នារយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងរ៉ែនិងថាមពល សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ពិសេសការដាក់ឲ្យដំណើរការនូវរោងចក្រផលិតស៊ីម៉ងត៍ចំនួន៣បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យសំណង់នៅកម្ពុជា ដែលបាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ថ្លែងនៅថ្ងៃទី៩ សីហា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងរ៉ែ និងថាមពល» ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រស៊ីម៉ងត៍ ចំនួន៥ កំពុងដំណើរការនៅកម្ពុជា ដោយក្នុងចំណោម ៥ក្រុមហ៊ុននោះ មានក្រុមហ៊ុនចំនួន៤ ដែលស្ថិតក្នុងខេត្តកំពត និង១ទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។
បើតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា បច្ចុប្បន្ន ការផលិតស៊ីម៉ងត៍នៅកម្ពុជា ហាក់មិនទាន់ឆ្លើយតបនឹងតម្រូវការក្នុងស្រុកនៅឡើយនោះទេ ព្រោះវិស័យសំណង់នៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានោះ ឯកឧត្តមបន្តថា នៅក្នុងមួយឆ្នាំកម្ពុជា មានតម្រូវការស៊ីម៉ងត៍ ជាមធ្យម ១២លានតោន ហើយកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងត៍ ដោយខ្លួនឯងប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ និងប្រមូលចំណូលសួយសារអាករប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។
ខណៈវិស័យសំណង់នៅកម្ពុជា បន្តរីកចម្រើនគួរឲ្យកត់សម្គាល់ តម្រូវការស៊ីម៉ងត៍ក្នុងវិស័យនេះក៏កាន់តែកើនឡើងជាបន្តបន្ទាប់។ បើតាមការបញ្ជាក់ពីឯកឧត្តម អ៊ឹង ឌីប៉ូឡា ដើម្បីឆ្លើយតបនឹង កំណើនតម្រូវការស៊ីម៉ង់ត៍ នាពេលបច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បាននិងកំពុងគិតគូរក្នុងការបង្កើតរោងចក្រផលិតស៊ីម៉ងត៍បន្ថែមនៅកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម អ៊ឹង ឌីប៉ូឡា មិនបានបញ្ជាក់នោះទេ ពាក់ព័ន្ធជាមួយទីតាំង និងពេលវេលាលម្អិត ក្នុងដំណើរការនៃការបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍បន្ថែមនេះ។
ដោយឡែក នៅឆមាសទី១ ក្នុងឆ្នាំ២០២២ កម្ពុជា បានផលិតស៊ីម៉ងត៍ ជាង៤លានតោន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងស្រុក។ ចំណែក បរិមាណស៊ីម៉ងត៍ ៣លានតោន ដែលកម្ពុជា បាននាំចូល ដើម្បីបំពេញតម្រូវការបន្ថែមនោះ មានប្រមាណ ៧០ភាគរយ ត្រូវបាននាំចូលពីប្រទេសថៃ និង៣០ភាគរយទៀត ត្រូវបាននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។ នេះបើតាមការអះអាងរបស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា៕