កាសែត The Nation របស់ថៃ បានចុះផ្សាយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានផ្តល់យោបល់ដល់គណបក្សភឿថៃ ដែលកំពុងកាន់អំណាច និងកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ឱ្យលុបចោលកម្មវិធីកាបូបលុយឌីជីថល ឬការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋ ដែលមានទំហំសរុបរហូតដល់ជិត១៤ពាន់លានដុល្លារ។ ការផ្តល់យោបល់បែបនេះធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្ត្ររបស់ថៃ បានបោះឆ្នោតគាំទ្រលោកស្រី ផែថងថាន ឱ្យធ្វើជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពីរថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានទម្លាក់លោក ស៊្រីថា ថាវីស៊ីន ចេញពីតំណែង។
គម្រោងផ្តល់សាច់ប្រាក់នេះ គឺជាការសន្យាក្នុងពេលឃោសនាបោះឆ្នោតដ៏លេចធ្លោមួយរបស់គណបក្សភឿថៃ ដែលគាំទ្រដោយលោក ថាក់ស៊ីន និងជាចំណុចស្នូលនៃការជំរុញរបស់អតីតនាយករដ្ឋមន្ត្រីលោក ស៊្រីថា ថាវីស៊ីន ដើម្បីជួយឱ្យសេដ្ឋកិច្ចមានកំណើនប្រចាំឆ្នាំក្នុងអត្រា៥% ដូចប្រទេសជិតខាងមួយចំនួន។
ប៉ុន្តែដោយសារមានការខ្វែងគំនិតគ្នា រួមទាំងជាមួយនឹងធនាគារកណ្តាលថៃ និងសមាជិកសភាមួយចំនួនអំពីរបៀបក្នុងការផ្តល់មូលនិធិនេះ ក៏ដូចជាផលប៉ះពាល់លើអតិផរណានោះ ដូច្នេះហើយផែនការនេះត្រូវបានពន្យារពេលអនុវត្តជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
ការដកតំណែងលោក ស៊្រីថា និងការមិនយល់ព្រមរបស់លោក ថាក់ស៊ីន នៅពេលនេះ បានធ្វើឱ្យផែនការនេះស្ថិតក្នុងការសង្ស័យយ៉ាងខ្លាំង ទោះបីជាសភាជិតនឹងអនុម័តថវិកាបន្ថែមនៅឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់ផែនការដ៏សំខាន់នេះក៏ដោយ។
តើប្រជាពលរដ្ឋថៃនឹងមានប្រតិកម្មយ៉ាងណាចំពោះការលុបចោលផែនការផ្ដល់សាច់ប្រាក់នេះ ខណៈដែលពលរដ្ឋជិត៣០លាននាក់ បានចុះឈ្មោះរួចហើយ ដើម្បីត្រៀមទទួលអំណោយជាសាច់ប្រាក់ជាង២៨៨ដុល្លារអាម៉េរិក សម្រាប់ពលរដ្ឋម្នាក់ៗ ដែលមានអាយុ១៦ឆ្នាំឡើងទៅ នៅមុនពេលការចាប់ផ្តើមអនុវត្តដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកា នោះ។
បើតាមសារព័ត៌មាន Bloomberg រដ្ឋបាលថ្មីរបស់លោកស្រី ផែថងថាន ប្រហែលជានឹងដាក់ចេញវិធានការជំរុញដោយផ្ទាល់បន្ថែមទៀត ដើម្បីជំនួសការចែកសាច់ប្រាក់ដ៏ទូលំទូលាយបែបនេះ៕
អត្ថបទ៖ សុខ មង្គល