បច្ចេកវិទ្យាផលិតឈីប

ជប៉ុនកំពុងពិចារណាដើរតាមអាមេរិក រឹតត្បិតលើការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន


រដ្ឋាភិបាលទីក្រុងតូក្យូ នឹងពិចារណាដាក់ការរឹតត្បិតលើការនាំចេញទៅកាន់ប្រទេសចិន នូវបច្ចេកវិទ្យាផលិតបន្ទះឈីបទំនើបៗ រួមទាំងគ្រឿងម៉ាស៊ីនសម្រាប់ការផលិតឈីបផងដែរ ដោយការរឹតត្បិតនេះ គឺធ្វើឡើងស្របទៅតាមការស្នើសុំរបស់អាមេរិក ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ជប៉ុនកំពុងពិចារណាដើរតាមអាមេរិក រឹតត្បិតលើការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន
ដោយ

អាមេរិក ថ្មីៗនេះ បាននិងកំពុងដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធទៅលើការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសចិន ដោយក្នុងនោះ ការរារាំងចិនមិនឲ្យទទួលបាននូវបន្ទះឈីបដែលមានគុណភាពខ្ពស់ បានក្លាយជាសមរភូមិថ្មីមួយទៀត នៃសង្គ្រាមបច្ចេកវិទ្យារវាងទីក្រុងវ៉ាស៊ិនតោន និងទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីចុងសប្ដាហ៍មុននេះថា ជប៉ុននឹងដាក់ចេញនូវវិធានការរឹតត្បិត សំដៅគ្រប់គ្រងការនាំចេញរបស់ខ្លួន ដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។

ការលើកឡើងពីគោលបំណងនៃការរឹតបន្ដឹងការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិននេះ ត្រូវបានធ្វើឡើង នៅក្រោយពេលមានការពិភាក្សារវាងមន្ត្រីកំពូលៗរបស់អាមេរិក ជប៉ុន និងហូឡង់ កាលពីសប្ដាហ៍មុននៅទីក្រុងវ៉ាស៊ិនតោន ដោយសហរដ្ឋអាមេរិកបានធានានូវកិច្ចព្រមព្រៀងមួយ ជាមួយនឹងប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ។ ប្រទេសជប៉ុន និងហូឡង់ ត្រូវបានគេដឹងថា នឹងរួមបញ្ចូលគ្នានូវការរឹតបន្ដឹងមួយចំនួន ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក ប៉ុន្ដែ នឹងមិនមានការប្រកាសណាមួយនៅពេលខាងមុខនោះទេ ហើយការអនុវត្តទៀតសោត នឹងត្រូវចំណាយពេលជាច្រើនខែទៅមុខទៀត។

ទោះយ៉ាងណា អ្នកជំនាញបានអះអាង ប្រសិនបើជប៉ុន នឹងដាក់ចេញនូវវិធានការរឹតត្បិតនាំចេញបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ប្រទេសចិន តាមអ្វីដែលជាការស្នើសុំរបស់អាមេរិកមែននោះ ប្រទេសចិន អាចនឹងចាត់វិធានការសងសឹកវិញជាក់ជាមិនខានឡើយ ខណៈកន្លងមកទីក្រុងប៉េកាំងក៏បានដាក់ពាក្យប្ដឹងប្រឆាំងនឹងវិធានការរបស់អាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោករួចហើយដែរ។

គេនៅចាំបានថា ក្រោមគោលការណ៍រឹតបន្ដឹង ដែលអនុម័តកាលពីខែតុលាកន្លងដោយសហរដ្ឋអាមេរិក គឺរាល់ការនាំចេញបច្ចេកវិទ្យា គ្រឿងបរិក្ខាបម្រើដល់ការផលិត និងបុគ្គលិក ដែលបម្រើការសម្រាប់ការផលិតបន្ទះឈីបទំនើបៗ គឺត្រូវតែមានការស្នើសុំ និងឆ្លងកាត់ការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ទើបអាចនាំចេញបាន។ ការរឹតបន្ដឹងនេះ ក៏អនុវត្តចំពោះ ឧបករណ៍សម្ភារៈដែលផលិតដោយក្រុមហ៊ុនបរទេស ដែលប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិកផងដែរ។

សហរដ្ឋអាមេរិក បានខំជ្រៀតចូលក្នុងកិច្ចព្រមព្រៀងជាមួយជប៉ុន និងហូឡង់ សម្រាប់កិច្ចសហប្រិបត្តិការការផលិតបន្ទះឈីបនេះ ក៏ដោយសារតែប្រទេសទាំងពីរនេះ គឺមានមានសម្ភារៈផលិតបន្ទះឈីបដែលមិនពឹងផ្អែកលើបច្ចេកវិទ្យារបស់អាមេរិកនោះទេ ដូច្នេះ អាមេរិកចង់ឲ្យសម្ព័ន្ធមិត្តទាំងពីរនេះ ដើរតាមខ្លួនដែរ គឺមិនត្រូវផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាសម្រាប់ការផលិតបន្ទះឈីបគុណភាពខ្ពស់ទៅកាន់ប្រទេសចិននោះឡើយ។ មែនទែនទៅ អាមេរិក បារម្ភខ្លាំងណាស់នៅពេលចិនមានសមត្ថភាពអភិវឌ្ឍបន្ទះឈីបទំនើបៗ ព្រោះថា បន្ទះឈីបទំនើបៗទាំងនេះ មិនត្រឹមតែអាចប្រើប្រាស់សម្រាប់ផលិតឧបករណ៍បច្ចេកវិទ្យាទំនើបៗសម្រាប់ប្រើប្រាស់នោះទេ ប៉ុន្ដែ វាក៏កំណត់អំពីសមត្ថភាពនៃអាវុធមីស៊ីល និងឧបករណ៍យោធាផ្សេងៗទៀតផងដែរ។ ដូច្នេះ ល្កឹកណា យោធាចិនមានសមត្ថភាពទាំងនេះ វាគឺជាការគំរាមកំហែងមួយដល់សន្ដិសុខរបស់សហរដ្ឋអាមេរិក ដែលជាបងធំទី១របស់ពិភពលោកនាពេលបច្ចុប្បន្ន។

យោងតាមសមាគមបរិក្ខារបន្ទះសៀគ្វីរបស់ជប៉ុនបង្ហាញថា ការលក់ចេញទៅក្រៅប្រទេសនូវគ្រឿងសម្ភារៈបរិក្ខារសម្រាប់បម្រើដល់រោងចក្រផលិតរបស់ជប៉ុន មានតម្លៃដល់ទៅប្រមាណ ២៣ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២១ កើនឡើង ៥១% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ប្រទេសចិន គឺជាអ្នកទិញលំដាប់កំពូលតែម្ដងរបស់ជប៉ុន ដោយបានបញ្ជាទិញគ្រឿងសម្ភារៈបរិក្ខារទាំងនេះក្នុងតម្លៃជាង ៧ពាន់៦រយលានដុល្លារ ឬស្មើនឹង៣៣% នៃការបញ្ជាទិញសរុប៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយ ទោះបីបានកើនឡើងលើសការរំពឹងទុកនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២ក្ដី

ព័ត៌មាន
សេដ្ឋកិច្ចអាមេរិកជារួមបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ ប៉ុន្តែបើមើលលើតម្រូវការក្នុងស្រុកវិញហាក់កើនឡើងក្នុងល្បឿនយ…

កូរ៉េខាងត្បូងត្រូវការពលករបរទេសជាង ១០ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកពីស្រុកបរទេសប្រហែល១១ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣នេះ ដើម្បីទៅបម្រើការងារនៅតាមកសិដ្ឋាន និងរោងចក្ររបស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ