ហើយគណៈកម្មការអន្តរក្រសួងបានឯកភាពគ្នាក្នុងការបង្កើតច្រករដ្ឋបាលមួយ សម្រាប់ទទួលយកសំណើសុំដោះស្រាយបញ្ហាអគារជាប់គាំងទាំងនេះពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍ ដើម្បីឱ្យការអនុវត្តវិធានការដោះស្រាយនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា និងឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា គណៈកម្មការអន្តរក្រសួងបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀតកាលពីពេលថ្មីៗនេះ ដោយមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែងរកវិធីសាស្រ្តសម្រាប់ដោះស្រាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។
ជុំវិញការដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ឯកឧត្តម ឡុង ឌីម៉ង់ អះអាងថា កន្លងមកគណៈកម្មការអន្តរក្រសួងបានកំណត់គោលនយោបាយ និងយន្តការដោះស្រាយ ក៏ដូចជាផែនទីតម្រង់ទិសនៃកញ្ចប់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលរួចហើយ ដោយមានការដោះស្រាយដោយការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធទៅដល់ម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ យ៉ាងណាមិញ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះបើទោះបីជាមានយន្តការសម្រាប់ដោះស្រាយហើយក៏ពិតមែន តែនៅមិនទាន់មានការរៀបចំរបៀបរបបសម្រាប់ធ្វើការដោះស្រាយនៅឡើយទេ។
តាមរយៈកិច្ចប្រជុំអន្តរក្រសួងកាលពីពេលថ្មីៗនេះ ឯកឧត្តម ឡុង ឌីម៉ង់ បញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សាគ្នាក្នុងការរៀបចំរបៀបរបបសម្រាប់ធ្វើការដោះស្រាយបញ្ហានេះ និងបានឯកភាពគ្នាក្នុងការបង្កើតជាច្រកមួយនៅថ្នាក់ខេត្ត សម្រាប់រៀបចំឯកសារដែលពាក់ព័ន្ធនឹងទៅនឹងបញ្ហាអាគារជាប់គាំងទាំងនោះ ដោយមានការសហការរវាងរដ្ឋបាលខេត្ត ជាមួយសភាពាណិជ្ជកម្មខេត្ត ដោយអនុញ្ញាតឱ្យម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍ អាចដាក់ពាក្យស្នើសុំអន្តរគមន៍ពាក់ព័ន្ធនឹងបញ្ហាអាគារជាប់គាំងទាំងនេះបាន។ លើសពីនេះ ក៏មានការជំរុញការអនុវត្តវិធានការ និងលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍទាំងនោះ ក៏ដូចជាបានកំណត់នៅប្រតិទិនការងារសម្រាប់អនុវត្តវិធានការដោះស្រាយជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីចុងខែមេសា កន្លងទៅ បានឱ្យដឹងថា បច្ចុប្បន្នអគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ មានចំនួនប្រមាណ ១០០៦អគារ ក្នុងនោះមាន៤០០អគារបានបញ្ចប់ការសាងសង់ និងមានប្រតិបត្តិការ ហើយចំនួន២០០អគារទៀតបានសាងសង់បញ្ចប់ដូចគ្នា តែមិនមានប្រតិបត្តិការ ខណៈសំណង់អគារប្រមាណ ៤០០ អគារទៀត កំពុងជាប់គាំង និងបន្តការសាងសង់ជាបន្តបន្ទាប់ផងដែរ៕