លោក អនុទីន ដែលជា ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ថែមថា ថៃ អាចនឹងស្លាប់ដោយសារតែជម្ងឺ ឬដោយសារតែភាពអត់ឃ្លាន បើសិនជាយើង នៅតែបន្តចាក់សោរបិទប្រទេសខ្លួនឯងទៀត ដូច្នេះហើយ ថៃ ត្រូវហ៊ានបើកទ្វារទទួលភ្ញៀវ និងវិនិយោគិនបរទេសឡើងវិញ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ គឺមានទំនុកចិត្តខ្ពស់ ចំពោះការផ្គត់ផ្គង់សម្ភារៈពេទ្យ ឱសថ និងឧបករណ៍ការពារផ្ទាល់ខ្លួន ហើយនឹងមានវិធានការជាច្រើនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩នេះ ក្នុងនោះ ថៃ ក៏បានបោះទុនវិនិយោគនៅក្នុងការស្រាវជ្រាវរកវ៉ាក់សាំង ជាមួយនឹងបណ្តាស្ថាប័នអន្តរជាតិដែរ។
ដោយសារតែការរង់ចាំភ្ញៀវទេសចរអន្តរជាតិ អាចនឹងមានពេលវេលាយូរ ដូច្នេះហើយ ការជម្រុញទេសចរណ៍ក្នុងស្រុក ដើរតួនាទីយ៉ាងសំខាន់នាពេលនេះ ហើយចំពោះវិនិយោគិនបរទេសវិញ វិស័យឯកជន ក៏បានស្នើសុំដល់ មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជម្ងឺកូវីដ១៩ ឲ្យអនុញ្ញាតទទួល អ្នកដំណើរជាវិនិយោគិនឡើងវិញ ដោយពុំចាំបាច់ធ្វើ ចត្តាឡីស័ក ១៤ថ្ងៃនោះទេ។
គម្រោងនេះ អាចនឹងប៉ះពាល់ដល់ អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងស្រុកថៃ ចំពោះបញ្ហាភ្ញៀវទេសចរបរទេស ទោះយ៉ាងណាក៏ដោយ ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ត្រូវតែចាត់វិធានការជាបន្តបន្ទាប់ ដើម្បីចាប់ផ្តើមជម្រុញវិស័យទេសចរណ៍ឡើងវិញ ព្រោះ ថៃ ពឹងផ្អែកខ្លាំងទៅលើ ទីផ្សារទេសចរណ៍អន្តរជាតិ។
បើតាមរបាយការណ៍ចុងក្រោយពី ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ ថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦លាន ៧សែននាក់ ធ្លាក់ចុះ ៧១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយការចំណាយរបស់ពួកគេទៀតសោត ក៏មានត្រឹមតែ ១០ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៧០%៕