ការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានរៀបចំឡើងជាលើកដំបូង ដោយសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន PLMP Venture Capital កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដោយមានសហគ្រាសរហូតដល់ទៅប្រមាណ ២០០សហគ្រាស បានចូលរួម។
សហគ្រាសទាំង៣ ដែលទទួលបានជ័យលាភី នៃការប្រកួតនេះ នឹងមានឱកាសទទួលបានប្រភពទុន សម្រាប់យកមកពង្រីកអាជីវកម្មរបស់ពួកគេ ដោយទំហំដើមទុនដែលអាចទទួលបាននោះ ក្នុងចន្លោះពី ១លាន ទៅ២លានដុល្លារ អាមេរិក ឬអាចលើសពីនេះទៅតាមទំហំអាជីវកម្ម។ លើសពីនេះទៅទៀត សហគ្រាសទាំងនេះ ក៏មានឱកាសក្នុងការចូលក្នុងទីផ្សារភាគហ៊ុននាពេលអនាគតផងដែរ។
សហគ្រាសជើងខ្លាំងចំនួន ៣ ដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបានក្លាយជាជើងឯកនៅក្នុងការប្រលងប្រជែងនេះ ដោយចំណាត់ថ្នាក់លេខ១ គឺបានទៅលើសហគ្រាសផលិតនំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុនភោជនីយដ្ឋាន SAMBA ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា ការរៀបចំនូវកម្មវិធីប្រកួតជើងឯកសហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺធ្វើឡើងជាលើកទី១ហើយ ដោយមានការសហការគ្នារៀបចំជាមួយក្រុមហ៊ុនសិង្ហបុរី PLMP Venture Capital និងមានការគាំទ្រដោយគណៈកម្មការមូលបត្រកម្ពុជា។ លោកឧកញ៉ា បន្ថែមថា សហគ្រាសដែលឈ្នះការប្រកួតទាំង ៣ នឹងមានឱកាសទទួលបានប្រភពទុនវិនិយោគបន្ថែម ដែលខាងក្រុមហ៊ុន PLMP នឹងជួយស្វែងរកជូនពួកគេ ហើយក៏អាចមានឱកាសនឹងចូលផ្សារភាគហ៊ុននៅពេលខាងមុខផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងដែរថា ការទទួលបាននូវប្រភពទុនសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចពង្រីកខ្លួន និងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងក្លាគឺជាប្រភពគ្រប់ពូជសំខាន់មួយ ដើម្បីជំរុញឲ្យសហគ្រាសទាំងនោះ អាចឈានទៅដល់ការបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជានៅពេលខាងមុខ។
លោក ដាតូ ស្រ៊ី ដុកទ័រ ភីទ័រ លីម ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន PLMP Venture Capital បានលើកឡើងថា ក្រុមហ៊ុនរបស់លោក នឹងពិភាក្សាបន្តទៀតជាមួយសហគ្រាសទាំង ៣ដែលបានឈ្នះការប្រកួតនេះ និងសង្ឃឹមថា អាចវិនិយោគជាមួយក្រុមហ៊ុនទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជួយឲ្យពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលផ្សារភាគហ៊ុន នាពេលខាងមុខ។
កញ្ញា ឈាវលី អ៊ីង នាយិកាប្រតិបត្តិក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលជាអ្នកឈ្នះលេខ១នៃការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យមនេះ ក៏បានអះអាងដែរថា ក្រុមហ៊ុនលីលី មានបំណងស្វែងរកប្រភពទុនប្រមាណ ៣ ទៅ៥ លានដុល្លារអាមេរិក ក្នុងការទិញម៉ាស៊ីន ដើម្បីពង្រីកផលិតកម្មរបស់ខ្លួន ហើយនៅពេលខាងមុខក្រុមហ៊ុននេះ ក៏គ្រោងនឹងចូលផ្សារភាគហ៊ុនផងដែរ៕