ថៃ-វៀតណាម

ថៃ និងវៀតណាមនឹងពិភាក្សាអំពីផែនការដំឡើងថ្លៃទីផ្សារអង្ករពិភពលោក ២០%បន្ថែម នៅខែតុលា


ប្រទេសវៀតណាម និងថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២ និងទី៣ក្នុងពិភពលោកនោះ នឹងបើកការពិភាក្សាអំពីការដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោក ដោយតាមផែនការ ប្រទេសទាំងពីរនេះ គ្រោងនឹងបង្កើនតម្លៃអង្ករ២០%បន្ថែមទៀត។ ការដំឡើងថ្លៃអង្កររបស់ប្រទេសទាំងពីរនេះ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះ វិបត្តិស្បៀងអាហារដែលពិភពលោកកំពុងជួបប្រឈមរួចទៅហើយនោះ ពោលគឺតាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។
ថៃ និងវៀតណាមនឹងពិភាក្សាអំពីផែនការដំឡើងថ្លៃទីផ្សារអង្ករពិភពលោក

បន្ថែមពីនេះ ការដាក់ពន្ធរឹតត្បិតការនាំចេញអង្ករ​របស់ឥណ្ឌានាពេលថ្មីៗនេះ ក៏បន្ថែមបន្ទុក​កាន់តែខ្លាំងថែមទៀត ទៅលើទីផ្សារ​អង្ករពិភពលោក ដែលគេជឿថា ​តម្លៃអង្ករ​នឹងកើនកាន់តែខ្ពស់ថែមទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក Chalermchai Sri-on នឹងធ្វើដំណើរទស្សនកិច្ច​នៅប្រទេសវៀតណាម​នៅ​ថ្ងៃទី ៦-៧ ខែតុលាខាងមុខនេះ សម្រាប់​ការពិភាក្សា​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក Le Minh Hoan ពាក់ព័ន្ធនឹង​កិច្ចសហប្រតិបត្តិការ​កសិកម្ម​ រួមទាំង​រឿងការដំឡើងថ្លៃអង្ករនាំចេញផងដែរ។ នេះបើតាម​ការអះអាង​របស់​មន្ត្រីរដ្ឋាភិបាល​ថៃ ដែលត្រូវបាន​ស្រង់សម្ដីចុះផ្សាយដោយ​សារព័ត៌មាន Nikkei។

បើតាមសារព័ត៌មានរបស់​ជប៉ុនដដែនេះ បានគូសបញ្ជាក់ថា ប្រទេស​វៀតណាម និងថៃ អាចនឹង​ដំឡើងថ្លៃអង្ករ​ប្រហែល​២០%បន្ថែមទៀត ហើយវានឹងធ្វើឲ្យតម្លៃស្បៀងអាហារពិភពលោក​នឹងកើនកាន់តែខ្ពស់ និងជំរុញកំណើន​អតិផរណាសកលលោកផងដែរ នៅចំពេលដែល​សង្គ្រាម​នៅអ៊ុយក្រែន​នៅតែបន្ដ​ឆេះក្ដៅងំនៅឡើយនោះ។

ថៃ និងវៀតណាម បានព្រមព្រៀងគ្នា​កាលពីដើមខែកញ្ញា​នេះ ដើម្បីសហប្រតិបត្តិការ​នៅក្នុងការ​ដំឡើងថ្លៃអង្ករ​នាំចេញ ដោយលើកឡើងពីហេតុផលថា តម្លៃអង្ករនាពេលបច្ចុប្បន្ន មិនអាច​ឲ្យ​កសិករ​របស់ពួកគេ​មិនអាច​​ទូទាត់ថ្លៃចំណាយ​ខ្ពស់ក្នុងផលិតកម្មបានទេ ដោយសារតែ​ការចំណាយ​លើ​ថ្លៃជីថ្នាំកសិកម្ម និង​ប្រេងឥន្ធនៈកើនខ្ពស់។

តម្លៃអង្ករ​ត្រូវបានគេមើលឃើញថា គឺមាន​ស្ថិរភាព បើធៀបនឹង​តម្លៃស្រូវសាលី ដែលបានកើនឡើងយ៉ាងខ្លាំង​ចាប់តាំងពីសង្គ្រាម​រុស្ស៊ីចូលឈ្លានពាន​អ៊ុយក្រែនមក។ យ៉ាងណាមិញ ប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករ​ដ៏ធំជាងគេបំផុតក្នុងពិភពលោកនោះ ថ្មីៗនេះ ទើបតែបាន​ដំឡើងពន្ធអង្ករនាំចេញ​២០% សម្រាប់​ប្រភេទ​អង្ករ​មួយចំនួន ដើម្បី​ជំរុញការផ្គត់ផ្គង់ក្នុងស្រុក ហើយការដំឡើងពន្ធនេះ​​បាន​ចូលជាធរមាន​តាំងពីថ្ងៃទី ៩ខែកញ្ញាមកម្ល៉េះ។

សូមបញ្ជាក់ថា ការនាំចេញអង្កររបស់ថៃ បានកើនឡើងតម្លៃដល់ ៤៤៦ដុល្លារក្នុងមួយតោន កាលពីខែសីហា​កន្លងទៅនេះ ពោលគឺបានកើនឡើង​៧% ធៀបនឹងឆ្នាំមុន ខណៈដែល​​ការនាំចេញអង្ករ​របស់វៀតណាម​វិញ មានតម្លៃ ៣៨៥ដុល្លារក្នុងមួយតោន។ នេះបើតាម​ទិន្នន័យពី​អង្គការស្បៀងអាហារ និងកសិកម្ម​របស់អង្គការសហប្រជាជាតិ។

ការនាំចេញអង្ករ​ទូទាំងសាកលលោក​នៅឆ្នាំ២០២១ សម្រេចបានដល់ទៅជិត​៥២លានតោន ក្នុងនោះ ការនាំចេញរបស់ប្រទេសឥណ្ឌា​មានជាង​៤១% និងតាមពីក្រោយដោយវៀតណាម និងថៃ មានប្រហែល​១២%ប្រហាក់ប្រហែលគ្នា ខណៈដែល​ប្រទេសចិន និងហ្វីលីពីន​ គឺជាអ្នកនាំចូលអង្ករដ៏ធំជាងគេបំផុត។ នេះបើតាម​ទិន្នន័យពីក្រសួងកសិកម្មអាមេរិក៕​




អត្ថបទបន្ទាប់


ក្រុមហ៊ុន Boeing របស់អាមេរិកព្យាករថា អ្នកដំណើរតាមផ្លូវអាកាសកម្ពុជានឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំក្រោយ

ក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរដ៏ធំមួយរបស់សហរដ្ឋអាមេរិក Boeing បានព្យាករថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានឹងវិលមករកភាពល្អ…

តើចិន និងរុស្សីបានសច្ចា និងទទួលបានលទ្ធផលអ្វីខ្លះ ពីកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ?

មេដឹកនាំប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ ក្រោយពីកិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីចុងសប្ដាហ៍មុននេះ ដោយបានអំពាវនាវឲ្យបង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ