តើអ្វីខ្លះទៅជា កត្តាជំរុញឲ្យ IMF នឹងបន្ដទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែទាបសម្រាប់ឆ្នាំនេះ?
ថ្លែងនៅក្នុងកិច្ចប្រជុំ G20 នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី លោកស្រី សីឡា ផាហ្សាបាស៊ីអូហ្គ្លូ (Ceyla Pazarbasioglu) ប្រធានផ្នែកយុទ្ធសាស្ត្រ គោលនយោបាយ និងត្រួតពិនិត្យ របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា បញ្ហាតម្លៃស្បៀងអាហារ និងថាមពលកំពុងកើនឡើងគំហុក, បញ្ហាលំហូរមូលធនយឺតទៅកាន់ប្រទេសមានទីផ្សារកំពុងរីកចម្រើន, បញ្ហាកូវីដ១៩កំពុងបន្ដរាតត្បាត និងដំណើរអូសជើងនៃសេដ្ឋកិច្ចចិន គឺសុទ្ធសឹងតែជាកត្តាប្រឈមធំៗ សម្រាប់ការការលូតលាស់នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ហើយវាក៏ជាបញ្ហាប្រឈមសម្រាប់អ្នករៀបចំគោលនយោបាយនានាផងដែរ។ លោកស្រី សីឡា បន្ថែមថា វាគឺជាកត្តាប្រឈមដ៏អាក្រក់បំផុត ដែលបានកើតមានផ្ទួនៗគ្នា ដែលកំពុងតែប៉ះពាល់ខ្លាំងមែនទែនដល់សេដ្ឋកិច្ចសកលលោក។
ប្រធានផ្នែកយុទ្ធសាស្ត្រ គោលនយោបាយ និងត្រួតពិនិត្យរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះ ក៏បានគូសបញ្ជាក់ផងដែរ អំពីផលលំបាក នៅក្នុងការសម្របសម្រួលឆ្លើយតបទៅនឹងការកើនឡើងនៃអតិផរណា និងក្ដីបារម្ភអំពីការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលលោក។
បើតាមប្រភពពីសារព័ត៌មាន CNBC ដែលបានស្រង់សម្ដីរបស់ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គឺលោកស្រី គ្រីស្ដាលីណា ចចជីវ៉ា បានឲ្យដឹងថា បញ្ហាអតិផរណានេះ ទំនងជានឹងត្រូវបានធ្លាក់ចុះមកវិញនៅឆ្នាំក្រោយ នៅពេលដែលគោនយោបាយដំឡើងអត្រាប្រាក់របស់ធនាគារកណ្ដាលនៃប្រទេសនានា ចាប់ផ្ដើមដំណើរការ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នាពេលកន្លងមក បានទម្លាក់រួចហើយនូវទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលលោកសម្រាប់ឆ្នាំនេះ ពី៤,៤% កាលពីមុនពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន មកនៅត្រឹម៣,៦%ប៉ុណ្ណោះនៅក្នុងរបាយការណ៍កាលពីខែមេសារបស់ខ្លួន។
លោកស្រី សីឡា ផាហ្សាបាស៊ីអូហ្គ្លូ (Ceyla Pazarbasioglu) ប្រធានផ្នែកយុទ្ធសាស្ត្រ គោលនយោបាយ និងត្រួតពិនិត្យ របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសបញ្ជាក់ថា របាយការណ៍ថ្មី ដែលនឹងចេញផ្សាយនៅក្នុងខែនេះ គឺនឹងមានការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលលោកកាន់តែទាបបន្ថែមទៀតផងដែរ។ ប៉ុន្ដែ លោកស្រីមិនបានបញ្ជាក់ថា វានឹងមាននៅក្នុងកម្រិតណានោះទេ។
សូមបញ្ជាក់ថា ធនាគារកណ្តាលនៅជុំវិញពិភពលោក នាពេលនេះ កំពុងពិបាកមែនទែន ក្នុងការស្វែងរកការឆ្លើយតបឲ្យបានត្រឹមត្រូវ ចំពោះការកើនឡើងតម្លៃដែលត្រូវបានជំរុញដោយបញ្ហាផ្នែកផ្គត់ផ្គង់។
មែនទែនទៅ អតិផរណាតម្លៃម្ហូបអាហារពិភពលោកបានស្ថិតក្នុងស្ថានភាពរង្គោះរង្គើរួចទៅហើយ នៅមុនពេលជំងឺរាតត្បាត និងសង្គ្រាម ប៉ុន្ដែ ក្រោយមានព្រឹត្តិការណ៍ទាំងពីរបានកើតឡើង និងកំពុងអូសបន្លាយនោះ វាបានបន្ថែមសម្ពាធកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក។ យោងតាមធនាគារពិភពលោកបានឲ្យដឹងថា តម្លៃអាហារពិភពលោកបានឡើងដល់កម្រិតខ្ពស់គ្រប់ពេលនៅចន្លោះខែមីនាដល់ខែមេសាឆ្នាំនេះ។ សន្ទស្សន៍តម្លៃទំនិញម្ហូបអាហាររបស់ធនាគារពិភពលោកសម្រាប់ខែមីនាដល់ខែមេសាបានកើនឡើង ១៥% ធៀបនឹងខែមករា និងខែកុម្ភៈ ហើយវាមានអត្រាខ្ពស់ជាងដល់ទៅ ៨០% ធៀបនឹងកាលពីជាងពីរឆ្នាំមុន។
អង្គការស្បៀងអាហារ និងកសិកម្ម បានប្រាប់នៅក្នុងកិច្ចប្រជុំ G-20 កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះថា ពលរដ្ឋដែលជួបបញ្ហាកង្វះអាហារូបត្ថម្ភជាសកលនឹងកើនឡើងបន្ថែម ៧លាន៦សែននាក់នៅឆ្នាំនេះ និងកើនឡើងបន្ថែម ១៩ លាននាក់ទៀតនៅឆ្នាំ ២០២៣៕