ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងអនុក្រឹត្យមួយ កាលពីទី២០មិថុនា ដែលក្នុង អនុក្រឹត្យនោះនោះ រាជរដ្ឋាភិបាល បានបង្កើត អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ តើអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត នេះនឹងផ្ដល់អត្ថប្រយោជន៍និងសារៈសំខាន់យ៉ាងណាដល់គម្រោងវិនិយោគនៅកម្ពុជា?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។
អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា។
ជុំវិញការបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត នេះត្រូវបានលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការសាទរនិងគាំទ្រយ៉ាងពេញទំហឹង ដោយលោកបានគូសបញ្ជាក់ថា វានឹងកាន់តែបង្កនូវភាពងាយស្រួលដល់អ្នកវិនិយោគផ្ទាល់ ពិសេសនឹងកាន់តែធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ងាយស្រួលក្នុងការទទួលបាននូវឱកាសការងារ ដោយពុំចាំបាច់ចំណាកស្រុកមកភ្នំពេញ ដើម្បីស្វែងរកការងារធ្វើនោះទេ។ ឧកញ៉ា លឹម ហេង បានយល់ឃើញថា អនុក្រឹត្យថ្មីនេះ នឹងជួយឲ្យខេត្តនីមួយៗ ទាក់ទាញវិនិយោគិន ទៅតាមបណ្តាខេត្តរបស់ខ្លួន ដើម្បីបង្ខិតរោងចក្រទៅតាមខេត្តនីមួយៗ ដែលជាការជួយកាត់បន្ថយចំណាកស្រុកពីខេត្តមករាជធានី ឬទៅក្រៅប្រទេស។ ជាមួយគ្នានេះ ក៏នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការប្រមូលទិញវត្ថុធាតុដើម នៅតាមច្រកព្រំដែន ឬប្រមូលទិញវត្ថុធាតុដើមពីក្នុងខេត្តរបស់ខ្លួន ដើម្បីកែច្នៃ និងការនាំចេញ ដែលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ដោយឡែកនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនេះដែរ បានកំណត់ថា គម្រោងវិនិយោគ ដែលមិនឆ្លងការពិនិត្យសម្រេច ក្នុងការចុះបញ្ជីគម្រោងវិនិយោគរបស់ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ហើយត្រូវឆ្លងកាត់យន្ដការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ រួមមាន គម្រោងវិនិយោគដែលមានទុនវិនិយោគ ចាប់ពី៥លានដុល្លារអាមេរិកឡើងទៅ, គម្រោងវិនិយោគដែលមានទីតាំងស្ថិត ក្នុងដែនសមត្ថកិច្ចរបស់រាជធានី-ខេត្ត ចាប់ពី២ឡើងទៅ, គម្រោងវិនិយោគដែលស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគស្ថិតក្រោមច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន, គម្រោងវិនិយោគដែលមានវេទយិតភាពខាងនយោបាយ ឬអាចបង្កគ្រោះថ្នាក់ដល់បរិស្ថាន ឬប៉ះពាល់ដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ការងារអភិរក្ស និងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ជាតិ, គម្រោងវិនិយោគពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិ គម្រោងវិនិយោគពាក់ព័ន្ធវិស័យថាមពល និងគម្រោងវិនិយោគ ដែលស្ថិតនៅក្នុងបញ្ជីអវិជ្ជមាន ដែលនៅជាធរមាន។
សូមបញ្ជាក់ថា នៅរយៈពេល ៥ខែ ដំបូងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៨០គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២ពាន់៨រយលានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រហូតជិត៦ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕