
បើតាមការជូនដំណឹងរបស់ក្រុមហ៊ុន នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង The Palms នេះ ភ្ញៀវចូលរួមដែលមានវត្តមានចាប់ពីម៉ោង ១២ថ្ងៃត្រង់ទៅ នៅថ្ងៃទី២ ខែឧសភានេះ នឹងទទួលបាននូវកញ្ចប់និងការបញ្ចុះតម្លៃពិសេសជាច្រើន ទាក់ទងនឹងគម្រោង The Palms នេះ។
គួរបញ្ជាក់ថា គម្រោងលំនៅដ្ឋានបែប Resort ប្រណីត The Palms នេះ ជាការវិនិយោគរួមគ្នារវាងលោកឧកញ៉ា សៀ ឫទ្ធី ដែលគេស្គាល់ល្បីល្បាញជាអ្នកអភិវឌ្ឍអគារពាណិជ្ជកម្មនិងលំនៅដ្ឋាន The Bridge និង The Peak នៅកណ្ដាលរាជធានីភ្នំពេញ សហការជាដៃគូជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី ហើយគម្រោងនេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គម្រោងអភិវឌ្ឍន៍ បុរី The Palms នឹងមានការសាងសង់វីឡាកូនកាត់ចំនួន ២០៤វីឡា ជាលក្ខណៈបឹងកាឡូ ១៦វីឡា និងមានកន្លែងចតអូប័រ ជាពិសេស សម្រាប់អ្នកដែលទិញវីឡាបឹងកាឡូ។ ហើយវីឡាទាំងអស់សុទ្ធតែអាចមើលឃើញផ្ទៃទន្លេ ហើយផ្ទះមានជណ្តើរយន្តសម្រាប់មនុស្សចាស់ផងដែរ៕