ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន(UPDIS)កាលពីថ្ងៃទី១៨តុលា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយទៅតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឲ្យមានភាពរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏ដូចជាដើម្បីសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជាឲ្យមានចំណួលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ឧកញ៉ា ចេង ខេង ចាត់ទុកគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងដើរតួនាទីជាចលករ និងជាមេដែកដ៏សំខាន់មួយក្នុងការស្រូបទាញក្រុមហ៊ុនវិនិយោគបរទេសឲ្យចូលមកអភិវឌ្ឍន៍កម្ពុជាកាន់តែច្រើន ដែលនឹងជួយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។
លើសពីនេះទៀត ឧកញ៉ា ចេង ខេង ជឿជាក់ថា តាមរយៈផែនការមេនេះ វានឹងជួយពាំនាំមកជាមួយនូវបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗមកកាន់កម្ពុជាផងដែរ ដែលវានឹងជួយប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាបណ្តុំឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ដ៏ស៊ីវីល័យដូចទីក្រុងធំៗនៅមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។
ជាមួយគ្នាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយក្នុងការរៀបចំយុទ្ធសាស្ត្ររយៈពេលមធ្យម និងវែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ឲ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា ព្រះសីហនុជាខេត្តមានសក្តានុពលសម្រាប់ការអភិវឌ្ឍ ដ្បិតខេត្តនេះមានទីតាំងភូមិសាស្ត្រនយោបាយល្អ រួមជាមួយកំពង់ផែ អាកាសយានដ្ឋានអន្តរជាតិ និងតំបន់ឆ្នេរទេសចរណ៍ជាច្រើនទៀត។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់អះអាងថា នៅពេលអនាគតខាងមុខ ខេត្តព្រះសីហនុនេះ នឹងក្លាយជាច្រមុះសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដើម្បីអាចនាំចេញទំនិញផ្ទាល់ទៅកាន់ទីផ្សារបរទេស លែងពឹងតែលើច្រកប្រទេសវៀតណាម ឬថៃ ទៀតហើយ។ បើតាមការអះអាងរបស់ ឯកឧត្តម វង្សី វិស្សុត លោកជឿជាក់ថា នឹងមានការផ្ទេរឧស្សាហកម្មផលិតពីក្រៅប្រទេសមកកាន់ខេត្តព្រះសីហនុ នៅពេលដែលប្លង់មេបានរៀបចំរួច និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ ទឹកភ្លើង កំពង់ផែជាដើមត្រូវបានស្ថាបនារួចរាល់។
ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឲ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជាក្បាលម៉ាស៊ីន ដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជារដ្ឋាភិបាលបានដាក់ចេញនូវផែនការចំនួន៤ចំណុច។
ផែនការទាំង៤នោះរួមមាន អភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាទីក្រុងក្រុងដ៏ល្បី និងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត និងបំពាក់ដោយសេវាសាធារណៈ បិរក្ខាសម្រាប់រស់នៅដាប់ពិភពលោក, តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ចូលរួមបប្រើខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល៕