បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភីវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០២២-២០៣៨។ ការរៀបចំគោលនយោបាយនេះមានទិសដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនោះ មានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លី និងលំនៅឋាន និងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។
ក្រៅពីអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ការរៀបចំគោលនយោបាយនេះ ក៏ដើម្បីអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលតាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងមជ្ឈមណ្ឌលកំណើនជាតិជាដើម។ ម្យ៉ាងទៀត គឺដើម្បីរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រៅពីសេចក្តីព្រាងគោលនយោបាយខាងលើ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានអនុម័តលើសេចក្តីព្រាងគោលនយោបាយមួយចំនួនទៀតផងដែរ រួមមានសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងសេចក្តីព្រាងច្បាប់ស្តីពី "ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)៕