ជាក់ស្ដែង ពេលនេះគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះរហូតមកនៅត្រឹមតម្លៃ ៣ពាន់៩រយរៀល ទៅ តម្លៃ៤ពាន់៧រយរៀល ក្នុង១គីឡូក្រាម ទៅតាមគុណភាពគ្រាប់ស្វាយចន្ទី។ នេះបើតាមការអះអាងរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស។
បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានហេតុផលធំៗចំនួន៣ ដែលបានធ្វើឲ្យតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដូចជា អាកាសធាតុប្រែប្រួល, ការប្រើប្រាស់ជីថ្នាំកសិកម្មមិនត្រឹមត្រូវ និងខ្វះរោងចក្រកែច្នៃធ្វើឲ្យឈ្មួញបរទេស ក្រឡុកតម្លៃ ជាដើម។ ដ្បិតថា ក្រុមឈ្មួញនៅតែចុះប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ តែលោក អួន ស៊ីឡុត បានបន្ថែមថា តម្លៃគ្រាប់ចន្ទីទៅតាមតែមាត់ឈ្មួញប៉ុណ្ណោះ។ យ៉ាងណាមិញ មិនមែនតែតម្លៃគ្រាប់ស្វាយចន្ទី នោះទេដែលបង្កជាការព្រួយបារម្ភខ្លាំងដល់ក្រុមកសិករ ប្រធានសមាគមស្វាយចន្ទីបានអះអាងថា រហូតមកពេលនេះ សមាគមបានសន្និដ្ឋានថា បញ្ហាអាកាសធាតុនឹងធ្វើឲ្យទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា ថយចុះពី១០ភាគរយ ទៅ៣០ភាគរយ ដែលវាកាន់តែក្លាយជាបន្ទុកបន្ថែមសម្រាប់កសិករ។
ក្រៅតែពីបញ្ហាអាកាសធាតុ បើតាមលោក អួន ស៊ីឡុត បានឲ្យដឹងទៀតថា កសិករក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនទៀត ដូចជា តម្លៃ ថ្នាំ,ជីកសិកម្ម និងប្រេង ឡើងថ្លៃ ដែលវាអាចនឹងធ្វើឲ្យកសិករប្រឈមការខាតបង់។
លោក វ៉ា រ៉ុតសាន ជាអ្នកម្ចាស់ចម្ការស្វាយចន្ទី ក្នុងខេត្តកំពង់ធំ និងជាអ្នកជំនាញលើការបង្កាត់ពូជ និងដាំដំណាំស្វាយចន្ទីដ៏ល្បីមួយរូបនៅកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភអំពី តម្លៃ និងទិន្នផលស្វាយចន្ទីនាឆ្នាំនេះផងដែរ។ បើតាមលោក រ៉ុតសាន ជាទូទៅអំឡុងខែកុម្ភៈ និងខែមីនា គ្រាប់ស្វាយចន្ទីធម្មតា មានតម្លៃរហូត ៦ពាន់រៀល ទៅ៦ពាន់៥រយរៀល ក្នុង១គីឡូក្រាម ក៏ប៉ុន្តែ ឆ្នាំនេះគ្រាប់ស្វាយចន្ទីបានធ្លាក់រហូតតម្លៃ ៤ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ហើយអាចធ្លាក់ដល់ ៣ពាន់រៀលក្នុង១គីឡូក្រាម ក៏មាន។ អ្នកជំនាញរូបនេះ បានបន្តទៀតថា មិនត្រឹមតែតម្លៃទេ ដែលធ្លាក់ចុះ សូម្បីទិន្នផលស្វាយចន្ទី ក៏ថយចុះដែរ ដោយសារតែមានការរំខានពីអាកាសធាតុ។ ម្យ៉ាងវិញទៀត នារយៈពេលចុងក្រោយនេះ ហាក់មិនសូវឃើញក្រុមឈ្មួញវៀតណាម ចុះប្រមូលទិញគ្រាប់ស្វាយចន្ទី ដូចកាលពីមុននោះទេ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុប ប្រមាណ ៨០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ប្រមាណ ៩៣ម៉ឺនតោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា ប្រទេសវៀតណាម,ចិន,ថៃ,ឥណ្ឌា,ជប៉ុន និងកូរ៉េ ជាដើម។ ក្នុងនោះ ប្រទេសវៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទី ធំជាងគេរបស់កម្ពុជា ខណៈគ្រាប់ស្វាយចន្ទីប្រមាណ៩០ភាគរយទៅហើយបាននាំចេញទៅកាន់ទីផ្សារវៀតណាម៕