វិស័យដឹកជញ្ជូន

ថៃ គ្រោងជះលុយជាង៨ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវដែក


ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវដែក ឲ្យកាន់តែមានប្រសិទ្ធិភាព និងប្រកួតប្រជែងបន្ថែមទៀត ប្រទេសថៃ ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងជះលុយរហូតដល់ជាង៨ពាន់លានដុល្លារ លើការលើកកម្រិតគុណភាពផ្លូវដែក ដែលមានចម្ងាយប្រមាណជិត១ពាន់៥រយគីឡូម៉ែត្រ។ គម្រោងលើកកម្រិតគុណភាពផ្លូវដែកនេះអាចនឹងចាប់ផ្តើមជាមួយការធ្វើទំនើបកម្មផ្លូវដែកទាំង៧ខ្សែ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យដឹកជញ្ជូន
ដោយ

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក សូរិយា ជុងរុនរឿនគិត (Suriya Jungrungreangkit) បាននិយាយកាលពីថ្ងៃចន្ទ ថា ក្រសួងនឹងផ្តល់អាទិភាពដល់ការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ដើម្បីកែលម្អ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅលើបណ្តាញផ្លូវដែកទាំង៧ខ្សែនៅក្នុងប្រទេស ដែលមានប្រវែងសរុបជិត១ពាន់៥រយគីឡូម៉ែត្រ។

បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តរួចហើយក្នុងការធ្វើទំនើបកម្មផ្លូវដែកនៅលើកំណត់ផ្លូវខុនកែន-ណងខៃ ដែលមានតម្លៃជាង៨៤០លានដុល្លារ។ គម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៨។ ដោយឡែកគម្រោងធ្វើបច្ចុប្បន្នភាព និងទំនើបកម្មនៅលើផ្លូវដែក៦ខែ្សរទៀត គឺក្រសួងបានអនុម័តជាបឋម ដោយរង់ចាំការវាយតម្លៃពីក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ ជាមុនសិន។

លោកបានបន្តថា ការសម្រេចចិត្តត្រូវបានគេរំពឹងទុកថា នឹងអាចសម្រេចបាននៅចុងឆ្នាំនេះ ហើយបន្ទាប់ពីទទួលបានភ្លើងខៀវហើយនោះ ក្រសួងនឹងស្វែងរកការអនុម័តចុងក្រោយពីគណៈរដ្ឋមន្ត្រី មុនបន្តដំណើរទៅរកការដេញថ្លៃ។

លោកបណ្ឌិត ចាយ៉ាតាន ព្រំសន (Chayatan Phromsorn) អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ការធ្វើទំនើបផ្លូវដែក គឺមានសារសំខាន់ណាស់សម្រាប់ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសុវត្ថិភាពនៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថៃ។

មកដល់ពេលនេះថៃ មានផ្លូវដែកដែលមានប្រវែងសរុបប្រមាណជិត៥ពាន់គីឡូម៉ែត្រភ្ជាប់ទីក្រុងបាងកកទៅកាន់ខេត្តនានាជាច្រើន។ ការដឹកជញ្ជូនតាមផ្លូវដែករបស់ថៃ កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញនៅក្នុងស្រុក និងក្រៅប្រទេស ជាពិសេសគឺកំណាត់ផ្លូវដែក ថៃ-ឡាវ-ចិន និងថៃ-ម៉ាឡេស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា គោលនយោបាយគាំពារនិយមរបស់ឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យាអាចនឹងបរាជ័យ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ក្នុងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនយក្សអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ