ទីផ្សារប្រេងឆៅពិភពលោក

ប្រេងឆៅពិភពលោកហក់ឡើងថ្លៃដល់ជាង៧០ដុល្លារហើយ​ក្នុងមួយធុងបារ៉ែល ដោយសារអ្វី?


តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកកំពុងបន្ដហក់ឡើងថ្លៃកាន់តែខ្លាំងឡើងៗហើយ ជាក់ស្តែង តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានហក់ឡើងដល់ ៧០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែលជាលើកដំបូង គិតចាប់តាំងពីខែតុលាឆ្នាំ២០១៨មក។ ការកើនឡើងតម្លៃប្រេងឆៅនេះ ត្រូវបានគេមើលឃើញថា ដោយសារតែក្រុមហ៊ុន ក៏ដូចជាពាណិជ្ជកធំៗមានសុទិដ្ឋិនិយមខ្ពស់លើទីផ្សារ ដោយរំពឹងថាតម្រូវការប្រើប្រាស់នៅលើពិភពលោកនឹងងើបឡើងវិញ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg។
ទីផ្សារប្រេងឆៅពិភពលោកហក់ឡើងថ្លៃដល់ជាង៧០ដុល្លារហើយក្នុងមួយធុងបារ៉ែល ដោយសារអ្វី? (រូបភាព៖www.oceannews.com)
ដោយ

ទីផ្សារប្រេងឆៅពិភពលោកត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមមានការស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ គិតចាប់តាំងពីជាងពាក់កណ្ដាលខែឧសភាមកម្ល៉េះ ដោយអំឡុងពេលនោះ តម្លៃប្រេងឆៅជិត ៦២ដុល្លារក្នុងមួយធុងបារ៉ែល ហើយក៏បានបន្ដកើនឡើងក្រឺតៗ រហូតមកទល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយប្រេងឆៅអាមេរិកមានតម្លៃ៧០ដុល្លារក្នុងមួយធុងបារែល ខណៈដែលប្រេងឆៅ អង់គ្លេសវិញ គឺកើនឡើងកាន់តែខ្ពស់ថែមទៀត មួយធុងបារ៉ែល តម្លៃដល់ទៅ ៧២ដុល្លារអាមេរិកឯណោះ។

អ្នកជំនាញក្នុងវិស័យឧស្សាហកម្មប្រេង បានអះអាងថា ប្រទេសសមាជិកអង្គការអូពិកផ្លើស (OPEC+) ហាក់ដូចជាកំពុងគ្រប់គ្រងតម្លៃទីផ្សារប្រេងឆៅ ដោយសារតែផលិតកម្មប្រេងសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅកម្រិតមុនមេរោគកូវីដរាតត្បាត។ មិនតែប៉ុណ្ណោះ ប្រទេសសមាជិកអង្គការអូពិកផ្លើស កំពុងតែត្រឡប់មកផ្គត់ផ្គង់ប្រេងឆៅច្រើនឡើងវិញហើយ បន្ទាប់ពីប្រទេសទាំងនេះបានកាត់បន្ថយការផលិតប្រេងនាពេលកន្លងមក ដើម្បីពង្រឹងទីផ្សារប្រេងឆៅ។

អ្នកជំនាញក្នុងវិស័យឧស្សាហកម្មប្រេង បានគូសបញ្ជាក់ថា ប្រេងឆៅកំពុងមានតម្រូវការខ្លាំងឡើងវិញហើយឥឡូវនេះ ជាមួយនឹងសេដ្ឋកិច្ចនៅទូទាំងពិភពលោកកំពុងបើកដំណើរការឡើងវិញដែរ។ ជាមួយគ្នានេះដែរ ក្តីរំពឹងយ៉ាងមុតមាំចំពោះការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈក៏កំពុងកើនឡើងដែរ ដូចជានៅទីផ្សារធំៗ អាមេរិក ចិន និង អឺរ៉ុប ដែលមានសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិមេរោគរាតត្បាតកូវីដ១៩។

បើតាមទិន្នន័យពីអគ្គរដ្ឋបាលគយចិន គិតត្រឹមរយៈពេល៥ខែឆ្នាំ ២០២១នេះ  ចិនបាននាំចូលប្រេងឆៅកើនឡើង២,៣% មានបរិមាណសរុប ២២១លានតោនឯណោះ។ ប្រការនេះ សបញ្ជាក់យ៉ាងច្បាស់ក្រឡេតថា សេដ្ឋកិច្ចចិនបានចាប់ផ្ដើមកើនឡើងខ្លាំងឡើងវិញហើយ ទើបបានជាជំរុញឲ្យមានតម្រូវការប្រើប្រាស់ប្រេងមានការកើនឡើងវិញខ្លាំងយ៉ាងដូច្នេះ។

ស្របពេលដែលតម្រូវការប្រេងសកលលោកមានការកើនឡើង និង តម្លៃស្ទុះកើនឡើងកាន់តែខ្ពស់ បើយើងក្រឡេកមកមើលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាយើងឯណេះវិញ ក៏មានការកើនឡើងខ្ពស់ដូចគ្នាដែរ។ ជាក់ស្ដែង បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងក្នុងទីក្រុងភ្នំពេញ បានបង្ហាញថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែមិថុនា សម្រាប់ប្រេងសាំងធម្មតាតម្លៃ ៣.៨០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតវិញលក់ក្នុងមត្លៃ ៣.៤៥០រៀល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចជំរុញការដាំដុះ និងនាំចេញផ្លែប៊័របានដែរទេ?

ព័ត៌មាន
អ្នកជំនាញផ្នែកកសិកម្មកម្ពុជារំពឹងថា តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និង ពេលអនាគត នឹងជំរុញគម្រោងវិនិយោគផ្លែប៊័រ ទទួលបានជោគជ័យទាំងសម្រាប់…

តម្លៃស្បៀងអាហារលើពិភពលោកហក់ឡើងខ្លាំងមិនធ្លាប់មាន ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ

ព័ត៌មាន
តម្លៃស្បៀងអាហារនៅទូទាំងពិភពលោកបានហក់ឡើងខ្ពស់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅ១ឆ្នាំចុងក្រោយនេះតែម្ដង ដោយវាបានហក់ឡើងដល់ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ