Advertisement
សន្និសីទ​ធុរកិច្ច

បន្ទាប់​ពី​ជោគជ័យ​នា​ឆ្នាំ​មុន អនុស្សា នឹង​រៀបចំ​សន្និសីទ​ធុរកិច្ច​ប្រចាំ​ឆ្នាំ​លើក​ទី២​នៅ​ខែ​ក្រោយ


ប្រសិន​បើ​លោក​អ្នក​ជា​និស្សិត អ្នក​ជំនួញ​ថ្មីថ្មោង ឬ​អ្នក​ស្រលាញ់​ការរកស៊ី​ដែល​មាន​បំណង​ចង់​ចាប់​ផ្ដើម​មុខ​របរ​ផ្ទាល់​ខ្លួន អ្នក​គួរ​ពិចារណា​ចូលរួម​សន្និសីទ​ធុរកិច្ច៖ រៀន​ធ្វើ​ជំនួញ​ នេះ!
វាគ្មិន​សំខាន់ៗ ដែល​នឹង​ចែករំលែក​ពិសោធន៍​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច នា​ខែ​តុលា ឆ្នាំ​២០១៧នេះ។
ដោយ
Advertisement

បន្ទាប់​ពី​រៀបចំ​បាន​ជោគជ័យ​កាល​ពីឆ្នាំ​ទៅមិញ ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍ អនុស្សា នឹង​រៀបចំ​ឲ្យ​មាន​សន្និសីទ​ធុរកិច្ច​៖ រៀន​ធ្វើ​ជំនួញ លើក​ទី២​ នៅ​ចុង​ខែ​តុលា ខាង​មុខនេះ​ទៀត ដោយ​ផ្ដោត​ទៅ​លើ​ប្រធាន​បទសំខាន់៖ «ចាប់​ផ្ដើម​កុំ​ឲ្យ​ក្ស័យ​ធន»។ 

នេះជា​សន្និសីទ​ធុរកិច្ច​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ ដែល​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដែល​ស្រលាញ់​ការរកស៊ី​និង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន និស្សិត និង​អ្នក​ជំនួញ​ថ្មីថ្មោង ចូលរួម​ស្ដាប់​ការចែក​រំលែក​បទពិសោធន៍ពី​អ្នក​រកស៊ី​ដែល​​មាន​ពិសោធន៍ និង​ជោគជ័យ​រួច​ហើយ ព្រមទាំង​សួរ​សំណួរ​ទាក់ទង​នឹង​ការគ្រប់គ្រង​អាជីវកម្ម និង​គន្លឹះ​នានា​ដែល​អាច​នាំ​មក​នូវ​ភាព​ជោគជ័យ​សម្រាប់​អាជីវកម្ម។

សន្និសីទ​ធុរកិច្ច៖ រៀន​ធ្វើ​ជំនួញ កាលពីឆ្នាំ​២០១៦។

សហគ្រិន​វ័យ​ក្មេង លោក សេង ពិសិដ្ឋ អគ្គនាយក​​ក្រុមហ៊ុន​ អនុស្សា ឲ្យ​ដឹង​ថា សន្និសីទ​ធុរកិច្ច​ឆ្នាំ​នេះ​គឺ​ប្លែក​ជាង​កាលពី​ឆ្នាំ​ទៅ​មិញ​បន្តិច ដោយ​កាល​ពី​ឆ្នាំ​មុន សន្និសីទ​ធុរកិច្ច​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជំរុញ​សហគ្រិន​​ភាព ដើម្បី​ឲ្យ​យុវជន​និង​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ការរកស៊ី​ អាច​ចាប់​ផ្ដើម​អាជីវកម្ម​បាន។ ប៉ុន្តែ ឆ្នាំ​នេះ យើង​ផ្ដោត​ទៅ​លើ​ការ​បង្កើន​ជំនាញ​របស់ពួកគាត់ និង​បង្កើន​អត្រា​ជោគជ័យ​ឲ្យ​បាន​ច្រើន​ជាង​មុន ពោល​គឺ​ បង្កើន​ការ​ត្រៀម​លក្ខណៈ ឬ​ការរៀបចំ​ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​មុន និង​បន្ថយ​ហានិភ័យ។ 

លោក ពិសិដ្ឋ ថ្លែង​ថា ៖ «សន្និសីទ​ឆ្នាំ​នេះ យើង​ចង់​ពញ្ញាក់​ស្មារតី​អ្នក​ចូលរួមថា ការរកស៊ី មិន​មែន​ធ្វើ​តាម​តែ​ចិត្ត​នឹក​ឃើញ​ចង់​នោះ​ទេ។ យើងត្រូវ​មាន​ជំនាញ ការត្រៀម​លក្ខណៈ ឬ​រៀបចំ​ខ្លួន​ឲ្យ​រួច​រាល់ និង​ត្រូវ​យល់​​ដឹង​ពី​ចំណុច​មួយ​ចំនួន​ដែលនាំ​ឲ្យ​យើង​បរាជ័យ។ ដូច្នេះ សន្និសីទ​លើក​ទី២​នេះ យើង​ផ្ដោត​លើ​បញ្ហា​អស់ទាំងហ្នឹង»។

សន្និសីទ​ធុរកិច្ច៖ រៀន​ធ្វើ​ជំនួញ កាលពីឆ្នាំ​២០១៦ មានអ្នក​ចូលរួម​ជាង ១ពាន់​នាក់។

អ្នករៀបចំ​សន្និសីទ​រូប​នេះ​ ក៏​បាន​បន្ថែម​ផង​ដែរថា វាគ្មិន​ដែល​សុទ្ធ​សឹង​ជា​អ្នក​រកស៊ី​ដែល​មាន​បទ​ពិសោធន៍​និង​មាន​ជោគជ័យ​ស្រាប់​ហើយ​នោះ នឹង​ចែក​រំលែក​អំពី​ចំណុច​ចន្លោះ​ប្រហោង​សំខាន់ៗ ដែល​អ្នក​ចាប់​ផ្ដើម​រកស៊ី​ដំបូង អាច​នឹង​ធ្លាក់​ចូល​ ហើយ​ឈាន​ទៅរក​បរាជ័យ និង​ប្រាប់​ពី​គន្លឹះ​ដែល​ត្រូវ​ជៀសវាង​ចំណុច​ចន្លោះ​ប្រហោង​ទាំង​នេះ។

ទាក់ទង​នឹង​សន្និសីទ​ធុរកិច្ច​ឆ្នាំ​នេះ​ដែរ គោលបំណង​សំខាន់​មួយ​ទៀត គឺ​ជួយ​ដល់​អ្នក​​ចូលរួម​ក្នុង​ពង្រឹង​មូលដ្ឋាន​ពិចារណា​ទៅ​លើ​ព័ត៌មាន ឬ​គំនិត​អាជីវកម្ម​ដែលពួកគេ​ទទួលបាន​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​ឲ្យ​ពួកគេ​ចេះ​​បែងចែក​ដាច់​ពីគ្នា​រវាង​គំនិត​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​រួចហើយ ដែល​មិន​មាន​ភាព​ប្រាកដ​និយម​ ឬ​ដែល​មិន​អាច​អនុវត្ត​បាន​ក្នុង​បរិបទ​នៃ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។ 

តើ​ហេតុ​អ្វី​បាន​ជា​អ្នក​គួរតែ​ចូលរួម​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច​នេះ?

លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន អនុស្សា។

លោក​ សេង ពិសិដ្ឋ អ្នក​រៀបចំ​សន្និសីទ​ធុរកិច្ច លើក​ឡើង​នូវ​ហេតុ​ផល​ ៣យ៉ាង ដែល​និស្សិត ឬ​អ្នក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​អាជីវកម្ម​ខ្លួន​ឯង គួរតែ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដូច​តទៅ៖ 

  1. ស្ដាប់​អ្នក​ជំនាញ​​ផ្នែក​អាជីវកម្ម​ផ្សេងៗគ្នា ដើម្បី​បាន​ព័ត៌មាន​បន្ថែម ព្រោះ​វា​អាច​ទាក់ទងនឹង​វិស័យ​អាជីវកម្ម​ដែល​ពួកគេ​កំពុង​ធ្វើ។
  2. នឹង​បាន​ស្វែងយល់​អំពី​បទ​ពិសោធន៍ ទាំង​ជោគជ័យ ទាំង​ការលំបាក ពី​អ្នក​ជំនាញ​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​ពី​ ៥ឆ្នាំ ដល់​ ១០ឆ្នាំ ពីព្រោះ​បទពិសោធន៍​ទាំង​នេះ ជា​ព័ត៌មាន​កម្រ ដែល​មិន​អាច​រក​ឃើញនៅ​លើ Google បានទេ។
  3. នឹង​បានស្ដាប់​ការជជែក​គ្នា​រវាង​វាគ្មិន​ដែល​ជា​អ្នក​ជំនាញ​ទាំងនេះ ពីព្រោះ​អ្វីដែល​ពួកគាត់​ជជែក​គ្នា អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ចូលរួម​នឹក​ឃើញ​ដល់​ចំណុច​អ្វី​មួយដែល​ខ្លួន​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក។ 

ជា​សរុបទៅ គឺ​អ្នក​ចូលរួម​នឹងបាន​ស្ដាប់​ និង​រៀនសូត្រ​ពី​អ្នក​រកស៊ី​ដែល​មាន​បទពិសោធន៍​និង​ភាព​ជោគជ័យ​រួច​ហើយ ដែលសុទ្ធ​តែ​ជា​បទ​ពិសោធន៍​ជាក់ស្ដែង មិនមែន​ជាការអាន​ចេញ​ពី​សៀវភៅ ព្រមទាំង​គន្លឹះសំខាន់ៗ​សម្រាប់​ការដោះស្រាយ​​បញ្ហា​ផ្សេងៗ ដែលចេញ​ពី​ការជជែក​គ្នា​នេះ។

គួរ​បញ្ជាក់​ថា សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើកទីពីរ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​តុលា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ក្រោម​ការ​រៀបចំ​ដោយ​ក្រុមហ៊ុន អនុស្សា និង​ឧបត្ថម្ភ​ធំ​ដោយ ​ថ្នាំ​ពណ៌ជាតិ។ 

ព័ត៌មាន​បន្ថែម​អាច​ទទួល​បាន​តាម​ហ្វេសប៊ុក Anussa Event Planner  ឬ ទូរសព្ទលេខ 012 230 140 / 010 911 776. www.businessconference-anussa.com




អត្ថបទបន្ទាប់


ប្រទេស​និង​តំបន់​ទាំង​១០ ដែល​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ

ព័ត៌មាន
ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១៧​នេះ សម្រេច​បាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​​ជា...

អាមេរិក​​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា

ព័ត៌មាន
ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ​​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ថា ខ្លួន​​​នឹង​​ផ្អាក​​ការ​​ចេញ​​ទិដ្ឋាការ​​ដល់​​មន្ត្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ