អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ដែលកូវីដ១៩បានចូលមកអុកឡុកសេដ្ឋកិច្ចនៅទូទាំងពិភពលោក ដែលនាំឲ្យវិស័យឧស្សាហកម្មធំៗជាច្រើនក៏រងផលប៉ះពាល់ដែរ។ ចង់ ឬមិនចង់ កម្ពុជាក៏បានទទួលរងនូវឥទ្ធិពល ដ៏អាក្រក់មួយនេះដែរ ដែលបានធ្វើឲ្យវិស័យសំខាន់ៗដូចជាឧស្សាហកម្មទេសចរណ៍ ហាងលក់ទំនិញ អាជីវកម្មនានា ក៏បានរងគ្រោះធ្ងន់ធ្ងរដែរ។ ប៉ុន្ដែ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសពេញលេញឡើងវិញ សកម្មភាពធុរកិច្ចចាប់ផ្ដើមានសម្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់។
ស្របពេលដែល កំណើនតម្រូវការជួលចាប់ផ្ដើមស្ទុះងើបឡើងវិញ ផ្សារទំនើប The Bridge ដែលស្ថិតនៅក្នុងអគារ The Bridge ដ៏ធំស្កឹមស្កៃនៅរាជធានីភ្នំពេញ កំពុងមមាញឹកលើការងារតុបតែង និងជួសជុល ផ្សារ និងហាងទំនិញនានារបស់ខ្លួន ដើម្បីស្វាគមន៍ម្ចាស់អាជីវកម្មដែលមានបំណងជួលហាងនៅក្នុងផ្សារទំនើបមួយនេះ។
បច្ចុប្បន្ន នៅក្នុងអគារផ្សារទំនើប The Bridge នេះ មានហាងមួយចំនួនបានបើកទ្វារដំណើរការ ចំណែកឯក្រុមហ៊ុនថ្មីៗទៀតក៏កំពុងត្រៀមលក្ខណៈ ដើម្បីបើកដំណើរការនាពេលខាងមុខឆាប់ៗនេះដែរ។
លោក ចូហ្វ្រី តាន នាយកគ្រប់គ្រង ផ្សារទំនើប The Bridge បានឲ្យដឹងថា ស្ថានភាពហាក់កំពុងតែមានភាពប្រសើរឡើងវិញហើយ បន្ទាប់ពីប្រទេសកម្ពុជាបានបើកទ្វារដំណើរការលើគ្រប់វិស័យមក។
នៅចុងឆ្នាំ ២០២១ កម្ពុជាបានលុបបំបាត់វិធានការតឹងរ៉ឹងទាក់ទងនឹងកូវីដ១៩ ក្រោយពេលដែលប្រជាជនភាគច្រើនបំផុតបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ហើយចំនួនករណីឆ្លងក៏មានការថមថយខ្លាំងថែមទៀត។
នៅពេលនេះ អាជីវកម្មនានាទាំងក្រុមហ៊ុននៅក្នុងស្រុក និងក្រុមហ៊ុនវិនិយោគមកពីក្រៅស្រុកកំពុងបន្ដបណ្ដាក់ទុនវិនិយោគជាបន្ដបន្ទាប់ ។
យោងតាមលោក ចូហ្វ្រី តាន់ បានឲ្យដឹងថា នៅពេលនេះ ផ្សារទំនើប The Bridge កំពុងចុះកិច្ចសន្យាជួលទីតាំងបណ្ដើរៗ ជាមួយនឹងបណ្ដារក្រុមហ៊ុន និងហាងដែលមកពីក្រៅប្រទេសផងដែរ ។
លោកបានបញ្ជាក់ថា នៅពេលមុនមានបញ្ហាជំងឺរាតត្បាត អត្រានៃការជួលមានរហូតដល់ទៅជាង ៦៥% នៃទីតាំងរបស់ផ្សារទំនើបនេះ ដែលភាគច្រើនបំផុតជាក្រុមហ៊ុន មកពីបរទេស ។
យោងតាមការស្រាវជ្រាវរបស់ផ្សារទំនើប The Bridge នៅពេលស្ថានភាពកូវីដ១៩កាន់តែធូរស្រាលជាងនេះទៀត គេរំពឹងថា នឹងមានភ្ញៀវចូលមកផ្សារទំនើបនេះ ចន្លោះពី ១៥០០ ទៅ ១៨០០ នាក់ក្នុងមួយថ្ងៃ ។
លោក ចូហ្វ្រី តាន់ សង្កត់ធ្ងន់ថា ផ្សារទំនើប The Bridge ជាជម្រើសមួយក្នុងចំណោមជម្រើសទីតាំងជាច្រើននៅក្នុងទីក្រុងភ្នំពេញដែលអាចផ្ដល់កាលានុវត្តន៍ភាពឲ្យក្រុមហ៊ុន និងអាជីវកម្មទាំងនោះ រីកលូតលាស់សាជាថ្មី នៅក្រោយវិបត្តិកូវីដ១៩៕