ក្រុមអ្នកជំនាញបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរតាមច្រកព្រំដែនមិនបង្កើនការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ទេនោះ ចរន្តនៃការលបលួចនាំចូលស៊ុតខុសច្បាប់ នឹងក្លាយជាចលករវាយបំបាក់ទឹកចិត្តកសិករខ្មែរ ក៏ដូចជាបំផ្លាញសុខភាព និងសេដ្ឋកិច្ចជាតិផងដែរ។
លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាខ្មែររីករាយនៅខេត្តកណ្ដាល បានអះអាងថា នៅមួយរយៈពេលចុងក្រោយនេះតម្លៃស៊ុតទា និងស៊ុតមាន់ បានហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់ ដោយតម្លៃទិញដល់កសិដ្ឋានអាចលក់បានដល់៤០០រៀលក្នុងមួយគ្រាប់ ខណៈកាលពីដើមឆ្នាំលក់បានត្រឹមតែ៣១០រៀលប៉ុណ្ណោះ។ ម្ចាស់កសិដ្ឋានរូបនេះ សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងមិនបណ្ដែតបណ្ដាយឱ្យមានការនាំចូលស៊ុតខុសច្បាប់មកវាយលុកទីផ្សារដូចកាលពីមុន នាំឱ្យទីផ្សារស៊ុតក្នុងស្រុករងការរង្គោះរង្គើរទៀតឡើយ។
មិនខុសគ្នានោះទេ លោក យន់ ងន់ហុង អនុប្រធានសហគមន៍អ្នកចិញ្ចឹមមាន់យកពងខេត្តកំពង់ស្ពឺ បានលើកឡើងថា បច្ចុប្បន្នទីផ្សារស៊ុតមាន់មានភាពល្អប្រសើរមកវិញបន្តិចហើយ ដោយស៊ុតមាន់ប្រភេទលេខមួយអាចលក់បានក្នុងតម្លៃ៣៦០រៀលក្នុងមួយគ្រាប់ ខណៈកាលពីពេលកន្លងទៅអាចលក់បានជាង២០០រៀលក្នុងមួយគ្រាប់តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក នៅតែសង្កេតឃើញមានការនាំចូលស៊ុតពីប្រទេសជិតខាងជាបន្តបន្ទាប់ ដែលកត្តានេះនៅតែជាឆ្អឹងទទឹងកសម្រាប់កសិករក្នុងស្រុក។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ការនាំចូលទំនិញពីក្រៅប្រទេសមកកាន់ទីផ្សារកម្ពុជា ប្រសិនបើមន្ត្រីនៅតាមច្រកព្រំដែនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ជាពិសេសពិនិត្យលើសារធាតុគីមីហាមឃាត់ផ្សេងៗ នោះវាមិនមានជាបញ្ហាចោទនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ការនាំចូលទំនិញដែលមានផលិតក្នុងស្រុក និងមិនមានការផ្គត់ផ្គង់ខ្វះខាត នោះវានឹងក្លាយជាចលករវាយបំបាក់សេដ្ឋកិច្ចកសិករក្នុងស្រុក។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើដល់រដ្ឋាភិបាលពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យនាំចូលទំនិញផ្សេងៗ ដើម្បីជៀសវាងនាំបញ្ហាដល់ពលរដ្ឋអ្នកប្រើប្រាស់ និងអ្នកផលិតក្នុងស្រុក។
ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ក៏បានបង្ហាញការយល់ឃើញផងដែរថា ប្រសិនបើកម្ពុជា នៅតែបន្តឱ្យនាំចូលបន្លែ ត្រី សាច់ ជាពិសេសស៊ុតមាន់ស៊ុតទាពីក្រៅប្រទេស ដែលមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ វានឹងនាំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបំផ្លាញខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នៅក្នុងស្រុក។ អ្នកជំនាញរូបនេះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ឱ្យបាននូវការនាំចូលខុសច្បាប់ ហើយសម្រាប់ការនាំចូលស្របច្បាប់ត្រូវធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ និងស្ដង់ដាត្រឹមត្រូវ ដើម្បីការពារពលរដ្ឋអ្នកប្រើប្រាស់ ដោយមិនត្រូវគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ក្រុមអ្នកជំនាញបានចាត់ទុកមន្ត្រីសមត្ថកិច្ចនៅតាមច្រកព្រំដែន គឺជារនាំងការពារដ៏សំខាន់បំផុត។ ដូច្នេះ មន្ត្រីទាំងអស់ត្រូវតែបំពេញភារកិច្ចដោយភាពស្មោះត្រង់ មិនត្រូវគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើពុករលួយបើកដៃឱ្យទំនិញអន់គុណភាពចូលក្នុងស្រុកនោះឡើយ ហើយរាជរដ្ឋាភិបាលគួរតែដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរបំផុតចំពោះមន្ត្រីណាដែលប្រព្រឹត្តខុស ដើម្បីកុំឱ្យកើតមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាពពលរដ្ឋទៅថ្ងៃក្រោយ៕
អត្ថបទ៖ ជា ម៉ារ៉ា