សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»

សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»ទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩នៃព្រឹទ្ធសភា


សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»របស់ក្រសួងពាណិជ្ជកម្មទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩ នៃព្រឹទ្ធសភា។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ណាស់ក្នុងការធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដ្បិតវាជាផ្នែកមួយក្នុងការជួយលើកកម្ពស់គុណភាព សុវត្ថិភាព និងអនាម័យម្ហូបអាហារនៅកម្ពុជា។ លើសពីនេះ វាបង្កើតឲ្យយន្តការទទួលខុសត្រូវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងការត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងច្រវាក់ផលិតកម្មម្ហូបអាហារផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា គាំទ្រទាំងស្រុង

គណៈកម្មការទី៩នៃព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ឧសភា បានបើកកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ» ក្រោមវត្តមានរបស់ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលតំណាងឲ្យរាជរដ្ឋាភិបាល។ ក្រោយត្រួតពិនិត្យយ៉ាងល្អិតល្អន់សេចក្តីព្រាងច្បាប់របស់ក្រសួងពាណិជ្ជកម្មនេះទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩នៃព្រឹទ្ធសភា។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា បានបង្ហាញគោលបំណង និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជួយលើកកម្ពស់គុណភាពម្ហូបអាហារ និងសុខភាពរបស់ប្រជាពលរដ្ឋ និងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានក្រោយច្បាប់នៃចូលជាធរមាន។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រៅពីជួយកម្ពស់គុណភាព និងការពារសុខភាពអ្នកទទួលទាន សេចក្តីព្រាងច្បាប់នេះក៏ជាផ្នែកមួយបម្រើឲ្យការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

បើតាមឯកឧត្តម អង្គ វង្ស វឌ្ឍានា សេចក្តីព្រាងច្បាប់នេះមានចំណុចសំខាន់ៗចំនួន៤ ដែលជំរុញដល់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធលើត្រួតពិនិត្យនិងគ្រប់គ្រង និងការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មម្ហូបអាហារទាំងការផលិត វេចខ្ចប់ និងចែកចាយប្រកបដោយគុណភាពស្របស្តង់ដារ និងបទបញ្ញត្តិបច្ចេកទេស។

ចំណុចសំខាន់ទាំងនោះរួមមាន ទី១, ការបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាល នៃខ្សែច្រវាក់ផលិតកម្មចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថា ផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅកម្ពុជាមានគុណភាព សុវត្ថិភាព និងអនាម័យល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

ទី២, ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដានិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ចំណុចសំខាន់ទី៣ គឺសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម។ និងទី៤ សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំបាននូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សា និងស្ដាប់ការបកស្រាយពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភា បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ក្នុងការខិតខំប្រឹងប្រែងលើការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ប្រកបដោយជោគជ័យ។ លើសពីនេះ សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះចូលជាធរមានផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗ បានចេញសេចក្តីប្រព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារ និងការចូលរួមកិច្ចប្រជ…

លោកពូទីនព្រមានហ្វាំងឡង់ថា ការចូលរួមជាសមាជិកណាតូគឺជាកំហុសឆ្គង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសមភាគីហ្វាំងឡង់ថា ការចូលរួមក្នុងអង្គការណាតូ និងការបោះបង់ចោលឋានៈជាប្រទេសអព្យាក្រឹតរបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ