គណបក្សភូមិចៃថៃ

គណបក្សភូមិចៃថៃ និងលោក អានុទីន កំពុងបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់


មកដល់ពេលនេះ គណបក្សភូមចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក អានុទីន ឆាន់វីរៈគុល កំពុងប្រឈមមុខនឹងវិបត្តិបាត់បង់ទំនុកចិត្តពីសាធារណជនថៃ យ៉ាងធ្ងន់ធ្ងរបំផុត​។ រឿងអាស្រូវជុំវិញការទិញទឹកចិត្ត និងសន្លឹកឆ្នោតក្នុងការបោះឆ្នោតព្រឹទ្ធសភា អំពើពុករលួយបន្លំឈ្មោះបេក្ខជនក្នុងការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលមូលដ្ឋាន ព្រមទាំងការបរាជ័យលើការដោះស្រាយវិបត្តិសេដ្ឋកិច្ចកំពុងទាញទម្លាក់ប្រជាប្រិយភាព និងសម្ទុះនៃការដឹកនាំក្នុងអាណត្តិទី២របស់លោក អានុទីន ឱ្យដាំក្បាលចុះយ៉ាងគំហុក។
នយោបាយថៃ
ដោយ

រលកព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់កំពុងវាយបំផ្លាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋថៃ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាពរួមរបស់គណបក្សភូមចៃថៃ ដែលទើបតែឈ្នះការបោះឆ្នោតទទួលបានអាសនៈច្រើនជាងគេកាលពីខែកុម្ភៈ។ សារព័ត៌មាន បាងកក ប៉ុស្តិ៍ បានផ្សាយនៅថ្ងៃទី១៣ ខែសីហា ថា ប្រជាជនថៃ ចាប់ផ្ដើមធុញទ្រាន់នឹងរឿងអាស្រូវពុករលួយជាច្រើន ដែលបង្កឡើងដោយក្រុមបក្សពួកលោក អានុទីន ដោយអ្នកសង្កេតការណ៍ជាច្រើនបានពោលពាក្យឌឺដងថា ការដឹកនាំត្រឹមតែ៤ខែរបស់រដ្ឋាភិបាលនេះមានអារម្មណ៍ថា យូរដូច៤ឆ្នាំអ៊ីចឹង។
រឿងអាស្រូវបានចាប់ផ្ដើមចេញពីការដែលលោក អានុទីន ប្រញាប់ប្រញាល់ប្រកាសបិទបញ្ចប់ការស៊ើបអង្កេតលើករណីពុករលួយបន្លំឈ្មោះក្នុងការប្រឡងជ្រើសរើសមន្ត្រីមូលដ្ឋាន ដោយការលុបឈ្មោះ និងដកសិទ្ធិបេក្ខជនចំនួន៥,៩២៤នាក់។ វិធានការនេះមិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើយ ព្រោះមហាជនមើលឃើញថា ជារូបភាពលាក់បាំង និងការពារមេខ្លោងធំដែលនៅពីក្រោយខ្នង។ ស្រដៀងគ្នានេះដែរ ករណីប្រើប្រាស់ថវិកាទិញទឹកចិត្ត និងសន្លឹកឆ្នោតក្នុងការបោះឆ្នោតព្រឹទ្ធសភា ក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនប្រឆាំងអំពើពុករលួយទាមទារឱ្យមានការស៊ើបអង្កេតលើប្រភពលុយ និងវែកមុខមេខ្លោងធំជាបន្ទាន់ ព្រោះប្រសិនបើគ្មានការកាត់ផ្តាច់មេខ្យល់មានឥទ្ធិពលទាំងនោះទេ វដ្តនៃអំពើពុករលួយនឹងមិនអាចលុបបំបាត់ចេញពីសង្គមថៃ បានឡើយ។
លើសពីនេះការគ្រប់គ្រងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងរយៈពេល៤ខែមកនេះលោក អានុទីន បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការកាត់បន្ថយគម្លាតប្រាក់ចំណូល និងបំណុលគ្រួសារ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ បានរិះគន់ថា លោក អានុទីន ផ្តោតតែលើគោលនយោបាយប្រជាប្រិយភាព និងអំណាចរដ្ឋបាល ជាជាងការបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែងដើម្បីដោះស្រាយអតិផរណា និងកាត់បន្ថយបំណុលគ្រួសារដែលកំពុងសង្កត់ធ្ងន់លើពលរដ្ឋថ្នាក់កណ្តាល និងថ្នាក់ទាប។
បន្ថែមលើនេះ បញ្ហាភាពតានតឹងតាមតំបន់ព្រំដែនថៃ-កម្ពុជា ក៏ជាកត្តាជំរុញបន្ថែម ដែលធ្វើឱ្យប្រជាពលរដ្ឋថៃ រស់នៅតាមខេត្តជាប់ព្រំដែនបាត់បង់មុខរបរ និងចំណូលយ៉ាងច្រើន។ កត្តាទាំងនេះហើយ ដែលកំពុងជំរុញឱ្យសាធារណជនថៃ ទូទាំងប្រទេស សម្តែងការខកចិត្ត និងបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កាន់តែខ្លាំងឡើងៗ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រំពឹងប្រមូលចំណូលពន្ធបានលើសផែនការនៅឆ្នាំនេះ ទោះប្រឈមនឹងហានិភ័យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ការប្រមូលចំណូលពន្ធសរុបសម្រាប់ពេញមួយឆ្នាំ២០២៦នេះ នឹងសម្រេចបានលើសផែនការច្បាប់ហិរញ្ញវត្ថុប្រមាណ២…

ពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ារសាត់កាន់តែឆ្ងាយ ក្រោយអ៊ីរ៉ង់ អះអាងថា ការស្ដារកិច្ចព្រមព្រៀងសន្តិភាពជាមួយអាម៉េរិក គ្មានវឌ្ឍនភាព

ប្រទេសអ៊ីរ៉ង់ បាន​ប្រកាសថា គ្មានវឌ្ឍនភាពលើការស្ដារកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាម៉េរិក នោះទេ។ កិច្ចព្រមព្រៀងឈប់បាញ់ខែមិថុនា បានដួលរល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ