ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន អង្គការទេសចរណ៍ជាតិជប៉ុន


នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយឯកឧត្តម Iwao Nobuyuki ប្រធានគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន (Commissioner of the Cabinet Legislation Bureau), ឯកឧត្តម Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងឯកឧត្តម Atsumi Gamo ប្រធានអង្គការទេសចរណ៍ជាតិជប៉ុន (JNTO)។
asdae123122sascadads
ដោយ

ក្នុងជំនួបជាមួយគណៈកម្មាធិការ​នីតិកម្ម​នៃ​គណៈរដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Iwao Nobuyuki បានសម្តែងនូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបានបង្ហាញនូវស្មារតីសហការខ្ពស់ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធដំណើការការងារ និងប្រព័ន្ធការងាររបស់គណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានមុខងារប្រហាក់ប្រហែលគ្នាជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលើការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់។ ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ប្រសិទ្ធភាព ស្អាតស្អំ និងឆ្លាតវៃ ជាអាទិភាពដ៏សំខាន់ និងជាកត្តាចាំបាច់សម្រាប់ការកសាងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។

ក្នុងនាមជាប្រធានស្ថាប័នទទួលបន្ទុកការងារនីតិកម្មនិងការកែទម្រង់ច្បាប់ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា
ទីស្តីការគណៈរដ្ឋមន្ត្រីបាននិងកំពុងខិតខំសិក្សា និងដកស្រង់បទពិសោធល្អៗពីបណ្ដាប្រទេសនានា និងថ្លែងអំណរគុណដល់ ឯកឧត្តម Iwao Nobuyuki និងមន្ត្រីពាក់ព័ន្ធនៃគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលបានចែករំលែកបទពិសោធការងារ និងចំណេះដឹងដល់គណៈប្រតិភូកម្ពុជាប្រកបដោយស្មារតីបើកចំហ និងបានយល់ព្រមបន្តកិច្ចសហប្រតិបត្តការនេះសម្រាប់ជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

នាថ្ងៃដដែលនេះ ក្នុងជំនួបជាមួយឯកឧត្តម Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ឯកឧត្តម វង្សី វិស្សុត បានស្វែងយល់អំពីបញ្ហាប្រឈម និងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងជប៉ុន។ ឯកឧត្តម Ishiguro Norihiko បានលើកឡើងថា ក្នុងបរិការណ៍នៃសង្គ្រាមពាណិជ្ជកម្មសកល ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃនិងផលិតកម្ម ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម តាមរយៈការបង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ JETRO និងបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងបានជំរុញឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាដោយបើកចំហជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនោះ។

ក្រៅពីនេះ ឯកឧត្តមក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើផែនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងកង្វះកម្លាំងពលកម្ម, ការបណ្តុះបណ្តាលពលករជំនាញ, ការជំរុញធុរកិច្ចថ្មី, និងយន្តការលើកទឹកចិត្តនានា។ល។ ក្នុងគោលដៅទាក់ទាញការវិនិយោគថ្មីៗទៀតមកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀត ភាគីទាំងពីក៏បានផ្លាស់ប្តូរ យោបល់អំពីការបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបានពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន។

ទន្ទឹមនេះ ក្នុងជំនួបជាមួយអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ឯកឧត្តម Atsumi Gamo បានចែករំលែកបទពិសោធ អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រហូតក្លាយជាវិស័យដ៏មាន
សក្តានុពល និងជាជន្ទល់សេដ្ឋកិច្ចទី២របស់ជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងខ្សែច្រវាក់
តម្លៃនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជារួម ហើយបានផ្តោតទៅលើបញ្ហានៅកម្ពុជា ដោយស្វែងយល់អំពីទស្សនរបស់ភ្ញៀវទេសចរជប៉ុន និងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ព្រមទាំងដំណោះស្រាយបញ្ហានៅក្នុងវិស័យនេះ ដើម្បីជំរុញកំណើនទេសចរជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ជំនួបពិភាក្សាទាំងនេះធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់គណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។




អត្ថបទបន្ទាប់


កាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់! ឥឡូវនេះភ្ញៀវទេសចរអន្តរជាតិ អាចទិញ និងទូទាត់ថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរ ជាមួយម៉ាស៊ីនស្វ័យប្រវត្តិដ៏ទំនើប

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការសហការជាមួយគ្រឹះស្ថានអង្គរ ដើម្បីផ្ដល់នូវសេវាទូទាត់ដ…

សហគ្រិនខ្មែរសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល

ភ្នំពេញ, ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ