ថ្នាក់ដឹកនាំសមាគមនេះរំពឹងថា នៅឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានឹងអាចបន្តរក្សាបានភាពរឹងមាំជាមួយកំណើននៃការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើដូចឆ្នាំនេះដែរ បើទោះបីស្ថានការណ៍នៃការគំរាមកំហែងស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។
លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ បើទោះបីវិស័យនេះ បានរងនូវការគំរាមកំហែងពីការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ ជាក់ស្តែងនៅឆ្នាំ២០២២ ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថានភាពល្អប្រសើរជាមួយកំណើនជារួមជាង២០%។ ទោះយ៉ាងណា ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នពុំទាន់មានភាពល្អប្រសើរដូចមុនពេលមិនទាន់មានការឆ្លងរាតត្បាតកូវីដ-១៩ នោះទេ។
បើតាមលោក ផល វ៉ាន់ឌី កត្តាដែលធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗបានអភិវឌ្ឍសេវាកម្ម និងផលិតផលរបស់ខ្លួនឲ្យស្របតាមស្ថានការណ៍ គួបផ្សំរាជរដ្ឋាភិបាលបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ និងដាក់ចេញយុទ្ធសាស្ត្រគាំទ្រមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យនេះ។ យន្តការចម្បង ដែលជួយទ្រទ្រង់ប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺធនាគារជាតិនៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់រៀបចំឥណទានឡើងវិញជូនអតិថិជន ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមនានា។
ទន្ទឹមនឹងនេះលោក ផល វ៉ាន់ឌី រំពឹងថា នៅឆ្នាំ២០២៣ខាងមុនវិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តរក្សាភាពខ្លាំងជាមួយការសម្រេចបាននូវកំណើនក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២ បើទោះបីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចបាន និងកំពុងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ ការបង្ហាញភាពជឿជាក់បែបនេះរបស់លោក ផល វ៉ាន់ឌី ក៏ដោយសារលោកពឹងផ្អែកលើភាពចាស់ទុំ និងបទពិសោធន៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលបានពុះពារឧបសគ្គដ៏លំបាកក្នុងអំឡុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងមក។
ជុំវិញបញ្ហាសេដ្ឋកិច្ចសាកល ដែលបង្កឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែន ដូចជាថាមពល និងអតិផរណាកើនឡើង រួមទាំងអត្រាការប្រាក់កើនខ្ពស់នោះ អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ លោក ផល វ៉ាន់ឌីអះអាងថា វាបានធ្វើឲ្យប៉ះពាល់ខ្លះដែរមកលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប៉ុន្តែការប៉ះពាល់នោះស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ ទោះយ៉ាងណាលោកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមមិនបានដំឡើងអត្រាការលើប្រាក់កម្ចីជូនអតិថិជនរបស់ខ្លួននោះទេ ដ្បិតពួកគេមិនចង់ដាក់សម្ពាធបន្ថែមលើប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ស្រាប់ទៅហើយនោះ។ ទោះបីសហរដ្ឋអាមេរិកប្តេជ្ញានឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមនៅឆ្នាំក្រោយក៏ដោយ តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមមិនមានផែនការដំឡើងអត្រាការប្រាក់នោះទេ៕