បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ លោក ភិឆ័យ ណារីបថាផាន់ (Pichai Naripthaphan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ថៃ ប្តេជ្ញាចាត់វិធានការគ្រប់យ៉ាងតាមផ្លូវច្បាប់ក្នុងការទប់ស្កាត់ការហូរចូលទំនិញដូចទឹកបាក់ទំនប់ពីចិន ដើម្បីជួយលើកកម្ពស់អាជីវកម្មក្នុងស្រុក ដែលកំពុងរងការគំរាមកំហែងពីបញ្ហានេះ។ រដ្ឋមន្ត្រីរូបនេះ អះអាងថា ក្រសួងពាណិជ្ជកម្មថៃ នឹងពន្លឿនការងារដោះស្រាយលើបញ្ហាសំខាន់ៗ ដែលជាផលប៉ះពាល់ជាក់ស្តែងរបស់សាធារណជន រួមទាំងការកើនឡើងតម្លៃទំនិញ និងការហូរចូលផលិតផលចិន តម្លៃថោកៗ ដែលទំនិញមួយចំនួនមិនបំពេញតាមស្តង់ដាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃ ត្រូវតែអនុវត្តច្បាប់ឱ្យតឹងរ៉ឹង រួមទាំងបញ្ហាទាក់ទងនឹងការកំណត់ពន្ធផ្សេងៗ ដូចជា ពន្ធលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូលសាជីវកម្ម និងពន្ធគយជាដើម។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញរបស់ថៃ ក៏នឹងពង្រឹងយន្តការត្រួតពិនិត្យលើគុណភាពនៃទំនិញនាំចូលផងដែរ ដើម្បីធានាថា ពួកគេមានវិញ្ញាបនបត្រពីស្ថាប័នផ្សេងៗដូចជា វិទ្យាស្ថានស្តង់ដាឧស្សាហកម្មថៃ និងរដ្ឋបាលចំណីអាហារ និងឱសថថៃ ជាដើម។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មថៃ ក៏នឹងពង្រឹងច្បាប់ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងការពារអ្នកប្រើប្រាស់ផងដែរ ដោយតម្រូវឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកបរទេសចុះបញ្ជី និងបង្កើតនីតិបុគ្គលនៅក្នុងប្រទេសថៃ។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថានទូតចិន ប្រចាំប្រទេសថៃ បានចេញមកអះអាងថា ជិត ៨០% នៃការនាំចេញរបស់ចិន មកកាន់ប្រទេសថៃ គឺជាទំនិញដែលមានដើមទុនមធ្យម ពោលគឺជាទំនិញមានសារសំខាន់សម្រាប់ផលិតកម្មក្នុងស្រុក និងបំពេញឱ្យការនាំចេញរបស់ថៃ ខណៈដែលទំនិញចិន តម្លៃថោកៗ ដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនយ៉ាងច្រើននោះ ភាគច្រើន រួមមាន ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ផលិតផលសុខភាព គ្រឿងសម្លៀកបំពាក់ជាដើម តែវាមានចំណែកមិនដល់១០%នោះទេ នៃការនាំចេញសរុបរបស់ចិន មកកាន់ប្រទេសថៃ។
ទោះបីប្រទេសថៃ ប្រឈមមុខនឹងការហូរចូលទំនិញមានតម្លៃថោកៗដ៏ច្រើនពីប្រទេសចិន ក៏ដោយ ក៏ប្រជាជនថៃ ភាគច្រើន នៅតែបង្ហាញនូវមោទនភាពចំពោះម៉ាកយីហោក្នុងស្រុក។ តាមការស្ទង់មតិរបស់ក្រុមហ៊ុន VML Thailand ដែលជាភ្នាក់ងារទីផ្សារ និងទំនាក់ទំនងនៅប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃ ភាគច្រើន សុខចិត្តចំណាយប្រាក់កាន់តែច្រើន ដើម្បីគាំទ្រម៉ាកយីហោក្នុងស្រុក ខណៈជាង៩០% មានមោទនភាពដែលឃើញម៉ាកយីហោថៃ នៅលើទីផ្សារអន្តរជាតិ៕
ដោយៈ សរ សុជាតិ