បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល៧សប្តាហ៍ សង្គ្រាមបញ្ឆេះឡើងដោយអាម៉េរិករួមដៃជាមួយអ៊ីស្រាអែល មិនបានចាប់បង្ខំឱ្យអ៊ីរ៉ង់ បំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់ ដែលអាម៉េរិក ទាមទារនៅឡើយទេ មិនតែប៉ុណ្ណោះ វាថែមទាំងបណ្តាលឱ្យប្រេងឥន្ធនៈហក់ឡើងថ្លៃយ៉ាងគំហុកអតិផរណាហក់ឡើងខ្ពស់ និងសម្ពាធកាន់តែខ្លាំងឡើងលើពលរដ្ឋអាម៉េរិកដែលជាអ្នកប្រើប្រាស់។ ការគ្រប់គ្រងរបស់អ៊ីរ៉ង់ លើច្រកសមុទ្រ Hormuz បានធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈពិភពលោក នាំទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ ទោះបីជាអាម៉េរិក មិនពឹងផ្អែកទាំងស្រុងលើច្រកសមុទ្រ Hormuz យ៉ាងណាក៏ដោយ ក៏ផលប៉ះពាល់នៅតែអាចជំរុញឱ្យថ្លៃដើមផលិតនៅអាម៉េរិកកើនឡើង។
ដោយសារប្រឈមសម្ពាធសេដ្ឋកិច្ច និងការធ្លាក់ចុះការគាំទ្រពីសាធារណជនយ៉ាងគំហុកបានជំរុញឱ្យលោក ត្រាំ ពេលនេះកំពុងស្វែងរកដំណោះស្រាយការទូត ដើម្បីសម្រាលស្ថានការណ៍។ ក្រុមអ្នកវិភាគបានលើកឡើងថា ទោះបីជាលោក ត្រាំ មានឆន្ទៈខ្ពស់ក្នុងការប្រើកម្លាំងយោធាក្នុងការបើកច្រកសមុទ្រហ័រម៉ូសក៏ដោយ តែវាក៏អាចធ្វើឱ្យរង្គោះរង្គើ និងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក ផងដែរ។
លើសពីនេះក្រុមអ្នកជំនាញបានព្រមានថា គូប្រជែងធំៗដូចជា ចិន និងរុស្ស៊ី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងចាត់ទុកបញ្ហានេះជាចំណុចខ្សោយយុទ្ធសាស្ត្ររបស់អាម៉េរិក។ ទន្ទឹមនឹងនេះ ក្រុមសម្ពន្ធមិត្តរបស់វ៉ាស៊ីនតោន ក៏ចាប់ផ្ដើមមានមន្ទិលសង្ស័យ និងបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់សហរដ្ឋអាម៉េរិកកាន់តែខ្លាំងឡើងផងដែរ។
សរុបមកសង្គ្រាមអ៊ីរ៉ង់ បានក្លាយជាមេរៀនដ៏ជូរចត់មួយ ដែលបញ្ជាក់ថាសព្វាវុធទំនើបៗមិនមែនជាអាវុធមានប្រសិទ្ធភាពបំផុតជានិច្ចកាលនោះទេប៉ុន្តែគឺស្ថិរភាពសេដ្ឋកិច្ចទៅវិញទេ ដែលជាអ្នកកំណត់ជោគវាសនានយោបាយរបស់លោក ដូណាល់ ត្រាំ នៅក្នុងជម្លោះដ៏ស្មុគស្មាញនេះ៕
ដោយ: តែម សុខុម