ការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក គឺជាអ្វីគុណតម្លៃស្នូល ដែលខ្មែរ ប៊ែវើរីជីស តែងតែអនុវត្តជាប់ជាប្រចាំ ដោយកន្លងមកក្រុមហ៊ុនយក្សមួយនេះ បាននាំយកនូវបច្ចេកវិទ្យាឧស្សាហកម្មកំពូលៗពីសហគមន៍អឺរ៉ុបមកបំពាក់ក្នុងខ្សែច្រវាក់ផលិតកម្មរោងចក្ររបស់ខ្លួន រួមជាមួយនឹងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិស្វករខ្មែរ ឱ្យដើរទាន់យុគសម័យថ្មី នៃបច្ចេកវិទ្យាពិភពលោក ដើម្បីធានាបាននូវចក្ខុវិស័យរឹងមាំ និងមាននិរន្តរភាពលើសពី ១០០ ឆ្នាំ។
តួយ៉ាង ថ្មីៗនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំបុគ្គលិកជំនាញចំនួន ២៧ រូប ធ្វើដំណើរទៅសិក្សា ឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្មយក្សៗរបស់ពិភពលោកចំនួន ៤ នៅលើទឹកដីសហគមន៍អឺរ៉ុប រួមមាន៖
១, ក្រុមហ៊ុន Givaudan របស់ប្រទេសស្វីស៖ មានអាយុកាលជាង១៣០ឆ្នាំ ក្រុមហ៊ុននេះ ជំនាញលើការបង្កើតរសជាតិ ក្លិន និងសាធាតុផ្សំផ្សេងៗ ដើម្បីលាយឱ្យចេញជាផលិតផលថ្មី និងត្រឹមត្រូវតាមស្ដង់ដារចំណីអាហារពិភពលោក។
២, ក្រុមហ៊ុន Ferrum៖ ជាក្រុមហ៊ុន វិស្វកម្ម-ឧស្សាហកម្មរបស់ស្វីស ដែលមានឯកទេសលើបច្ចេកវិទ្យាវេចខ្ចប់ចំណីអាហារ និងភេសជ្ជៈ។ ឈរជាងលើទីផ្សារជាង១០០ឆ្នាំ ក្រុមហ៊ុននេះ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានគុណភាពគ្រឿងចក្រល្អបំផុតរបស់ប្រទេសស្វីស។
៣, ក្រុមហ៊ុន KHS Group ៖ ជាក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្មស្ដង់ដាអាល្លឺម៉ង់ មានជំនាញខ្ពស់បំផុតលើប្រព័ន្ធម៉ាស៊ីនសម្រាប់ប្រើប្រាស់ក្នុងការងារច្រក-វេចខ្ចប់ភេសជ្ជៈ តាំងពីដំណាក់កាលដំបូងដល់ការវេចខ្ចប់ដឹកចេញទៅលក់នៅលើទីផ្សារ។
៤, ក្រុមហ៊ុន Krones ៖ ជាក្រុមហ៊ុនមានដើមកំណើតនៅអាល្លឺម៉ង់ដូចគ្នាដែរ។ Krones បច្ចុប្បន្ន ជាអ្នកផ្គង់ផ្គង់ផលិតកម្មពេញលេញ សម្រាប់ឧស្សាហកម្មភេសជ្ជៈ រាប់តាំងពីបច្ចេកវិទ្យាសម្រាប់ការងារផលិតកម្ម ច្រក និងវេចខ្ចប់។
ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការវិនិយោគលើឧបករណ៍បច្ចេកវិទ្យាទំនើប និងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០២៦ នេះ ខ្មែរ ប៊ែវើរីជីស បានបន្តឈ្នះមេដាយលំដាប់ពិភពលោកពីស្ថាប័ន Monde Selection នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ជោគជ័យរបស់ ខ្មែរ ប៊ែវើរីជីស មិនមែនគ្រាន់តែជាសមិទ្ធផលដ៏អស្ចារ្យរបស់ក្រុមហ៊ុនមួយនោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកនៃមោទនភាពជាតិទាំងមូល។ ការណ៍ដែលឃើញផលិតផលខ្មែរត្រូវបានបង្កើតឡើងដោយស្នាដៃ និងការគ្រប់គ្រងបច្ចេកវិទ្យាលំដាប់អន្តរជាតិពីសំណាក់អ្នកជំនាញខ្មែរផ្ទាល់ វាបានក្លាយជាកម្លាំងចិត្ត និងជាភស្តុតាងយ៉ាងច្បាស់ថា៖ «ស្នាដៃខ្មែរ គុណភាពខ្មែរ អាចឈរជើងយ៉ាងរឹងមាំលើឆាកអន្តរជាតិ»។