កម្ពុជានឹងភ្ជាប់ការទូទាត់ប្រាក់រៀលតាម QR Code ជាមួយឡាវ វៀតណាម និងចិន

ថ្នាក់ដឹកនាំធនាគារជាតិ៖ ការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយវៀតណាម ឡាវ និងចិនអាចរួចរាល់នៅដំណាច់ឆ្នាំនេះ


ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីភ្ជាប់ការទូទាត់ប្រាក់រៀលតាម QR កូដរបស់ប្រព័ន្ធបាគងជាមួយប្រទេសឡាវ វៀតណាម និងចិន បន្ទាប់ពីទទួលបានជោគជ័យសម្រាប់ការភ្ជាប់ជាមួយប្រទេសថៃ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំធនាគារជាតិ គម្រោងភ្ជាប់ការទាត់ប្រាក់រៀលជាមួយប្រទេសទាំង៣ ទំនងជាអាចដាក់ឲ្យដំណើរការនៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
កម្ពុជានឹងភ្ជាប់ការទូទាត់ប្រាក់រៀលតាម QR Code ជាមួយឡាវ វៀតណាម និងចិន

ការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយប្រទេសផ្សេងៗនេះ គឺដើម្បីពង្រីកវិសាលភាពការចាយប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីការចាយរូបិយបណ្ណជាតិ វាមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយពង្រឹងភាពធន់សេដ្ឋកិច្ចជាតិ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ក៏ដូចជាជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិ។

នាពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធខេមបូឌាស៊ែស្វិច(CSS)កាលពីពេលថ្មីៗ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការភ្ជាប់ការទូទាត់ប្រាក់រៀលតាម QR កូដរបស់ប្រព័ន្ធបាគងជាមួយប្រទេសវៀតណាម ឡាវ និងចិនអាចនឹងដាក់ឲ្យដំណើរការនៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះ។ នេះជាការពង្រីកការទូទាត់ប្រាក់រៀលជំហានទីពីរ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានភ្ជាប់ការទូទាត់ជាមួយថៃយ៉ាងជោគកាលពីកន្លងមក។ ក្រោយគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការ ប្រជាជនកម្ពុជាដែលមានគណនីបាគងជាប្រាក់រៀលអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មបានយ៉ាងទូលំទូលាយនៅប្រទេសទាំងបីខាងលើ ហើយប្រជាជននៃប្រទេសទាំងបីក៏អាចទូទាត់ថ្លៃទំនិញ និងសេវាកម្មជារូបិយបណ្ណខ្លួនតាមរយៈប្រព័ន្ធនេះនៅកម្ពុជាផងដែរ។ ក្រៅពីប្រទេសទាំងនេះ កម្ពុជាក៏មានគម្រោងពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀតផងដែរ។

បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី គោលបំណងនៃការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិននេះ គឺដើម្បីលើកតម្លៃ និងពង្រីកការចាយប្រាក់រៀលរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ ក៏ដូចជាដើម្បីបង្កភាពងាយស្រួលក្នុងការទូទាត់សម្រាប់ប្រជាជនកម្ពុជាពេលធ្វើដំណើរកម្សាន្តនៅកាន់ប្រទេសដែលមានកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធទូទាត់ជាមួយកម្ពុជា។

សម្រាប់លោកជំទាវ ជា សិរី ការប្រើប្រាស់រូបិយបណ្ណជាតិមិនត្រឹមតែ ដើម្បីរក្សាអធិបតេយ្យជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ជាពិសេសជួយគ្រប់គ្រងស្ថិរភាពសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិ។ ជាក់ស្តែងនៅមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកើតឡើងម្តងៗ ប្រទេសដែលមានការចាយរូបិយបណ្ណជាតិរបស់ទូលំទូលាយតែងតែដំឡើងអត្រាការប្រាក់ ឬបន្ទាបអត្រាការប្រាក់ដើម្បីជួយរក្សាលំនឹងសេដ្ខកិច្ច កាត់បន្ថយការកើនឡើងអតិផរណា ក៏ដូចជាស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាដើម។

ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ការទូទាត់សង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឌីជីថល ជាពិសេស QR កូដជាបន្តបន្ទាប់សម្រាប់ផ្តល់សេវាកម្មជូនអតិថិជន។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២២ កន្លងទៅការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានទំហំប្រមាណ២៧២ពាន់លានដុល្លារ ស្មើនឹងជិត៨០០% នៃ GDP ដែលមានតម្លៃ២៩ពាន់លានដុល្លារ ដែលអាចជាតួលេខមួយខ្ពស់ជាងគេនៅលើពិភពលោក៕




អត្ថបទបន្ទាប់


សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ក្នុងតម្លៃ ៨០លានដុល្លារ តើមានចំណុចអស្ចារ្យអ្វីខ្លះ ?

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ ស្តង់ដារអាមេរិក ហើយក៏ជាគម្រោងវិនិយោគអន្តរជាតិដ៏ធំមួយរបស់ក្រុមហ៊ុន ជី…

អូស្ត្រាលីនិងឥណ្ឌូនេស៊ីព្រមព្រៀងគ្នាសម្រួលដំណើរធ្វើធុរកិច្ចដោយប្រជាជនឥណ្ឌូនេស៊ីនៅប្រទេសអូស្ត្រាលី

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស បានប្រកាសថា ប្រជាជនឥណ្ឌូនេស៊ីនឹងអាចទទួលបានទិដ្ឋាការអាជីវកម្មវែងជាងមុនសម្រាប់ការស្នាក់នៅក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ