នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។
ឥឡូវនេះ អាជ្ញាធរទេសចរណ៍ថៃព្យាករថា ឆ្នាំនេះ មានភ្ញៀវទេសចរបរទេសត្រឹមតែ ១៤ ទៅ ១៦លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីចំនួន ៣៣,៨លាននាក់ ដែលបានព្យាករទុកកាលពីខែមីនា កន្លងទៅ។ ឆ្នាំទៅមិញ (ឆ្នាំ២០១៩) ទេសចរបរទេសដែលបានមកទស្សនាប្រទេសថៃ មានចំនួន ៣៩,៨លាននាក់ ។
ទេសចរណ៍ជាវិស័យមួយដ៏សំខាន់ណាស់ចំពោះប្រទេសថៃ ដែលរកចំណូលបានស្មើនឹង ១១% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ កាលពីឆ្នាំទៅមិញ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី អាជ្ញាធរទេសចរណ៍ថៃ សង្ឃឹមថា ទេសចរបរទេសនឹងត្រឡប់មកទស្សនាប្រទេសថៃវិញ នៅក្នុងខែតុលា ដែលជារដូវសម្បូរភ្ញៀវទេសចរណ៍។ ក៏ប៉ុន្តែ អាជ្ញាធរទេសចរណ៍ថៃ បន្តថា អ្វីៗនឹងអាស្រ័យទៅតាមស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩ និងការរឹតត្បិតលើការធ្វើដំណើរ។
ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣០១៥ករណី ក្នុងនោះ ស្លាប់ ៥៦ករណី ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងដំបូងនៅក្នុងប្រទេសនេះ នៅខែមករា ហើយបច្ចុប្បន្ន ចំនួនករណីឆ្លងថ្មីហាក់មានការថមថយចុះខ្លះហើយ។
រដ្ឋាភិបាលថៃបានពន្យារពេលនៃការដាក់បម្រាមលើការហោះហើរពីក្រៅប្រទេស ដែលបានដាក់កាលពីថ្ងៃទី៤ ខែមេសា រហូតដល់ដំណាច់ខែឧសភានេះ ដើម្បីព្យាយាមទប់ការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ដែលបានឆ្លងទៅលើមនុស្សជាង ៤លាននាក់ហើយ នៅទូទាំងពិភពលោក។
ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ពោលគឺពីខែមករា ដល់ខែមីនា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសថៃបានថយចុះ ៣៨% មកនៅត្រឹមតែ ៦,៦៩លាននាក់ប៉ុណ្ណោះ ក្នុងនោះចំនួនភ្ញៀវចិន ដែលជាប្រភពធំជាងគេបំផុតនៃអ្នកទេសចរពីក្រៅប្រទេស បានធ្លាក់ចុះដល់ទៅ ៦០% មកនៅត្រឹមតែ ១,២៥លាននាក់ប៉ុណ្ណោះ៕