ការលុកលុយរបស់រុស្សីលើប្រទេសអ៊ុយក្រែនបានកើតឡើង គួបផ្សំនឹងការកើនឡើងភាពតានតឹងជាមួយមហាអំណាចលោកខាងលិច ភាពគ្មានស្ថិរភាពជាសកលដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងការរំខានជាបន្តបន្ទាប់ដែលបណ្តាលមកពីមេរោគឆ្លង គឺសុទ្ធសឹងជាកត្តាដែលបានដាក់សម្ពាធមកលើសេដ្ឋកិច្ចចិន ខណៈដែលនៅឆ្នាំ២០២២ ចិនកំណត់គោលដៅកំណើនសេដ្ឋកិច្ចត្រឹមតែ៥,៥%ប៉ុណ្ណោះ ខណៈឆ្នាំ២០២១ សេដ្ឋកិច្ចចិនត្រូវបានប៉ាន់ប្រមាណថាកើន ៨,១%។
បើទោះបីជា មានផលរំខានច្រើន ពិសេស បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចចិនក្ដី ប៉ុន្ដែ លោក Justin Lin Yifu ទីប្រឹក្សាជាន់ខ្ពស់ទីក្រុងប៉េកាំងបាននិយាយថា លោកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះការប៉ាន់ប្រមាណថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅឆ្នាំ ២០៣០ ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងពិភពលោក។ លោកបន្ថែមថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចនឹងជះឥទ្ធិពលដល់ប្រទេសចិន ប៉ុន្តែវាក៏នឹងប៉ះពាល់ដល់សហរដ្ឋអាមេរិកដូចគ្នាដែរ។
លោក Lin ក៏ជឿថា អតិផរណារបស់ប្រទេសចិននឹងមិនកើនឡើងយ៉ាងឆាប់រហ័សនោះទេ បើទោះបីជាតម្លៃប្រេង និងអាហារកើនឡើងខ្ពស់ក៏ដោយ។
ទីប្រឹក្សាជាន់ខ្ពស់រដ្ឋចិនរូបនេះ សង្ឃឹមថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះ ហើយប្រសិនបើដូច្នេះមែន ផលប៉ះពាល់មកលើសេដ្ឋកិច្ចចិន នឹងនៅមានកម្រិត។
ទីប្រឹក្សាជាន់ខ្ពស់រដ្ឋចិន លោក Justin Lin Yifu ជឿជាក់ថា ផ្អែកតាមការប៉ាន់ស្មាននូវកំណើនសេដ្ឋកិច្ចពោពេញដោយមហិច្ឆតារបស់លោក លើសក្ដានុពលរបស់សេដ្ឋកិច្ចចិន នៅប៉ុន្មានឆ្នាំខាងមុខនេះ សេដ្ឋកិច្ចចិននឹងមានលើសសេដ្ឋកិច្ចអាមេរិកយ៉ាងហោចណាស់២ ទៅ ៣ ពិន្ធុភាគរយ។ ក្នុងនោះផងដែរ លោកបានរិះគន់សហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសកល រួមទាំងប្រព័ន្ធទូទាត់ SWIFT និងប្រាក់ដុល្លារអាមេរិក ជាឧបករណ៍ដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ លោកបានសង្កេត់ធ្ងន់ថា ពាណិជ្ជកម្ម និងនយោបាយ គួរតែត្រូវបានបំបែកចេញពីគ្នា។
មកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមមានការដកធនាគាររុស្ស៊ីពីប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តជាតិ SWIFT រួមទាំងផែនការក្នុងការកាត់ផ្តាច់ការនាំចូលថាមពលពីរុស្ស៊ីផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន