គោលដៅសេដ្ឋកិច្ចប្រទេសថៃ

ថៃដាក់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០២៧ ខណៈធនាគារពិភពលោកបន្ទាបកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤


នាយរដ្ឋមន្ត្រីថៃលោក ស្រ៊ីថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដាក់ផែន និងគោលដៅ ដើម្បីប្រែក្លាយប្រទេសថៃទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេលបួនឆ្នាំខាងមុខ។ ស្របពេលជាមួយគ្នានេះ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយក្នុងខែតុលានេះ ដោយបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២៣ នៅត្រឹម៣,៤% និងឆ្នាំ២០២៤ មាន៣,៥% ធ្លាក់ចុះពី៣,៧% ដែលបានព្យាករកាលពីខែមេសា កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
គោលដៅសេដ្ឋកិច្ចប្រទេសថៃ
ដោយ

ថ្លែងអំពីយុទ្ធសាស្ត្រសារពើពន្ធរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ លោក ស្រ៊ីថា បាននិយាយថា ក្នុងរយៈពេលបួនឆ្នាំខាងមុខ សេដ្ឋកិច្ចថៃនឹងកើនឡើង៥% រៀងរាល់ឆ្នាំ ហើយប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃមាន៦០០បាត ឬជាង១៦ដុល្លារនៅឆ្នាំ២០២៧។ នៅក្នុងជំហានដំបូង ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបង្កើនឱ្យដល់៤០០បាត ឬជាង១០ដុល្លារជារៀងរាល់ថ្ងៃ។ សម្រាប់ប្រាក់ខែនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ នឹងត្រូវបង្កើនដល់២ម៉ឺន៥ពាន់បាទ ឬជាង៦៧៣ដុល្លារ។ នេះគឺជាយុទ្ធសាស្ត្រមួយក្នុងការប្រែក្លាយប្រទេសឱ្យក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ហើយរដ្ឋក៏នឹងបង្កើនចំណូលពន្ធខ្ពស់ និងជំរុញការវិនិយោគបន្ថែមទៀត។

នាយករដ្ឋមន្ត្រីថៃវ័យ៦១រូបនេះបានបន្ថែមថា ដោយសារតែរដ្ឋាភិបាលថៃបង្កើតឡើងចំពេលដែលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ ពិសេសកូវីដ១៩ ប្រទេសថៃត្រូវតែធ្វើការជាមួយដៃគូអន្តរជាតិផ្សេងទៀតដូចជាអង្គការសហប្រជាជាតិ និងប្រទេសដៃគូ។ បញ្ហាភូមិសាស្ត្រនយោបាយ ក៏បានជះឥទ្ធិពលលើខ្សែចង្វាក់ផ្គត់ផ្គង់ថៃដែរ។ លោក ស្រ៊ីថា បានលើកឡើងថា ថៃមិនយូរមិនឆាប់នឹងទទួលរងនូវបាតុភូតអាកាសធាតុ អេលនីណូ ដែលនឹងប៉ះពាល់ដល់ប្រជាកសិករថៃប្រមាណ២០លាននាក់ ចំពេលដែលកសិករកំពុងមានបន្ទុកបំណុលធនាគារធ្ងន់។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលមានគោលដៅលើកកម្ពស់វិន័យហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពផលិតកម្ម ជំរុញឱ្យមានការច្នៃប្រឌិតខ្ពស់ និងបង្កើតភាពជាដៃគូនៅទូទាំងខ្សែសង្វាក់តម្លៃកសិកម្មផងដែរ។

ចំពេលជាមួយគ្នា ចំនួនប្រជាជនវ័យចំណាស់កើនឡើងក៏បានបង្ហាញនូវបញ្ហាប្រឈមមួយថ្មី ដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច សមតុល្យសារពើពន្ធ និងសុខភាពផងដែរ។ ដូច្នេះរដ្ឋាភិបាលថៃត្រូវមានវិធានការណ៍បង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ និងបង្កើនវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែក នៅក្នុងវិស័យទេសចរណ៍វិញរដ្ឋាភិបាលបានអនុវត្តវិធានការណ៍លើកលែងទិដ្ឋាការ និងការអភិវឌ្ឍតំបន់ទេសចរណ៍ឱ្យកាន់តែទាក់ទាញ។ ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅ គណៈរដ្ឋមន្រ្តីថៃបានអនុម័តផែនការកាត់បន្ថយការចំណាយថាមពល និងអនុវត្តគម្រោងព្យួរបំណុលសម្រាប់កសិករក្នុងចំនួនជិត៣លាននាក់។

លោក ស្រ៊ីថា ក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលថៃក៏នឹងលើកកម្ពស់ និងគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ដោយចាប់ផ្តើមផ្តល់មូលនិធិដល់វិស័យឯកជន និងរដ្ឋ។ ទាក់ទងនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធវិញ ថៃគ្រោងនឹងសាងសង់ព្រលានយន្តហោះបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍នៅក្នុងទីក្រុងបន្ទាប់បន្សំ និងតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមទស្សនវិស័យសេដ្ឋកិច្ចប្រចាំខែតុលា ឆ្នាំ២០២៣ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវថយចុះមកត្រឹម៣,៤% ក្នុងឆ្នាំ២០២៣ ពី៣,៦% នៅក្នុងការព្យាករកាលពីមុន។ ទន្ទឹមនឹងនេះដែរ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ របស់ថៃ ក៏ត្រូវបានកាត់បន្ថយ ០,២ ភាគរយដែរ ដោយធ្លាក់ចុះមកនៅត្រឹម៣,៥% ពីការប៉ាន់ប្រមាណ៣,៧% នៅក្នុងខែមេសា។ ការព្យាករនេះ ត្រូវបានផ្អែកលើការរំពឹងទុក ការនាំចេញរបស់ប្រទេសនឹងធ្លាក់ចុះ ដោយសារតែការបន្ធូរបន្ថយតម្រូវការសកល។ វិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន គឺជាកាតាលីករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចប្រទេសថៃ៕

None



អត្ថបទបន្ទាប់


អាមេរិកព្រមានធ្វើបច្ចុប្បន្នភាពនៃការទប់ស្កាត់ការនាំចេញបន្ទះឈីបទៅចិន

រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានព្រមានទីក្រុងប៉េកាំងថា ខ្លួនគ្រោងនឹងធ្វើបច្ចុប្បន្នភាពច្បាប់ទប់ស្កាត់ការនាំចេញបន្ទះឈីបបញ្ញាស…

កម្ពុជា ត្រៀមស្វាគមន៍ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា នឹងមានបណ្ដាក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងពេលឆាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ