ចិនថ្កោលទោសមេដឹកនាំកោះតៃវ៉ាន់

ចិនថ្កោលទោសការលើកឡើងរបស់មេដឹកនាំកោះតៃវ៉ាន់ថា «នឹងមិនឱនក្បាលដាក់ចិនឡើយ»


មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេននៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានចេញមកប្រកាសក្តែងៗប្រាប់ទៅពិភពលោក និងជាពិសេសប្រាប់ទៅកាន់ក្រុងប៉េកាំងថា កោះតៃវ៉ាន់នឹងមិនចុះញ៉មក្រោមសម្ពាធក្រុងប៉េកាំងនៅឡើយ ដោយមិនលះបង់អធិបតេយ្យភាពរបស់ខ្លួនជាដាច់ខាត។ ភ្លាមៗភាគីចិន បានចេញមុខមកថ្កោលទោសការថ្លែងរបស់មេដឹកនាំតៃវ៉ាន់រូបនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន

នៅ​ក្នុង​សុន្ទរកថា​មួយ​នា​ថ្ងៃអាទិត្យ​ទី​១០​ខែតុលា មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី សៃ អ៊ី​ង​វេន បាន​និយាយ​ថា ក្រុង​តៃប៉ិ នឹង​មិន​ចុះ​ញ៉ម​ចំពោះ​ការ​ព្រមាន និង​គំរាមកំហែង​របស់​ចិន​ឡើយ ហើយ​កោះ​តៃវ៉ាន់​នឹង​នៅ​តែ​បន្ត​ការពារ ការ​រស់នៅ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន​។ សុន្ទរកថា របស់​លោកស្រី អ៊ី​ង​វេន ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​របស់​ខ្លួន និង​នៅ​មិនយូរ​ប៉ុន្មាន ក្រោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត ថា​នឹង​បង្រួបបង្រួម​តៃវ៉ាន់​ជា​ចិន​តែ​មួយ​ឲ្យ​បាន ដោយ​សន្តិវិធី​។

ជាមួយនឹង​ប្រជាជន​ប្រមាណ​២៣​លាន​នាក់ កោះ​តៃវ៉ាន់​តែង​ត្រូវ​បាន​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​ចាត់​ទុក ជា​ខេត្ត​មួយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ខណៈ​ពលរដ្ឋ​និង​កោះ​តៃវ៉ាន់​ទាំងមូល​ជា​រឿយ​ៗ​តែង​មានការ​គម្រាមកំហែង​ពី​ប្រទេស​ចិន ទាំង​ដោយ​ពាក្យ​សំដី និង​ការ​បញ្ជូន​យន្តហោះ ចម្បាំង​ឲ្យ​មក​ឆ្វែល​ក្បែរ​ដែនអាកាស​តៃវ៉ាន់​ថែម​ទៀត​ផង​។

ជាក់ស្តែង​នៅ​ពេញ​មួ​យស​ប្តា​ហ៍​ដើមខែ​តុលា​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​យ៉ាង​ហោច​ណាស់​យន្តហោះ​ចម្បាំង​ចិន​ជិត​១៥០​គ្រឿង រួម​មាន​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង​នោះ បាន​បង្ហាញខ្លួន​ក្បែរ​តៃវ៉ាន់​។

ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​កោះ​តៃវ៉ាន់​ដដែល​កាលពី​ថ្ងៃអាទិត្យ លោកស្រី​សៃ អ៊ី​ង​វេន បាន​ថ្លែង​ចំ​ៗ​ថា​៖ ដរាបណា​តៃវ៉ាន់​កាន់តែ​រីក​ចម្រើន សម្រេច​បាន​ផ្លែ​ថ្កា​កាន់តែ​ច្រើន តៃវ៉ាន់​នឹង​កាន់តែ​ប្រឈម​នឹង​សម្ពាធ និង​ការ​គម្រាមកំហែង​កាន់តែ​ខ្លាំង​ពី​ប្រទេស​ចិន​។ យ៉ាងណាមិញ​លោកស្រី សង្ឃឹមថា នឹង​មាន​ភាព​ធូរស្រាល​នៃ​ទំនាក់ទំនង ពិសេស​តំបន់​ឆ្លងកាត់​ច្រក​សមុទ្រ ហើយ​តៃវ៉ាន់​នឹង​មិន​ធ្វើ​សកម្មភាព​ណាមួយ​ឆ្លើយ​តប ដោយ​ប្រញាប់ប្រញាល់​ឡើយ​។

ភ្លាម​ៗ​ក្រោយ​ការ​លើក​ឡើង​ទាំងនេះ រដ្ឋាភិបាល​ចិន បាន​មក​ថ្កោលទោស​សុន្ទរកថា របស់​មេដឹកនាំ​របស់​កោះ​តៃវ៉ាន់ ដោយ​សំអាង​ថា វា​ជា​ការ​ញុះញង់ ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង និង​ជា​ការ​បំភ្លៃ​ការ​ពិត​។ ក្រុង​ប៉េ​កាំ​ង បាន​បន្ត​ថា ការ​ព្យាយាម​ស្វែងរក​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់ នឹង​ឈាន​ទៅ​បិទទ្វារ​ចរចា និង​សន្ទនា​រវាង​ភាគី​ទាំង​ពីរ​។

សូម​ជម្រាប​ថា ភាព​តានតឹង​រវាង​ក្រុង​ប៉េ​កាំ​ង និង​តៃប៉ិ បាន​ឡើង​កំ​ដៅ​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង ប្រធានាធិបតី ស៊ី ជី​ន​ពីង ដែល​បាន​ផ្តាច់ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ក្រោយ​លោកស្រី សៃ អ៊ី​ង​វេន ក្នុង​នាម​ជា​អ្នក​ជាតិនិយម​ម្នាក់ បាន​ជាប់​ឆ្នោត​ក្លាយជា​ប្រធានាធិបតី​ដឹកនាំ​តៃវ៉ាន់​ចាប់ពី​ឆ្នាំ​២០១៦ រហូត​ដល់​បច្ចុប្បន្ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេងឆៅឡើងថ្លៃកាន់តែខ្ពស់ ចំពេលវិស័យថាមពលសកលកំពុងប្រឈមបញ្ហាខ្វះខ្វាតកាន់តែធ្ងន់ធ្ងរ

ព័ត៌មាន
តម្លៃប្រងឆៅបានហក់ឡើងកាន់តែខ្ពស់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបានឡើងថ្លៃមកអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយសារតែវិបត្តិខ្វះខាតថាមពលអគ្គិ…

សហភាពអឺរ៉ុប គ្រោងផ្ដល់ជំនួយឥតសំណងជាង ១៧លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ធនាគារវិនិយោគអឺរ៉ុប(EIB) បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ ១៥លានអឺរ៉ូ ឬស្មើនឹង ១៧,៤លានដុល្លារ ពីសហភាពអឺរ៉ុប អភិវឌ្ឍវិស័យកសិកម្មកម្ពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ