លោកអ៊ីស្មែល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដណ្តើមបានការគាំទ្រភាគច្រើននៅក្នុងរដ្ឋសភាជាមួយនឹងសម្លេង គាំទ្រ ១១៤ នៃសមាជិកសភាសរុប ២២៤នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ប៉ុន្ដែ ក្រោយពីមានការគាំទ្រពីរដ្ឋសភាក្នុងសំឡេងភាគច្រើនក៏ពិតមែន ប៉ុន្ដែ លោក អ៊ីស្មែល នៅមិនទាន់ប្រាកដថានឹងអាចក្លាយជាប្រធានាធិបតី ពោលគឺនៅរងចាំការសម្រេចចុងក្រោយមួយទៀតពីព្រះមហាក្សត្រម៉ាឡេស៊ី។
ក្នុងជំហ៊ានបន្ទាប់ ព្រះមហាក្សត្រ អាល់-ស៊ុលតង់អាប់ឌុលឡា ចង់ឱ្យអនាគតនាយករដ្ឋមន្ត្រី ប្រឈមមុខនឹងការបោះឆ្នោតសម្ងាត់ផ្តល់សេចក្តីទុកចិត្តពីសមាជិកសភាទាំងមូលម្ដងទៀត ដើម្បីបង្ហាញថា បេក្ខភាពនាយករដ្ឋមន្ត្រីរូបនោះ មានការគាំទ្រភាគច្រើនពីសភាពិតមែន តាមក្របខណ្ឌច្បាប់។
បន្ទាប់មកទៀត សម្រាប់សមាជិកសភាណាដែលគាំទ្រលោក Yaakob ត្រូវចូលគាល់ព្រះមហាក្សត្រដើម្បីផ្ទៀងផ្ទាត់ការគាំទ្ររបស់ពួកគេជាមួយទ្រង់ដោយផ្ទាល់។ យ៉ាងណាមិញ សមាជិកសភាដែលមានទំនោរប្រឆាំង ហើយដែលភាគច្រើនមានទំនោរគាំទ្របេក្ខភាពផ្សេងទៀត ដូចជាលោក Anwar Ibrahimជាដើម មិនត្រូវបានព្រះមហាក្សត្រកោះអញ្ជើញនោះទេ។
គួរជម្រាបថា ប្រសិនបើលោកត្រូវបានប្រកាសតែងតាំងជាផ្លូវការដោយមហាក្សត្រម៉ាឡេស៊ីពិតមែន វត្តមានរបស់លោក Yaakob នឹងបង្ហាញពីការរិលប្រឡប់មកវិញរបស់គណបក្សអង្គការជាតិម៉ាឡេស៊ី ហៅកាត់ថា UMNO ក្នុងការដឹកនាំក្បាលម៉ាស៊ីនរដ្ឋសហព័ន្ធម៉ាឡេស៊ីឡើងវិញ បន្ទាប់ពីបានចាញ់ឆ្នោតយ៉ាងអាម៉ាស់កាលពី៣ឆ្នាំមុន ដោយសារបញ្ហាពុករលួយ។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ត្រូវបានគេជឿជាក់ថា នឹងត្រូវប្រកាសដោយស្តេចស៊ុលតង់យ៉ាងយូរត្រឹមចុងសប្តាហ៍នេះ៕