ក្នុងនោះសេដ្ឋវិទូបារម្ភ ពីការបញ្ជាទិញធ្លាក់ចុះនៅចុងឆ្នាំ២០២២ ក្នុងវិស័យកាត់ដេរ និងផលិតផលមួយចំនួនទៀត ដែលធ្លាប់មានទីផ្សារនាំទៅប្រទេសគោលដៅដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈកត្តាព្រួយបារម្ភមួយទៀត គឺវិស័យអចលនទ្រព្យដែលកំពុងមើលឃើញពីការស្រុតចុះ ក្រោយការស្ងប់ស្ងាត់វិនិយោគិនមកពីប្រទេសចិន។
លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានប្រាប់អ្នកយកព័ត៌មាន Cambonomist ថា ដោយសារតែកត្តាខាងក្រៅ ជុំវិញភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចប្រទេសធំៗដែលជាទីផ្សារនាំចេញទំនិញពីកម្ពុជាកំពុងជួបការលំបាក ជាហេតុធ្វើឱ្យកម្ពុជាមិនអាចនាំចេញបានងាយស្រួលដូចមុន ដោយសារតែការបញ្ជាទិញមានការធ្លាក់ចុះទៅតាមនោះដែរ។ អ្នកជំនាញរូបនេះបានផ្តល់អនុសាសន៍ឱ្យកម្ពុជាប៉ះប៉ូវកង្វះខាតនៃការនាំចេញផលិតផល ដោយងាកមកនាំចេញសេវាកម្មជំនួសវិញ។ នាំចេញសេវាកម្ម គឺសំដៅដល់វិស័យទេសចរណ៍ ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន ដើម្បីពួកគេចំណាយប្រាក់ច្រើន យ៉ាងហោចណាស់ក៏អាចប៉ះប៉ូវបានខ្លះ នៃចំណែកដែលបាត់បង់លើការនាំចេញផលិតផលដែរ។
បើតាមរបាយការណ៍ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បង្ហាញថា ការនាំចេញទំនិញទាំងអស់របស់កម្ពុជា ដោយមិនរាប់បញ្ចូលមាស នៅមានភាពរឹងមាំ ពិសេសនៅអំឡុង៨ខែដំបូងឆ្នាំនេះ។ ទោះយ៉ាងណា អត្រាកំណើននៃការនាំចេញទំនិញបានថយចុះជាបន្តបន្ទាប់ពីកម្រិតខ្ពស់បំផុតប្រមាណ ៣៧%កាលពីខែឧសភា ដែលនេះបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការក្រៅប្រទេស។
យោងតាមអង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្មសកល បានបាត់បង់សន្ទុះចាប់ពីឆមាសទីពីរនៃឆ្នាំ២០២២ ហើយនឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារព្រួយបារម្ភពីកំណើនសេដ្ឋកិច្ចសកល។
ក្រៅតែពីការនាំចេញ វិស័យអចលនទ្រព្យដែលចាត់ទុកជាជន្ទល់មួយដែលសម្រាប់សេដ្ឋកិច្ចកម្ពុជា ត្រូវបានអ្នកជំនាញលោក លី សូដេត លើកឡើងថា វាទាមទារឱ្យមានការវិយោគពីខាងក្រៅឱ្យច្រើន ទើបវិស័យមួយនេះងើបឡើងវិញបាន។ ក៏ប៉ុន្តែមុននឹងអាចនាំយកវិនិយោគក្រៅស្រុកមកបាន ទាល់តែសេដ្ឋកិច្ចមានកំណើនល្អឡើងវិញដូចគ្នា ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគសម្លឹងឃើញពីផលចំណេញនៅកម្ពុជា។
របាយការណ៍ World Bank ដដែលឱ្យដឹងថា ការស្ទុះងើបឡើងវិញមួយផ្នែកនៃវិស័យទេសចរណ៍ បានធ្វើឲ្យប្រសើរឡើងនូវទស្សនវិស័យសេដ្ឋកិច្ចនៃសកម្មភាពសំណង់ ដែលពាក់ព័ន្ធនឹងទេសចរណ៍ ទោះបីជាសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តធ្លាក់ចុះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពអភិវឌ្ឍអចលនទ្រព្យនៅតែបន្តទទួលរងសម្ពាធពីការផ្គត់ផ្គង់លើស ជាមួយនឹងការថយចុះការចាប់អារម្មណ៍របស់អ្នកវិនិយោគបរទេស សម្រាប់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ។
ដោយឆ្លុះបញ្ចាំងពីតម្រូវការបន្តធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យដូចនេះ ការអនុម័តលិខិតអនុញ្ញាតឱ្យសាងសង់ បានធ្លាក់ចុះ ៥៤% អំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២២។ ស្រដៀងគ្នានេះដែរ ទីតាំងដែលអនុញ្ញាតសម្រាប់ការសាងសង់បានធ្លាក់ចុះ៥៣%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលដូចគ្នានេះ បរិមាណសម្ភារសំណង់ជាមូលដ្ឋានសរុបរួមមាន ស៊ីម៉ងត៍ ដែក និងការនាំចូលសម្ភារៈសំណង់ផ្សេងទៀត ដែលសុទ្ធសឹងត្រូវបានប្រើជាប្រាស់ជាសម្ភារៈចម្បងសម្រាប់ឧស្សាហកម្មសំណង់បានធ្លាក់ចុះជាង ១០% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមជម្រាបថា នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថាកម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨%នៅក្នុងឆ្នាំ២០២២។ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ដោយឡែក កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន ៥,២%នៅឆ្នាំ២០២៣ ដោយសារតែ កំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់កំណើនលឿនជាងនេះ នៅតែប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវត្តសភាពការណ៍នៅក្រៅជុំវិញពិភពលោក៕