ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស

ចំនួនជើងហោះហើរកើនឡើង ប៉ុន្ដែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែបន្តធ្លាក់ចុះ មកពីហេតុអ្វី?


ចូលដល់ឆ្នាំ២០២២ យើងសង្កេតឃើញថា វិស័យអាកាសចរណ៍កម្ពុជាហាក់មានភាពល្អប្រឡើងវិញ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ជាពេលដែលមេរោគរាតត្បាតកូវីដ-១៩ កំពុងវាយលុកខ្លាំង។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែកន្លងទៅ កម្ពុជាទទួលបានជើងហោះហើរជាង២ម៉ឺនជើង មានការកើនឡើងជិត២០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណា បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសនៅក្នុងរយៈពេល១០ខែឆ្នាំនេះ នៅតែបន្តធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនជើងហោះហើរកើនឡើង ប៉ុន្ដែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែបន្តធ្លាក់ចុះ មកពីហេតុអ្វី?
ដោយ

ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយការដឹកជញ្ជូនតាមផ្លូវអាកាសហាក់មានការកើនឡើង ខណៈតម្លៃក៏វិលមករកភាពល្អប្រសើរឡើងវិញផងដែរ។

ទោះបីក្នុងរយៈពេល១០ខែឆ្នាំ២០២២ចំនួនជើងហោះហើរចេញចូលកម្ពុជាមានការកើនឡើងយ៉ាងគំហុកក្តី តែស្ថានភាពដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅ១០ខែឆ្នាំនេះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានជាង៤៧ពាន់តោនមានការធ្លាក់ចុះជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានរហូតដល់ជាង៥៨ពាន់តោន។ ដោយឡែក នៅពេញមួយខែតុលា ឆ្នាំ២០២២ មានទំនិញជាង ៤ពាន់១រយតោនត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសធ្លាក់ចុះ៤១% បើធៀបនឹងខែតុលាកាលពីឆ្នាំមុន ដែលមានជាង៧ពាន់១រយតោន។

ជុំវិញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាកត់សម្គាល់ឃើញថា នៅត្រីមាសទី៣ឆ្នាំនេះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានភាពល្អប្រសើរឡើងច្រើន បើធៀបនឹងត្រីមាសទី១ និងទី២។ ទោះយ៉ាងណា អ្នកជំនាញរូបនេះមិនបានបញ្ជាក់លម្អិតពីតួលេខនៃការកើនឡើងនេះនោះទេ។ ពាក់ព័ន្ធតម្លៃដឹកជញ្ជូនតាមផ្លូវអាកាស លោកឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា តម្លៃដឹកជញ្ជូនតាមផ្លូវអាកាសនៅមួយរយៈចុងក្រោយហាក់នៅទ្រឹងពុំមានការធ្លាក់ចុះបន្ថែមនោះទេ ដោយសាររដូវកាលនេះតម្រូវការមានការកើនឡើង។

ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាសង្កេតឃើញថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពុំមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីវិស័យអាកាសចរណ៍បានវិលមករកភាពល្អប្រសើរឡើងវិញក៏ដោយ។ អ្នកជំនាញរូបនេះអះអាងថា កត្តាដែលធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែបង្ហាញសញ្ញាធ្លាក់ចុះ គឺដោយសារតម្រូវការនៃការបញ្ជាទិញមានការធ្លាក់ចុះ និងគួបផ្សំសេដ្ឋកិច្ចពិភពលោករងគំរាមកំហែងពីការកើនឡើងអតិផរណា ដែលភាពច្រើនបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ។

គួរកត់សម្គាល់ផងដែរថា ក្រោយពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍អាចទុកជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំង ពោលគឺវិបត្តិនេះបានធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសធ្លាក់ចុះយ៉ាងគំហុក ក្រោយប្រទេសជាច្រើនបានរឹតបន្តឹងការហោះហើរក្រោមវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ កត្តានេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបង្ខំចិត្តផ្អាកប្រតិបត្តិការរបស់ខ្លួន និងក្រុមហ៊ុនខ្លះជួបវិបត្តិហិរញ្ញវត្ថុ។ ហើយបញ្ហានេះ ក៏បានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ផងដែរ៕




អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញយ៉ាងណា ជុំវិញបញ្ហាប្រឈមរបស់វិស័យ SME បច្ចុប្បន្ន?

អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) អះអាងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់ ជាឆ្អឹងខ្នងនៃសេដ្ឋក…

ប្រទេសអាល្លឺម៉ង់គ្រោងនឹងពង្រឹងច្បាប់មួយចំនួនសម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកខ្លាំងលើប្រទេសចិន

ក្រសួងការបរទេសអាល្លឺម៉ង់គ្រោងនឹងរឹតបន្តឹងច្បាប់សម្រាប់ក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកខ្លាំងទៅលើប្រទេសចិនដោយបានបង្ខំឱ្យពួកគេបង្ហាញព័ត៌មានផ្ទៃក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ