
នាសន្និសិទសារព័ត៌មានកាលពីពេលថ្មីនេះ លោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) បានគូសបញ្ជាក់ថា កញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប ដែលរួមមានឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយបច្ចេកទេស ដែលមានទឹកប្រាក់សរុបជិត៨០លានអឺរ៉ូ ឬប្រមាណ៨៧លានដុល្លារ របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានឹងជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស រួមមានម្រេច និងស្វាយចន្ទី ឱ្យកាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ។ ទន្ទឹមនេះ កញ្ចប់វិនិយោគនេះនឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា នៅក្នុងស្រុកស្អាងខេត្តកណ្តាល ដើម្បីជួយសម្រួលការដឹកជញ្ជូនកសិផលរបស់កសិករទៅកាន់ទីផ្សារ។
បើតាមអនុប្រធានធនាគារវិនិយោគអឺរ៉ុបរូបនេះ គម្រោងសាងសង់ស្ពាននៅកោះខ្សាច់ទន្លា ដែលស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាលនេះ នឹងគ្រោងចំណាយថវិកាប្រមាណជាង១០លានអឺរូ ឬប្រមាណ១១លានដុល្លារ ខណៈការចាប់ផ្តើមការសាងសង់នៅពេលណា នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលគឺត្រូវឆ្លងកាត់ការសិក្សាគម្រោង និងសិក្សាពីផលប៉ះពាល់ជាមុនសិន។ លោកស្រី Nicola Beer បានឱ្យដឹងថា ការវិនិយោគលើការសាងសង់ស្ពាននេះ ក៏ដោយសារមើលឃើញពីសក្តានុពលផ្នែកកសិកម្មរបស់ពលរដ្ឋនៅកោះខ្សាច់ទន្លានេះ ដែលមានភាពលំបាកក្នុងការដឹកជញ្ជូនកសិផលទៅលក់ក្នុងទីផ្សារ ដូច្នេះហើយ តាមរយៈស្ពានមួយខ្សែនេះមិនត្រឹមតែជួយសម្រួលដល់ការពង្រីកទីផ្សារកសិផល និងបង្កើនប្រាក់ចំណូលរបស់សហគមន៍ក្នុងតំបន់នោះទេ ប៉ុន្តែក៏ជាប្រយោជន៍ដល់កម្ពុជាទាំងមូលផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយលើកញ្ចប់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។ ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន៦០លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល និងជំនួយគាំទ្រចំនួន៤,៥ លានអឺរ៉ូទៀតពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុបកើនដល់ជាង៨០លានអឺរ៉ូ ឬប្រមាណ៨៧លានដុល្លារ។ តាមរយៈគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករខ្នាតតូចចំនួន១០ម៉ឺននាក់ និងគ្រួសារមានដីធ្លីខ្នាតតូចចំនួន២ម៉ឺន៥ពាន់គ្រួសារ ដោយបង្កើតឱកាសរកចំណូលថ្មីៗ ជាពិសេសនៅតំបន់ជនបទ៕