ក្រុមអ្នកជំនាញបានព្រមានថា វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ គឺងាយរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារកង្វះទឹក និងមេឃក្ដៅខ្លាំង ដែលអាចធ្វើឱ្យការដាំដុះត្រូវពន្យារពេល ឬទំហំដំណាំថយចុះ។ ការព្យាករមួយចំនួនបង្ហាញថា ផលិតកម្មស្រូវក្នុងតំបន់អាចធ្លាក់ចុះប្រមាណ២%ទៅ ៨% បើប្រៀបធៀបនឹងឆ្នាំធម្មតា។ ក្រៅពីស្រូវ ដំណាំសំខាន់ៗផ្សេងទៀតដូចជាប្រេងដូងនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏អាចរងផលប៉ះពាល់ផងដែរ។ ជាមួយគ្នានេះ ប្រទេសជាច្រើននៅក្នុងតំបន់កំពុងប្រឈមនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ អាហារ និងជីកសិកម្មរួចទៅហើយ ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែពិបាក។ ក្រុមអ្នកវិភាគព្រមានថា បាតុភូត អែលនីណូ ដ៏ខ្លាំងក្លាអាចធ្វើឱ្យតម្លៃអាហារកើនឡើងបន្ថែមទៀត និងជំរុញកំណើនអតិផរណានៅទូទាំងតំបន់។
ក្រុមអ្នកជំនាញព្រមានថា ការឡើងថ្លៃស្បៀងអាហារ ជាពិសេសអង្ករអាចដាក់សម្ពាធលើរដ្ឋាភិបាលនៃប្រទេសនានា ហើយវានឹងជះផលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនរាប់លានគ្រួសារនៅអាស៊ីអាគ្នេយ៍ ព្រោះអង្ករជាអាហារចម្បងប្រចាំថ្ងៃ។ បើអាកាសធាតុក្តៅខ្លាំង និងហួតហែងនៅតែបន្ត អាចបង្កហានិភ័យភ្លើងឆេះព្រៃ និងភ្លើងឆេះដីកសិកម្ម ដែលនាំឱ្យមានផ្សែងអ័ព្ទ ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញណែនាំថា ប្រទេសក្នុងតំបន់នៅតែមានពេលត្រៀមខ្លួនដោយគ្រប់គ្រងទឹក បម្រុងស្បៀង និងជួយកសិករ ប៉ុន្តែព្រមានថា ហានិភ័យកំពុងកើនឡើងជាបន្តបន្ទាប់៕
ដោយ: តែម សុខុម