អ៊ីរ៉ង់ បានប្រកាសថា គ្មានវឌ្ឍនភាពទាល់តែសោះនៅក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារនូវកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយទីក្រុងវ៉ាស៊ីនតោន។ ទីក្រុងតេហេរ៉ង់ បានអះអាងថា អាម៉េរិក បានបំពានការប្តេជ្ញាចិត្តរបស់ខ្លួន រួមទាំងការមិនបានដកការបិទខ្ទប់ផ្លូវចេញចូលកំពង់ផែអ៊ីរ៉ង់ និងការមិនដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកផងដែរ។ ទន្ទឹមនេះទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់អ៊ីរ៉ង់ថា បានបដិសេធមិនបើកច្រកសមុទ្រហ័រមូសឡើងវិញ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាម៉េរិក ពេលនេះ គ្រប់គ្រងបានទាំងស្រុងហើយលើផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលអ៊ីរ៉ង់ ឆ្លើយតបថា ច្រកសមុទ្រហ័រមូសនឹងនៅតែបិទរហូតដល់អាម៉េរិក ព្រមតាមលក្ខខណ្ឌរបស់ខ្លួន។ កិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមិថុនា បានអំពាវនាវឱ្យគូភាគីបញ្ចប់ប្រតិបត្តិការយោធារយៈពេល៦០ថ្ងៃ ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍។ ប៉ុន្តែក្រោយមកលោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងនេះបានឈានដល់ទីបញ្ចប់ហើយ ខណៈដែលអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានផ្អាក។
ដោយសារការចរចាជាប់គាំង ហើយច្រកសមុទ្រ Hormuz នៅតែបិទទ្វារ ឱកាសដែលអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សដ៏ពិតប្រាកដមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានរលាយបាត់ទៅហើយ៕
ដោយ: តែម សុខុម