ធនាគារពិភពលោក (World Bank) បានចេញការព្យាករណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនប្រចាំខែតុលា ដោយបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ពីកំណើន ៤,៥% មកដល់ ៤,៨% នៅក្នុងឆ្នាំ២០២២។ ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី ថ្មីៗនេះ ក៏បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ក្នុងអត្រា ៥,៣%ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញស្របគ្នាចំពោះការព្យាករនេះ និងបានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាននូវកំណើនវិជ្ជមាន ដោយផ្អែកលើសន្ទុះនៃវិស័យឧស្សាហកម្មកម្ពុជា ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងបណ្ដាប្រទេសដៃគូ ដែលបានបង្ហាញពីកំណើនប្រសើរឡើង។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានសន្ទុះនេះ ផ្អែកទៅលើការអភិវឌ្ឍនៃវិស័យឧស្សាហកម្មកម្ពុជា ស្របពេលដែល បច្ចុប្បន្នការនាំចេញ និងការប្រមូលចំណូលពន្ធរបស់កម្ពុជា នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់។ លើសពីនេះ ការងើបឡើងវិញនៃវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វិស័យអចលនទ្រព្យនិងសំណង់ វិស័យឧស្សាហកម្ម និងវិស័យសហគ្រាសធុនតូចនិងមធ្យម សុទ្ធតែជាប្រភពធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ ថែមទាំងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥% នៅឆ្នាំ២០២២នេះ ពិសេសកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ តែម្ដង។
តាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង១៥ពាន់លានដុល្លារ មានការកើនឡើងជាង២៦% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ដោយឡែក ចំពោះការប្រមូលចំណូលពន្ធ អាករគ្រប់ប្រភេទរបស់អគ្គនាយកដ្ឋានពន្ធដារវិញ ដោយយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលថវិកាជាតិ បានសរុបជាង ២ពាន់លានដុល្លារ មានកំណើន ២៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលស្មើនឹងជាង ៨៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ។ ចំពោះគម្រោងវិនិយោគកម្ពុជា នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២នេះវិញ ក៏មានកំណើនគួរឲ្យកត់សម្គាល់ដែរ ដោយក្រុមអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១២៧គម្រោង ដែលមានទំហំទឹកប្រាក់សរុបជាងជាង ៣ពាន់២រយលានដុល្លារអាមេរិក។ ក្នុងនោះ គម្រោងវិនិយោគ មានការកើនឡើងចំនួន ៨គម្រោង ខណៈទំហំវិនិយោគវិញ កើនឡើងជាង ៧លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕