែច្រើនកាន់តែល្អ។ លើសពីនេះ ក្រសួងក៏កំពុងតែសិក្សាថា នឹងផ្ដល់ជូនប្រាក់ខ្លះត្រឡប់ទៅឲ្យទេសចរវិញ បើពួកគាត់ចំណាយលើសពីអ្វីដែលរដ្ឋឧបត្ថម្ភផងដែរ ពោលបើពួកគាត់ចំណាយលើសពីជាង ៩៥ដុល្លារ ដែលរដ្ឋផ្ដល់ជូននេះ ពួកគាត់អាចនឹងទទួលបានប្រាក់ត្រឡប់មកវិញ ១០% ឬ ២០% នៃប្រាក់ដែលពួកគាត់បានចំណាយនោះ។
ក្រសួងហិរញ្ញវត្ថុថៃ អះអាងថា ការផ្ដល់ប្រាក់ឧបត្ថម្ភ គឺជាមធ្យោបាយមានប្រសិទ្ធភាពបំផុត ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។
ប្រភពព័ត៌មានបន្ថែមទៀតថា រាជរដ្ឋាភិបាលថៃ ត្រៀមការបែងចែកថវិកាប្រមាណជិត១៣ ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារសេដ្ឋកិច្ច និងធ្វើឲ្យផែនការប្រសើរឡើងវិញ ក្រោមការខ្ចីប្រាក់ ប្រមាណជិត ៣២ ពាន់លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាក់ជាមូលនិធិគម្រោងជំរុញទេសចរណ៍ក្នុងស្រុក។ ជាមួយគ្នានេះ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ មិនគួរត្រូវបានប្រើប្រាស់ខុសគោលដៅនោះទេ ដោយលុយទាំងនេះ ត្រូវចំណាយដើម្បីជួយឲ្យវិស័យទេសចរណ៍រស់ឡើងវិញ រួមទាំងជួយដល់សណ្ឋាគារ ភោជនីយដ្ឋាន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរព្រោះតែកូវីដ-១៩ផងដែរ។
កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះ រំពឹងថានឹងជួយឲ្យសេដ្ឋកិច្ចថៃ មានភាពអណ្ដែតងើបឡើងវិញ បន្ទាប់ពីបាននិងកំពុងលេចលង់ព្រោះតែវិបត្តិកូវីដ-១៩។ ហើយក្នុងនោះ វិស័យទេសចរណ៍ មានចំនួនជាង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។
លោក ឡាវ៉ារុន សាងស្នីត អគ្គនាយកការិយាល័យគោលយោបាយសារពើរពន្ធ បានបញ្ជាក់ថា វិធានការជំរុញសេដ្ឋកិច្ចនេះ នឹងអាចដាក់ចេញនៅខែក្រោយ ដើម្បីរក្សាសន្ទុះចំណាយបន្ទាប់ពីក្នុងខែនេះ រដ្ឋបានផ្ដល់ជូនប្រមាណជិត ១៦០ ដុល្លារអាមេរិកទៅឲ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរងផលប៉ះពាល់ព្រោះតែកូវីដ-១៩៕