អ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាកើនជាង៥០០%

ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាកើនជាង៥០០% ខណៈជើងហោះហើរកើនជាង១០០% នៅខែមេសា


វិស័យអាកាសចរណ៍បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមក។ ជាក់ស្តែង គ្រាន់តែនៅរយៈពេលមួយខែមេសា ឆ្នាំ២០២២ មានអ្នកដំណើរជាង ១២ម៉ឺននាក់បានធ្វើដំណើរតាមផ្លូវអាកាសចូលកម្ពុជា មានការកើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមអ្នកដំណើរទាំងអស់នោះ ភាគច្រើនមកពីប្រទេសក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ ចំនួនជើងហោះហើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក៏មានការកើនឡើងខ្លាំងដូចគ្នាដែរ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រូបភាព៖ Cambodia Airports
ដោយ

ក្រោយ​រាជរដ្ឋាភិបាល​បើក​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​បន្ធូរបន្ថយ​វិធានការ និង​លើកលែង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ សម្រាប់​អ្នកដំណើរ ចូល​មក​កម្ពុជា យើង​សង្កេត​ឃើញ​ថា ចរន្ត​ភ្ញៀវ​ទេសចរ និង​ដំណើរ ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

បើ​តាម​តួលេខ​ដែល​ផ្តល់​ដោយ​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យរ​ដ្ឋា​លេខាធិការដ្ឋា​ន​អាកាសចរណ៍​ស៊ី​វិល ត្រឹមតែ​មួយ​ខែមេសា ឆ្នាំ​២០២២ មាន​អ្នកដំណើរ​ជាង​១២​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​។ ចំនួន​អ្នកដំណើរ​តាម​ផ្លូវអាកាស​នេះ មានការ​កើនឡើង​ជាង​៥០០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​ចំណោម​អ្នកដំណើរ​ទាំងនេះ​ភាគច្រើន​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​នោះ​វៀតណាម​ឈរ​លំដាប់​លេខ​១ ថៃ​ឈរ​លេខ​២ និង​ចិន​ឈរ​លេខ​៣​។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា​បាន​បន្ថែម​ថា នៅ​ខែមេសា កន្លង​ទៅ​នេះ​កម្ពុជា​ទទួល​បានការ​ហោះហើរ​ជាង ១​ពាន់​៧​រយ​ជើង មានការ​កើនឡើង​ជាង​៩០០​ជើង ឬ​ស្មើនឹង​១១២% បើ​ធៀប​នឹង​ពេញ​១​ឆ្នាំ​២០២១ ដែល​មាន​ត្រឹមតែ​៨០៦​ជើង និង​ស្មើ​១៥% នៃ​ឆ្នាំ​២០១៩ មុន​ពេល​មិន​ទាន់​មានការ​ឆ្លង​រាល​ដាន​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ចំណែក​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស ក៏​បាន​បង្ហាញ​ភាព​វិជ្ជមាន​ឡើង​វិញ​ផង​ដែរ​។ ជាក់ស្តែង​កាលពី​ខែមេសា កន្លង​ទៅ ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​មាន​ជាង​៤​ពាន់​៨​រយ​តោន កើនឡើង​៣៤% បើ​ធៀប​នឹង​ខែមេសា ឆ្នាំ​២០២១ ដែល​មាន​ត្រឹមតែ​ជាង​៣​ពាន់​៦​រយ​តោន​។

គួរ​បញ្ជាក់​ថា ក្រោយ​ពិភពលោក​រួម​ទាំង​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ វិស័យ​អាកាសចរណ៍​កម្ពុជា​បាន​ធ្លាក់​ដុនដាប យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ដំណើរការ និង​មួយ​ចំនួន​ប្រឈម​នឹង​ភាព​ក្ស័យធន​។ ការ​ធ្លាក់​ចុះ​នេះ គឺ​បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន ដែល​មាន​ជើងហោះហើរ​ទៅ​មក​ជាមួយ​កម្ពុជា​បាន​ផ្អាក និង​បិទ​ការ​ហោះហើរ ដោយសារ​ការ​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩​។

ការ​ផ្អាក​ជើងហោះហើរ​នេះ បាន​ទាញ​ទម្លាក់​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​យ៉ាង​គំហុក ដោយ​កាលពី​ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​២០​ម៉ឺន​នាក់ ធ្លាក់​ចុះ​៨៥% ធៀប​នឹង​ឆ្នាំ​២០២០ ខណៈ​ប្រាក់​ចំណូល​ពី​វិស័យ​នេះ ក៏​បាន​ធ្លាក់​ចុះ​ជាង​៨២%​ផង​ដែរ ដោយ​មាន​មក​នៅ​ត្រឹមតែ​ជាង​១៨០​លាន​ដុល្លារ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០២១​។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួងទេសចរណ៍​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំមួយវិនិយោគលើដំណាំស្វាយ៧០លានដុល្លារនៅស្ទឹងត្រែង កំពុងប្រឈមការលំបាកនាំចេញទៅចិន ដោយសារបញ្ហាដឹកជញ្ជូន

ព័ត៌មាន
បញ្ហាកកស្ទះការដឹកជញ្ជូនតម្លៃឡើងថ្លៃខ្ពស់ និងខ្វះខាតទូត្រជាក់សម្រាប់ផ្ទុកផលិតផលនាំចេញ នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ការនាំចេញផលិតផលកសិកម្មរបស…

ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសាធារណៈថាជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ