ប្រទេសថៃជំរុញកិច្ចពិភាក្សាលើផែនការតភ្ជាប់ផ្លូវដែកជាមួយ ចិន និងឡាវ

ប្រទេសថៃជំរុញកិច្ចពិភាក្សាលើផែនការតភ្ជាប់ផ្លូវដែកជាមួយ ចិន និងឡាវ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន


ប្រទេសថៃ និងឡាវ កំពុងស្ថិតក្នុងកិច្ចពិភាក្សាអំពីសក្ដានុពលនៃការតភ្ជាប់ផ្លូវដែក ចិន-ឡាវ-ថៃ ដែលជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយ សម្រាប់ប្រទេសទាំងបី។ ក្នុងនោះនាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ អះអាងថា ការតភ្ជាប់នេះ អាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញបានដល់ទៅ ៣០% ទៅ៥០%ឯណោះ ក្នុងរយៈពេល ៣ ទៅ៥ឆ្នាំខាងមុខ។ មែនទែនទៅ ផ្លូវរថភ្លើងល្បឿងនលឿនចិន-ឡាវ តម្លៃប្រមាណ ៦ពាន់លានដុល្លារ ដែលបានបើកដំណើរការជាផ្លូវការកាលពីចុងឆ្នាំ២០២១ ហើយវាបានជំរុញការដឹកជញ្ជូនទំនិញ និងអ្នកដំណើរទៅមកប្រទេសចិន-ឡាវយ៉ាងខ្លាំង។
ប្រទេសថៃជំរុញកិច្ចពិភាក្សាលើផែនការតភ្ជាប់ផ្លូវដែកជាមួយ ចិន និងឡាវ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន

ដោយមើលឃើញអំពីសក្ដានុពលនេះ ថៃដែលប្រទេសជាប់ភូមិផងរបងជាមួយឡាវនោះ បាននិងកំពុងខិតខំខ្លាំងណាស់ ក្នុងការច្បាមយកប្រយោជន៍ពីមធ្យោបាយដឹកជញ្ជូនមួយនេះ និងជំរុញការតភ្ជាប់ផ្លូវដែករបស់ខ្លួន ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវដែរ ដ្បិតថា ប្រទេសចិន គឺជាទីផ្សាផលិតផលកសិកម្មដ៏ធំមួយរបស់ខ្លួន។

លោក Athipu Chitranukroh អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក និងលោកKitjaluck Srinuchsart អគ្គនាយករងនៃនាយកដ្ឋានគយរបស់ថៃ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវថ្មីៗនេះ ដើម្បីពិភាក្សាគ្នាអំពីការតភ្ជាប់ផ្លូវដែករវាងថៃ និងផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ ដែលបានដាក់ឲ្យដំណើរការផ្លូវការកាលពីចុងឆ្នាំ២០២១។

ក្រុមអ្នកជំនាញអះអាងថា បណ្ដាញផ្លូវដែកល្បឿនលឿននេះ នឹងត្រូវបានអភិវឌ្ឍជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមាននាពេលបច្ចុប្បន្ន ហើយវានឹងផ្ដល់អត្ថប្រយោជន៍ទាំងសងខាង រវាងប្រទេសថៃ និងប្រទេសជិតខាងគ្នាទាំងពីរ គឺឡាវ និងចិន។

បើតាមប្រភពតួលេខពីរដ្ឋាភិបាលថៃបានឲ្យដឹងថា ពាណិជ្ជកម្មនាំចេញនាំចូលទំនិញ នៅតាមប៉ុស្ដិ៍ត្រួតពិនិត្យតាមច្រកព្រំដែនរវាងថៃ និងឡាវ នៅក្នុងខេត្ត ណង ខៃ កាលពីឆ្នាំ២០២២ មានដល់ទៅប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ បើទោះបីជា មានការរំខានដោយសារកូវីដ១៩ក្ដី ប៉ុន្ដែ ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសថៃ និងឡាវនេះ សម្រេចបានកំណើនប្រមាណ ៤០% បើធៀបនឹងឆ្នាំ២០២១។

រដ្ឋាភិបាលថៃ បច្ចុប្បន្នកំពុងអភិវឌ្ឍស្ថានីយផ្លូវដែកនៃខេត្ត ណង ខៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលត្រួតពិនិត្យទំនិញ សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងដែន និងការតភ្ជាប់ការដឹកជញ្ជូនទំនិញពីរថភ្លើង ទៅកាន់ការដឹកជញ្ជូនតាមផ្លូវថ្នល់ផងដែរ។

តាមគោលដៅ បណ្ដាញផ្លូវរថភ្លើងថៃ-ឡាវ នឹងបើកប្រតិបត្តិការដឹកជញ្ជូនចំនួន១៤ ខ្សែរថភ្លើងក្នុងមួយថ្ងៃ ហើយវាត្រូវបានរំពឹងថា នឹងទាក់ទាញការវិនិយោគបន្ថែមកាន់តែច្រើនឡើង។

សូមបញ្ជាក់ថា នាពេលកន្លងមក បើទោះបីជា មិនទាន់មានការតភ្ជាប់ផ្លូវរថភ្លើងដោយផ្ទាល់ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ ក៏ពិតមែន ប៉ុន្ដែ ប្រទេសថៃ ក៏បានទាញប្រយោជន៍ពីផ្លូវរថភ្លើងនេះគួរឲ្យកត់សម្គាល់ដែរ ពិសេស គឺថៃបានប្រើប្រាស់ផ្លូវរថភ្លើងនេះ ដើម្បីដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ទីផ្សារចិនបានកាន់តែឆាប់រហ័សជាងមុន ហើយកន្លងមកក៏មានអ្នកដំណើរពីប្រទេសចិន ក៏បានធ្វើដំណើរឆ្លងតាមផ្លូវរថភ្លើងចិន-ឡាវ នេះ ដើម្បីបន្ដដំណើរឆ្លងមកកាន់ទឹកដីថៃផងដែរ៕




អត្ថបទបន្ទាប់


វេរលុយជាមួយភ្នាក់ងារ លី ហួរ វេរលុយ ទូទំាងប្រទេសចាប់ពី១៥០០រៀលតែប៉ុណ្ណោះ!

ក្រុមហ៊ុន លី ហួរ វេរលុយ ផ្តល់នូវសេវាកម្មវេរលុយដល់ប្រជាជនកម្ពុជាទូទំាងប្រទេស! អតិថិជនមិនចាំបាច់មានគណនី លី ហួរ វេរលុយ ឬ គណនីធនាគារ! …

សេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយ ទោះបីបានកើនឡើងលើសការរំពឹងទុកនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២ក្ដី

សេដ្ឋកិច្ចអាមេរិកជារួមបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ ប៉ុន្តែបើមើលលើតម្រូវការក្នុងស្រុកវិញហាក់កើនឡើងក្នុងល្បឿនយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ