អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសាប ( Jirayu Huangsap) បាននិយាយកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បានស្នើសុំធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំសមាជិកអាស៊ានក្នុងខែធ្នូ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិជម្លោះនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រោយដណ្តើមអំណាចបានតាមរយៈការធ្វើរដ្ឋប្រហារយោធា នៅក្នុងឆ្នាំ២០២១ មក មីយ៉ាន់ម៉ាបានបាត់មុខពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាវ នៅខែតុលា នេះ របបសឹកមីយ៉ាន់ម៉ា បានបញ្ជូនតំណាងមិននយោបាយមកចូលរួម គឺលោក អ៊ុង ខ្យ មូ (Aung Kyaw Moe) អគ្គលេខាធិការអចិន្រ្តៃយ៍ក្រសួងការបរទេសរបស់មីយ៉ាន់ម៉ា។
ទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍ថា គណៈប្រតិភូមីយ៉ាន់ម៉ា បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះជាបន្តបន្ទាប់រយៈពេល៣ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដែលមេដឹកនាំនានាបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថានការណ៍នៅមីយ៉ាន់ម៉ាដែលកំពុងជាប់គាំងនៅក្នុងជម្លោះរវាងរបបសឹកនិងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ។
របបយោធាមីយ៉ាន់ម៉ាឥឡូវមានភាពវិជ្ជមានបន្ថែមទៀតអំពីការចូលរួមក្នុងកិច្ចសន្ទនាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន។ ពាក់ព័ន្ធនឹងការខិតខំស្វែងរកសន្តិភាពនិងដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ក្រៅពីថៃ ក៏មានប្រទេសផ្សេងៗដែរ ដូចជា កម្ពុជា ឥណ្ឌូនេស៊ី និងឡាវដើម៕
ដោយៈ សរ សុជាតិ