
ធនាគារក្រុងថៃ (Krungthai) របស់ប្រទេសថៃ ទើបចេញរបាយការណ៍ថ្មីមួយគួរឱ្យភ្ញាក់ផ្អើលថា រំហូរចូលទំនិញមកពីប្រទេសចិន ក្នុងតម្លៃថោកកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាជីវកម្មក្នុងស្រុក ទោះបីជាថៃ មិនទាន់ធ្លាក់ចូលក្នុងវិបត្តិអប្បផរណា ឬតម្លៃទំនិញចុះថោកក៏ដោយ។ ការព្រមាននេះបានធ្វើឡើងនៅពេលប្រទេសថៃ បានកត់ត្រាអតិផរណាអវិជ្ជមានរយៈពេលប្រាំខែជាប់ៗគ្នា។
ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ បានរាយការណ៍ថា អតិផរណានៅក្នុងខែសីហា បានធ្លាក់ចុះជិត១% ហើយត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះថែមទៀតនៅក្នុងខែកញ្ញានេះ។ សម្រាប់រយៈពេល៨ខែដំបូងឆ្នាំនេះ អតិផរណាសរុបបានកើនឡើងត្រឹមតែជិត០,១% ប៉ុណ្ណោះ។
លោក ពួន ផានិចពីប៊ូល (Poon Panichpibool) អ្នកយុទ្ធសាស្រ្តទីផ្សារមូលធននៅធនាគារ Krungthai បានពន្យល់ថា អតិផរណាអវិជ្ជមាន គឺបណ្តាលមកពីកត្តាផ្គត់ផ្គង់ដូចជាការប្រមូលផលបន្លែ និងផ្លែឈើស្រស់ និងតម្លៃស្រូវធ្លាក់ចុះទាប។ លោក ពួន ក៏បានកត់សម្គាល់ដែរថា វិធានការរបស់រដ្ឋាភិបាលក្នុងការសម្រួលការចំណាយលើការរស់នៅដូចជាការឧបត្ថម្ភធនអគ្គិសនីជាដើម គឺជាកត្តាសំខាន់ ហើយថា ប្រទេសនេះមិនបានចូលទៅក្នុងស្ថានភាពអប្បផរណានោះទេ ព្រោះមិនមានការធ្លាក់ចុះតម្លៃយ៉ាងទូលំទូលាយនៅទូទាំងវិស័យទាំងអស់ឡើយ។
ទោះជាយ៉ាងណាលោក ពួន បានព្រមានថា រំហូរចូលដូចទឹកបាក់ទំនប់នូវទំនិញចិន ក្នុងតម្លៃថោកកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើអាជីវកម្មថៃ ដែលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងទាំងក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
ដូច្នេះហើយអ្នកយុទ្ធសាស្ត្ររូបនេះបានជំរុញឱ្យរដ្ឋាភិបាល និងធនាគារកណ្ដាលថៃ ធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយមួយក្នុងការទប់ស្កាត់ផលប៉ះពាល់នៃរំហូរទំនិញចិនបែបនេះទៅលើអាជីវកម្មក្នុងស្រុក៕
ដោយ៖ សុខ មង្គល