យោងតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សណ្តាប់ធ្នាប់អន្តរជាតិ ត្រូវផ្អែកលើគោលការណ៍ច្បាប់ ដែលហាមដាច់ខាតនូវការប្រើប្រាស់កម្លាំងយោធាដើម្បីរំលោភលើបូរណភាពទឹកដី ឬឯករាជ្យភាព នៃរដ្ឋដទៃ លុះត្រាតែមានការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សក្ខីកម្មពីបណ្ដារដ្ឋធំៗ រួមទាំងរដ្ឋជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិផង បានរំលោភបំពានលើគោលការណ៍នេះជាបន្តបន្ទាប់។
ប្រទេសរុស្ស៊ី បានក្លាយជាកត្តាលីករដំបូងគេ ដែលធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកនេះរង្គោះរង្គើខ្លាំង តាមរយៈការវាយលុកចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ បន្ថែមលើនេះ ព្រឹត្តិការណ៍ថ្មីៗបំផុត ដែលពិភពលោកស្រឡាំងកាំង និងកំពុងតាមដាន គឺប្រតិបត្តិការយោធាពិសេសរបស់សហរដ្ឋអាមេរិក ក្រោមបញ្ជាដោយផ្ទាល់របស់លោកប្រធានាធិបតីលោកដូណាល់ ត្រាំ កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៦ ដែលបានចូលទៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយា។ នេះគឺជាទឡ្ហីករណ៍ដ៏រឹងមាំមួយទៀត ដែលបញ្ជាក់ថា ច្បាប់អន្តរជាតិនាពេលនេះ កំពុងត្រូវបាន មហាអំណាច យកជើងកៀរចោល ដៃក្បៀសចេញដោយគ្មានញញើតច្បាប់អន្តជាតិបន្ដិចសោះឡើយ។
ខណៈរុស្ស៊ីកំពុងជាប់ក្នុងបណ្តាញទណ្ឌកម្មសកល ប្រតិបត្តិការរបស់អាមេរិកនៅវេណេស៊ុយអេឡានាពេលថ្មីនេះ ក៏កំពុងរងការរិះគន់យ៉ាងចាស់ដៃ ពីបណ្តាប្រទេសជាច្រើនដូចជា៖ ចិន, កូរ៉េខាងជើង, ឈីលី, កូឡុំប៊ី, ម៉ិកស៊ីកូ, អេស្ប៉ាញ និងអាហ្វ្រិកខាងត្បូងជាដើម។ ទោះជាយ៉ាងណា ការរំពឹងថា នឹងមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអាមេរិកដូចជា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះ វាហាក់ដូចជារឿងដែលមិនអាចទៅរួចឡើយ នៅក្នុងតថភាពនយោបាយដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។
តើនៅក្នុងយុគពិភពលោកកំពុងក្រឡាប់ចាក់ មហាអំណាចយកច្បាប់អន្តរជាតិកៀរនឹងជើងបែបនេះ? តើប្រទេសតូចតាច ដូចកម្ពុជាត្រូវត្រៀមខ្លួនបែបណា ដើម្បី ទប់ទល់នឹងវិបត្តិនេះ?
ផ្អែកលើស្ថានភាពដ៏ស្រួចស្រាវនេះ កម្ពុជាចាំបាច់ត្រូវរៀបចំ "គោលនយោបាយការទូតបត់បែន" ដើម្បីរស់ក្នុងយុគសម័យសកលភាវូបនីយកម្មដែលពោរពេញដោយសម្ពាធ៖
ទី១ ការពង្រឹងផ្ទៃក្នុង៖ កម្ពុជាត្រូវរក្សាស្មារតីសាមគ្គីភាពជាតិ និងឯកភាពជាតិឱ្យបានខ្លាំងក្លា និងត្រូវតែពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ដើម្បីការពារអធិបតេយ្យភាព ដ្បិតថាជាខែលការពារដ៏រឹងមាំបំផុត។ ត្រូវចាំថា ប្រទេសតូច ដែលបែកបាក់ផ្ទៃក្នុង នឹងក្លាយកូនអុករបស់ប្រទេសអំណាចជាន់ឈ្លី និងបញ្ជាបានយ៉ាងងាយ។
ទី២ តុល្យភាពនយោបាយការទូត៖ ក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោក "ប្រេះស្រាំតែមិនទាន់បែក"នាពេលនេះ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវនយោបាយការទូតឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ប៉ុន្តែមានសកម្មភាពយ៉ាងរស់រវើកក្នុងក្របខណ្ឌអាស៊ាន និងវេទិកាពហុភាគីនានា។
ទី៣ យុទ្ធសាស្ត្រមិនងាប់ក្រឡា៖ ការប្រើប្រាស់មធ្យោបាយការទូតដែល "ទន់ភ្លន់តែរឹងមាំ" គឺជាគន្លឹះដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃជម្លោះរបស់ប្រទេសមហាអំណាច។ កម្ពុជាគួរអនុវត្តយុទ្ធសាស្ត្រ "ឫស្សីតាមខ្យល់" (Bamboo Diplomacy)៖ គឺមានន័យថា "ចេះបត់បែនទៅតាមកម្លាំងខ្យល់មហាអំណាច ដើម្បីកុំឱ្យបាក់ ប៉ុន្តែមានឫសយ៉ាងរឹងមាំនៅក្នុងដី"។ ឫសរឹងមាំនោះគឺ សេដ្ឋកិច្ច ការការពារជាតិ និងសាមគ្គីភាពផ្ទៃក្នុង។
ទី៤ ការពង្រឹងនិងពង្រីកគ្រឹះរឹងមាំនៃសេដ្ឋកិច្ច៖ ប្រទេសជាតិខ្លាំង ត្រូវមានសេដ្ឋកិច្ចមួយដែលរឹងមាំ និងឯករាជ្យម្ចាស់ការ។ ក្នុងន័យនេះ កម្ពុជា ត្រូវជំរុញការផលិតក្នុងស្រុកឱ្យអស់លទ្ធភាព ជាពិសេសក្នុងវិស័យកសិកម្ម ដើម្បីធានាបានសន្ដិសុខស្បៀងអាហារ រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ច បើកចំហរទីផ្សារថ្មីៗបន្ថែម ពង្រឹងការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកែច្នៃឱ្យបានខ្លាំងក្លា។
ទី៥ ការកសាងធនធានមនុស្សជំនាន់ឌីជីថល (Digital Human Capital)៖ ពិភពលោកកំពុងផ្លាស់ប្តូរទៅរកយុគសម័យ AI និងបច្ចេកវិទ្យាជាន់ខ្ពស់។ ប្រទេសដែលមានធនធានមនុស្សទន់ខ្សោយ នឹងក្លាយជាជនរងគ្រោះនៃគម្លាតបច្ចេកវិទ្យា។ កម្ពុជាត្រូវបង្កើនការវិនិយោគឱ្យខ្លាំងលើការអប់រំជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដើម្បីឱ្យយុវជនខ្មែរមានសមត្ថភាពអាចប្រកួតប្រជែង និងដោះស្រាយបញ្ហាស្មុគស្មាញក្នុងកម្រិតសកលបាន។ ពិសេសជាងនេះ សន្ដិសុខសាយប័រ និងសង្គ្រាមព័ត៌មាន ក៏ជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។ កម្ពុជា ត្រូវពង្រឹងប្រព័ន្ធការពារទិន្នន័យជាតិ (Data Privacy) និងរៀបចំយន្តការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលអាចបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ឬការបែកបាក់សាមគ្គីភាពផ្ទៃក្នុង។
សរុបជារួម សង្គតិភាព នៃសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា អាស្រ័យទៅលើសមត្ថភាពនៃការមើលឃើញឱ្យឆ្ងាយ និងការត្រៀមលក្ខណៈទុកជាមុននូវរាល់ហានិភ័យ ដែលអាចកើតមានឡើងពីការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយពិភពលោក៕
អត្ថបទដោយ៖ ខេមបូណូមីស