កិច្ចព្រមព្រៀងសន្តិភាព

តើមានបញ្ហាចម្រូងចម្រាសអ្វីខ្លះធ្វើឱ្យអាម៉េរិក និងអ៊ីរ៉ង់ មិនអាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព?


ទោះបីជាពិភពលោកកំពុងទន្ទឹងរង់ចាំពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ប៉ុន្តែអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដ៏ខ្លីមួយ ដែលភាគីទាំងពីរត្រដរចរចា កំពុងរុញច្រានសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ឱ្យធ្លាក់ចូលទៅក្នុងភាពជាប់គាំង។ មូលហេតុចម្បង គឺដោយសារភាសា និងលំដាប់លំដោយនៃលក្ខខណ្ឌនៅតែស្ថិតក្នុងភាពចម្រូងចម្រាស។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

ជាក់ស្តែងដូចជាចំណុចគន្លឹះថា តើកម្មវិធីបទឈប់បាញ់៦០ថ្ងៃ ដែលចារក្នុង MoU នោះ គ្រាន់តែជាការពង្រីកពេលវេលាបទឈប់បាញ់បណ្តោះអាសន្ន ឬក៏ជាចំណុចចាប់ផ្ដើម នៃការបញ្ចប់សង្គ្រាម? នេះហើយជាល្បិចកលនយោបាយដែលរកចំណុចប្រសព្វមិនទាន់ឃើញ។
ទោះបីជា MOU ខាងលើមានប្រវែងត្រឹមតែ១ទំព័រ និងគ្របដណ្តប់លើចំណុចសង្ខេបប្រហែល១០ចំណុចដូចដែលរបាយការណ៍ជាច្រើនបានលើកឡើងក៏ដោយ ប៉ុន្តែខ្លឹមសារខាងក្នុងមិនងាយស្រួលដូចការគិតនោះឡើយ។ ទីភ្នាក់ងារព័ត៌មាន CNN របស់អាម៉េរិក បានដកស្រង់សម្តីរបស់លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ដែលបានថ្លែងកាលពីថ្ងៃទី២៦ ខែឧសភា ថា អាម៉េរិក និងអ៊ីរ៉ង់ ត្រូវតែមានដំណោះស្រាយការទូតមួយ ដែលច្បាស់លាស់ដាច់ខាតទាំងលើប្រធានបទដែលភាគីទាំងពីរមានឆន្ទៈក្នុងការចរចា និងទាំងលើវិស័យដែលមានឆន្ទៈក្នុងការអនុវត្ត ដើម្បីឱ្យកើតចេញជាផលវិជ្ជមានពិតប្រាកដ។
ជាការកត់សម្គាល់មន្ត្រីអាម៉េរិកម្នាក់បានទម្លាយកាលពីថ្ងៃទី២៨ ខែឧសភា ថា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ហាក់បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយទៅហើយ ដើម្បីប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ ទៅជាការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។ ប៉ុន្តែភ្លើងសន្តិភាពនេះត្រូវបានរលត់ទៅវិញនៅមួយថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាក់លក្ខខណ្ឌជាច្រើនចំណុច ពាក់ព័ន្ធនឹងការបើកច្រកសមុទ្រហ័រម៉ូស ការលុបចោលកម្មវិធីនុយក្លេអ៊ែ និងលក្ខខណ្ឌដោះលែងទ្រព្យសម្បត្តិដែលបង្កកទុក ដែលធ្វើឱ្យទីក្រុងតេអេរ៉ង់ ក្តៅក្រហាយ និងមិនអាចទទួលយកបាន។
លោក ដូណាល់ ត្រាំ បានដាក់គំនាបយ៉ាងធ្ងន់ធ្ងរ ដោយកំណត់ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ផ្អែកលើការទាមទារដាច់ខាតមួយចំនួនរួមមាន ការបើកច្រកសមុទ្រយុទ្ធសាស្ត្រហ័រម៉ូស ត្រូវតែបើកឡើងវិញភ្លាមៗ ដោយគ្មានការបង់ថ្លៃសម្រាប់ការដឹកជញ្ជូនទំនិញ ហើយភាគីអ៊ីរ៉ង់ ត្រូវតែទទួលខុសត្រូវទាំងស្រុងលើការដោះមីនតាមច្រកផ្លូវសមុទ្រនោះចេញឱ្យអស់។ បន្ថែមលើនេះ អ៊ីរ៉ង់ ត្រូវតែព្រមព្រៀងថា ពួកគេនឹងលែងមានអាវុធនុយក្លេអ៊ែតទៅទៀត។ ត្រង់ចំណុចនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកមិនត្រូវការឱ្យអ៊ីរ៉ង់ បញ្ជូនអ៊ុយរ៉ានីញ៉ូម ទៅរក្សាទុកនៅរុស្ស៊ី ឬចិនឡើយ។ បញ្ហានេះ ត្រូវបានលោក អេប្រាហ៊ីម អាហ្ស៊ីហ្ស៊ី (Ebrahim Azizi) ប្រធានគណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ តបតវិញភ្លាមៗកាលពីថ្ងៃ២៩ ខែឧសភា ថា អ៊ីរ៉ង់ ដាច់ខាតគ្មានបំណងផ្ទេរអ៊ុយរ៉ានីញ៉ូមទៅកាន់ប្រទេសទី៣ឡើយ។
ដោយឡែកពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិ២៤ពាន់លានដុល្លារ ខាងភាគីអ៊ីរ៉ង់ បានទាមទារឱ្យមានការដោះលែងទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងធនាគារបរទេស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាម៉េរិក បានប្រាប់ CNN ថា ការដោះលែងទ្រព្យសកម្មទាំងនោះនឹងកើតឡើងលុះត្រាតែច្រកសមុទ្រហ័រម៉ូសត្រូវបានបើកឡើងវិញជាមុនសិន។ ចំពោះរឿងលុយ២៤ពាន់លានដុល្លារនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា នឹងគ្មានការលើកលែងណាមួយទាំងអស់រហូតទាល់តែមានការប្រកាសបន្ថែមជាថ្មី។
ក្រុមអ្នកវិភាគអន្តរជាតិ បានលើកឡើងថា កិច្ចចរចាសន្តិភាពដ៏សំខាន់មួយនេះកំពុងត្រូវបានគ្របដណ្តប់ និងបិទបាំងដោយភ្នំនៃភាពមិនទុកចិត្តគ្នារបស់ភាគីទាំងពីរ។ មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ មិនដែលបញ្ឈប់ការថ្កោលទោសនោះទេ ដោយពួកគេបានលើកឡើងថា ប្រទេសរបស់ខ្លួនត្រូវបានសហរដ្ឋអាម៉េរិក បើកការវាយប្រហារយ៉ាងចំហរដល់ទៅ២លើកក្នុងរយៈពេលត្រឹមតែ១ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យបរិយាកាសនៃការចរចានៅតែបន្តស្ថិតក្នុងភាពស្រពេចស្រពិល និងប្រែប្រួលដូចអាកាសធាតុយ៉ាងដូច្នេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ឥទ្ធិពលពហិការរបស់ពលរដ្ឋខ្មែរទាញទម្លាក់ការលក់របស់ក្រុមហ៊ុន PTT នៅកម្ពុជា ឱ្យដាំក្បាលចុះរហូតដល់៦០%

ក្រុមហ៊ុនថៃ PTT Oil and Retail Business (OR) ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈធំបំផុតរបស់ប្រទេសថៃ ​បាន​ត្អូញត្អែរ​ថា ភាពតានតឹងដែលកំពុងបន្តកើ…

អ្នកជំនាញស្នើឱ្យក្រសួងកសិកម្ម ពន្លឿន​ការអនុវត្តគម្រោងសហគមន៍កសិកម្មទំនើប និងពង្រីកលើមុខដំណាំសក្តានុពលបន្ថែមទៀត

​​ទោះបីគោលនយោបាយសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដើរតួជាកាតាលីករយ៉ាងសំខាន់ក្នុងការលើកកម្ពស់កសិកម្មកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ