នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះបានអះអាងថា យ៉ាងយូរនៅឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅអាចនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើឲ្យការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ក៏ដូចជារួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។ សម្រាប់សម្តេចវាល្មមដល់កម្រិតហើយ ដែលកម្ពុជាត្រូវពង្រីកទំហំអាកាសយានដ្ឋានអន្តរជាតិនៅរាជធានីភ្នំពេញ ដ្បិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកំពុងដំណើរការបច្ចុប្បន្នវាមានទំហំតូចពេក។
យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសម្រេចការសាងសង់បានជាង៥០% ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិនេះ អាចនឹងដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ដែលបានបន្ថែមថា ក្រៅពីអាកាសយានដ្ឋាន ក៏មានការសាងសង់ផ្លូវភ្ជាប់ជាមួយព្រលានមួយចំនួនទៀតផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល ហើយវាក៏ជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ ក្រោយព្រលានយន្តហោះនេះដាក់ឲ្យដំណើរការ អភិបាលខេត្តរូបនេះរំពឹងថា វានឹងរួមចំណែកជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឲ្យមានការកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕