របាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វិស័យកសិកម្មនៅតែជាវិស័យជន្ទល់ដ៏សំខាន់ក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ នេះ ពោលគឺវិស័យកសិកម្ម ត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់១,១% នៅឆ្នាំនេះ ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។
ពាក់ព័ន្ធការព្យាករកំណើនរបស់វិស័យកសិកម្មនេះដែរ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានវាយតម្លៃថា ការសម្រេចបានកំណើតទាបរបស់វិស័យកសិកម្មនេះ គឺដោយសារកាធ្វើកសិកម្មរនៅកម្ពុជា បច្ចុប្បន្នហាក់មិនទាន់ទទួលបានតម្លៃបន្ថែមខ្ពស់នៅឡើយទេ ក៏ព្រោះតែការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ភាគច្រើនជាផលិតផលមិនទាន់បានកែច្នៃ តួយ៉ាងដូចជាតាមរយៈការនាំចេញគ្រាប់ស្វាយចន្ទីឆៅ និងស្រូវរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជិតខាងជាដើម។
បើតាមអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា កំណើនរបស់វិស័យកសិកម្មមានត្រឹមប្រមាណជាង១% នេះ ហាក់មានកម្រិតតូច បើធៀបនឹងការរីកចម្រើនរបស់វិស័យផ្សេងៗទៀត ដូចជាវិស័យឧស្សាហកម្ម និងសេវាកម្មជាដើម ក៏ប៉ុន្តែបើពិនិត្យមើលឱ្យបានដិតដល់អំពីកំណើនរបស់វិស័យនេះ គឺមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបរិមាណផលិតផលកសិកម្មរបស់កម្ពុជា ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មមួយរូបដែរនោះ បានវាយតម្លៃថា វិស័យកសិកម្មកម្ពុជា គួរតែមានកំណើនលើសពី ១,១% នៅក្នុងឆ្នាំនេះ និងសំណូមពរឱ្យមានការសិក្សាឱ្យបានច្បាស់លាស់អំពីកំណើនរបស់វិស័យនេះ។ ការវាយតម្លៃបែបនេះរបស់អ្នកជំនាញរូបនេះ ក៏ដោយសារអនុវិស័យជលផលរបស់កម្ពុជា បច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារលទ្ធផលនៃការបង្ក្រាបបទល្មើស ហើយសម្រាប់អនុវិស័យដំណាំវិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសារចម្ការមួយចំនួនចាប់ផ្ដើមទទួលបានផលពីដំណាំរយៈពេលវែង។
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវិស័យដំណាំត្រូវបានរំពឹងថា នឹងនៅតែរក្សាបានកំណើនល្អប្រសើរ ដោយសារការបន្តកើនឡើង នៃការវិនិយោគទាំងក្នុងស្រុក និងបរទេសលើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដូចជាការផ្តល់ហិរញ្ញប្បទានសម្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ៕